រហូតមកដល់ពេលនេះ ខេត្តកំពង់ចាមរកឃើញវិជ្ជមានកូវីដសរុប៤០០នាក់, អាជ្ញាធរកំពុងមមាញឹករៀបចំយុទ្ធសាស្ត្រ ក្នុងការគ្រប់គ្រងស្ថានភាព និងទប់ស្កាត់កុំឲ្យមានការឆ្លងរាលដាលកាន់តែខ្លាំង
(កំពង់ចាម)៖ អាជ្ញាធរខេត្តកំពង់ចាម កំពុងមមាញឹកក្នុងការរៀបចំផែនការគ្រប់គ្រងស្ថានភាព ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ខណៈពេលខេត្តមួយនេះ បានរកឃើញអវិជ្ជមានកូវីត១៩ កើនឡើងជាបន្តបន្ទាប់។
ក្នុងកិច្ចប្រជុំបូកសរុបការងាររបស់គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា អាជ្ញាធរខេត្តនៅគ្រប់គ្រងស្ថានភាពបាន ទោះបីជាការឆ្លងរាលដាលជំងឺកូវីដ១៩ កំពុងតែមានការកើនឡើងជាបន្តបន្ទាប់ក៏ដោយ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា មកដល់ពេលនេះស្ថានភាពអ្នកជំងឺកូវីដ១៩ មានការកើនឡើងជាបន្តបន្ទាប់។ អ្វីដែលជាការរំពឹងទុកនោះ ជំងឺកូវីដ១៩នេះ អាចនៅមានឆ្លងរាលដាលបន្តទៀត ចេញពីរោងចក្រមួយ ទៅរោងចក្រមួយទៀត អាចពាក់ព័ន្ធនៅគ្រប់រោងចក្រ ក្នុងខេត្តកំពង់ចាមតែម្ដង ដែលមានចំនួន១៧ រោងចក្រ ជាមួយចំនួនមានកម្មករ-កម្មការិនីសរុបជាង៤ម៉ឺននាក់ ពោលប្រសិនបើមានការឆ្លងរាលដាលត្រឹម ១០% នៃចំនួននោះ ក៏អាចមានកម្មករ-កម្មការិនី ចំនួន ៤ពាន់នាក់ដែរឆ្លងជំងឺកូវីដ១៩នេះ។
លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា បច្ចុប្បន្នមន្ទីរពេទ្យមេគង្គកំពង់ចាម អាចដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ មិនទាន់ពេញនៅឡើយទេ ប៉ុន្តែប្រសិនបើនៅមន្ទីរពេទ្យមេគង្គកំពង់ចាម ដាក់ពេញហើយនោះ អ្នកជំងឺកូវីដ-១៩ នឹងត្រូវរំលែកដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។
លោកអភិបាលខេត្តបានថ្លែងបន្តថា អាជ្ញាធរខេត្ត ក៏បានរៀបចំត្រៀមគ្រូពេទ្យគ្រប់ចំនួន ក្នុងនោះមានក្រុមគ្រូពេទ្យសម្រាប់ចាក់វ៉ាក់សាំង, មានក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម , និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ខៀវ កញារីទ្ធ ក៏បានត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីជួយអន្តរាគមន៍ នៅពេលដែលមានតម្រូវការចាំបាច់ផងដែរ។ ទន្ទឹមនឹងនេះដែរ អាជ្ញាធរខេត្តមានសម្ភារ បរិក្ខាពេទ្យគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់ ដោយមានភាពម្ចាស់ការ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា កិច្ចការបន្តអាជ្ញាធរខេត្ត បានរៀបចំយុទ្ធសាស្ត្រ គ្រប់គ្រងស្ថានភាពកុំឲ្យជំងឺកូវីដ-១៩នេះ ឆ្លងរាលដាលក្នុងទ្រង់ទ្រាយធំ ដោយប្រើប្រាស់វិធានការគ្រប់បែបយ៉ាង ដើម្បីរងចាំវ៉ាក់សាំងមកដល់។
គូររំលឹកថា គិតត្រឹមថ្ងៃទី២០ ខែឧសភាឆ្នាំ ២០២១ ខេត្តកំពង់ចាម បានរកឃើញវិជ្ជមានកូវីដ១៩ ចំនួនសរុប ៤០០នាក់ ក្នុងនោះចំនួន៩៣នាក់ ត្រូវបានរកឃើញក្នុងរយៈពេលតែមួយថ្ងៃគឺថ្ងៃទី២០ ខែឧសភាតែម្តង៕ ផ្តល់សិទ្ធិដោយ៖ freshnews