អាហ៊្សង់ទីនកំពុងពិចារណា បោះពុម្ពក្រដាសប្រាក់ដែលមានរូប Messi និងក្រុមបាល់ទាត់ជម្រើសជាតិដែលបានឈ្នះពាន World Cup 2022 នៅកាតា
អាហ៊្សង់ទីន៖ ធនាគារកណ្តាលនៃប្រទេសអាហ្ស៊ង់ទីនកំពុងរៀបចំសំណើពិសេសមួយដើម្បីសុំការអនុញ្ញាតពីរដ្ឋាភិបាលអាហ្ស៊ង់ទីនដើម្បីបោះពុម្ពក្រដាសប្រាក់ថ្មីមួយប្រភេទដែលមានរូបកំពូលកីឡាករបាល់ទាត់ Lionel Messi និងក្រុមកីឡាករបាល់ទាត់ជម្រើសជាតិអាហ្ស៊ង់ទីន ដើម្បីអបអរក្នុងឱកាសដែលពួកគេបានទទួលជ័យជំនះក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2022 នៅក្នុងប្រទេសកាសតា។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Daily Mail បានបញ្ជាក់ថា ក្រដាសប្រាក់ដែលអាជ្ញាធរអាហ្ស៊ង់ទីនគ្រោងនឹងបោះពុម្ពថ្មីនោះគឺជាក្រដាស ១,០០០ ប៉េសូ (Pesos) ដែលមានតម្លៃស្មើនឹង ៥ដុល្លាររដ្ឋអាមេរិក។
ប្រភពខាងលើបានបន្តថា ការជ្រើសរើសយកក្រដាសប្រាក់ ១,០០០ប៉េសូ សម្រាប់ធ្វើការបោះពុម្ពថ្មីដោយមានរូបកីឡាករ Lionel Messi ក៏ដោយហេតុថា Lionel Messi គឺជាកីឡាករសំខាន់បំផុតដែលបានជួយឲ្យក្រុមទាំងមូលលេងឈ្នះការប្រកួត ហើយលេខនេះវាស៊ីទៅនឹងលេខអាវរបស់ Lionel Messi ដែលគាត់បានពាក់ក្នុងការប្រកួត ពោលគឺកីឡាកររូបនេះបានពាក់អាវលេខ ១០ ដែលជាលេខសំណាងរបស់គាត់។ គួរបញ្ជាក់ជូនថា ប្រទេសអាហ្សង់ទីនធ្លាប់ទទួលបានជ័យជំនះក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក ២ម្តងរួចមកហើយនាពេលកន្លងមក ហើយបូកទាំងលើកនេះម្តងទៀត គឺអាហ្សង់ទីនបានក្លាយជាម្ចាស់ពានបាល់ទាត់ពិភពលោក ៣សម័យកាល ខណៈប្រទេសប្រេស៊ីលគឺជាប្រទេសធ្លាប់ទទួលបានពាននេះច្រើនជាងគេ ពោលគឺរហូតដល់ ៥សម័យកាល៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

