Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តកំពង់ចាម សម្តែងការសោកស្តាយចំពោះសំណេរ និងការបង្ហោះរូបភាព របស់គណនីហ្វេសបុកមួយដែលលើកឡើងខុសការពិត ចំពោះការប្រយុទ្ធប្រឆាំងកូវីដ

    BY Khmerpress May 22, 2021
    រដ្ឋបាលខេត្តកំពង់ចាម សម្តែងការសោកស្តាយចំពោះសំណេរ និងការបង្ហោះរូបភាព របស់គណនីហ្វេសបុកមួយដែលលើកឡើងខុសការពិត ចំពោះការប្រយុទ្ធប្រឆាំងកូវីដ

    (កំពងចា់ម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន សម្តែងនូវការសោកស្តាយចំពោះសំណេរ និងការបង្ហោះរូបភាពរបស់គណនីហ្វេសបុក ឈ្មោះ «សំអាការ ហុងគីព្រីងជ្រុំ» ដែលគ្មានមូលដ្ឋាន និងប្រភពច្បាស់លាស់ ផ្ទុយស្រឡះពីការពិត និងមិនបានផ្តល់យុត្តិធម៌ ដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន ដែលកំពុងមមាញឹកក្នុងការចាត់វិធានការបន្ទាន់ឆ្លើយតបនឹងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅសហគមន៍។

    រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ម្យ៉ាងទៀតដោយផ្អែកលើចម្លើយរបស់ស្ត្រីរូបនេះ រូបភាពទាំងអស់នេះ គឺគ្មានប្រភពច្បាស់លាស់ និងបានចែករំលែកតៗ គ្នាតែប៉ុណ្ណោះ។

    រដ្ឋបាលខេត្តបានឱ្យដឹងថា «អំពីករណីស្ត្រីម្នាក់ដែលំប្រើប្រាស់គណនីហ្វេសបុក «សំអាងការ ហុងគីព្រីងជ្រុំ» បានសរសេរបង្ហោះក្នុងគណនីហ្វេសបុករបស់ខ្លួនថា «ឃើញរូបនេះហើយអាណិតពួកគាត់ខ្លាំងណាស់ ១៤ថ្ងៃស៊ូៗ ព្រីងជ្រុំ ខ្ញុំអើយ សូមឱ្យសំណាងល្អជៀសំផុតចុះស៊ូៗ ដោយអមជាមួយរូបភាពអ្នកធ្វើចត្តាឡីស័ក ចំនួន០៥សន្លឹក កាលពីថ្ងៃទី២១ ខែឧសភាឆ្នាំ២០២១»។

    ការបង្ហោះរូបភាពនេះ រដ្ឋបាលខេត្ត បានពិនិត្យឃើញមានការយកទៅកែច្នៃបង្ហោះចែកចាយតគ្នាជាច្រើនគណនី Facebook ផ្សេងៗគ្នាដែលទង្វើទាំងនេះ បានធ្វើឱ្យប៉ះពាល់ដល់ការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋានដែលបានខិតខំរៀបចំមណ្ឌលចត្តាឡីស័ក ជូនបងប្អូនកម្មករ-កម្មការិនីឱ្យបានសមរម្យ ហើយរូបភាពដែលឈ្មោះ មាឃ គឺបានបង្ហោះមិនមែនជារូបភាពរបស់បងប្អូនកម្មករ កម្មការិនីនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យស្គន់ ស្រុកជើងព្រៃឡើយ។

    ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលខេត្តកំពង់ចាម «សូមបញ្ជាក់ដល់សាធារណជនដែលនិយមលេងបណ្តាញទំនាក់ទំនងហ្វេសប៊ុកឱ្យបានជ្រាបថា តាមការបញ្ជាក់របស់ស្ត្រីឈ្មោះ មាឃ គឺអាយុ៤០ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិព្រីងជ្រុំ ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលជាម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ «សំអាការ ហុងគីព្រីងជ្រុំ»។ ស្ត្រីរូបនេះ បានបញ្ជាក់ថាខ្លួនពិតជាបានបង្ហោះរូបភាពអ្នកធ្វើចត្តាឡីស័ក និងខ្លឹមសារខាងលើពិតប្រាកដមែន ប៉ុន្តែរូបភាពទាំងអស់នេះ ខ្លួនបានយកពីគណនីហ្វេសប៊ុក ដទៃមកទេ»។

    ដើម្បីជៀសវាងការភាន់ច្រឡំដល់សាធារណជន សូមបងប្អូនអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិតបំពុលសង្គមបន្តទៅទៀត ហើយអាជ្ញាធរមានសមត្ថកិច្ច និងបន្តស្រាវជ្រាវលើជនល្មើសទាំងឡាយណាដែលបន្តសកម្មភាពបែបនេះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

    អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនអ្នកនិយមប្រើប្រាស់បណ្តាញសង្គម និងសាធារណជនទាំងអស់ សូមមេត្តាជ្រាបជាព័ត៌មាន និងសូមកុំមានការយល់ច្រឡំនឹងព័ត៌មានមិនពិត និងគ្មានមូលដ្ឋានច្បាស់លាស់៕ ផ្តល់សិទ្ធិដោយ៖ freshnews

    ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម៖

    Share This Post: