កម្ពុជាដាក់ទិសដៅបង្កើនការនាំចេញក្នុងវិស័យយានយន្តឱ្យបានប្រមាណ ៥០០លានដុល្លារអាមេរិក នៅឆ្នាំ២០២៧
- BY
- Khmerpress
- January 27, 2023

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនទីបង្ហាញផ្លូវ ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក តាមរយៈផែនទីបង្ហាញផ្លូវនេះ រាជរដ្ឋាភិបាលបានដាក់គោលដៅបង្កើនទំហំនាំចេញក្នុងវិស័យយានយន្តឱ្យបានប្រមាណ ៥០០លានដុល្លារអាមេរិក នៅឆ្នាំ២០២៧ និងបង្កើតការងារថ្មីក្នុងវិស័យនេះឱ្យបាន ១ម៉ឺនកន្លែងបន្ថែមទៀត។

យោងតាមផែនទីបង្ហាញផ្លូវ ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បានឱ្យដឹងថា វិស័យយានយន្តនៅកម្ពុជា មានកំណើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការនាំចេញជាមធ្យមប្រចាំឆ្នាំ របស់វិស័យយានយន្តក្នុងអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ មានការកើនឡើងទ្វេដងធៀបនឹងការនាំចេញពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១២ ដោយសារតែទំហំទុនវិនិយោគ ពីបរទេសមានការកើនឡើង។
ចន្លោះពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មី លើវិស័យយានយន្តជាមធ្យមចំនួន ៤គម្រោងក្នុងមួយឆ្នាំ ដែលមានទុនវិនិយោគជាមធ្យមចំនួន ២២លានដុល្លារអាមេរិក ខណៈនៅចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១២ មានទុនវិនិយោគជាមធ្យមត្រឹមតែ ៤លានដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ។ កំណើននៃការវិនិយោគនេះ បានជំរុញឱ្យកម្លាំងពលកម្ម ក្នុងវិស័យយានយន្តកើនឡើងជាមធ្យម ៥០០នាក់ក្នុងមួយឆ្នាំ ដែលមកទល់បច្ចុប្បន្ននេះមានចំនួន សរុបប្រមាណ១ម៉ឺននាក់។
បច្ចុប្បន្នជប៉ុន គឺជាប្រភពទុនវិនិយោគសំខាន់ ក្នុងវិស័យយានយន្តនៅកម្ពុជា ខណៈដែលទីផ្សារនាំចេញសំខាន់ៗ រួមមានប្រទេសថៃ និងប្រទេសជប៉ុន។
តាមរយៈផែនទីបង្ហាញផ្លូវនេះបានឱ្យដឹងផងដែរថា សម្រាប់វិស័យយានយន្ត ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងផ្តោតសំខាន់លើកាលានុវត្តភាព ដែលមានស្រាប់ ដើម្បីពង្រីកការផលិតគ្រឿងបង្គុំយានយន្តសាមញ្ញ បែបអតិពលកម្ម សម្រាប់នាំចេញ ឧទាហរណ៍ដូចជា ខ្សែបង្គុំអគ្គិសនី កៅអី និងគ្រឿងបង្គុំអេឡិចត្រូនិក និងអគ្គិសនីសាមញ្ញ ព្រមជាមួយការបង្កើនការតភ្ជាប់បែបប្រតិគមន៍ សម្រាប់ការដំឡើងទោចក្រយានយន្ត។ ចំពោះគោលដៅមធ្យម កម្ពុជានឹងផ្តោតលើការឈានឡើង ក្នុងខ្សែច្រវាក់តម្លៃទៅកាន់ការផលិតគ្រឿងបង្គុំយានយន្ត ដែលមានភាពស្មុគស្មាញ ព្រមទាំងការរចនា និងការដំឡើងគ្រឿងបង្គុំអេឡិចត្រូនិក ដែលមានតម្លៃបន្ថែមខ្ពស់។ ក្នុងរយៈពេលវែង កម្ពុជាមានបំណងប្រែក្លាយជាមជ្ឈមណ្ឌលប្រមូលផ្តុំ សកម្មភាពផលិតគ្រឿងបង្គុំយានយន្ត ពីកម្រិតទាបដល់កម្រិតមធ្យម សម្រាប់នាំចេញ។
ជាមួយគ្នានេះ កម្ពុជាក៏មានបំណងទាក់ទាញ ក្រុមហ៊ុនផលិតគ្រឿងបង្គុំយានយន្តឈានមុខគេលើពិភពលោក ក្នុងចំនួនច្រើនជាងមុន ហើយអាចនឹងបង្កើតប្រព័ន្ធអេកូឡូស៊ី ដែលមានភាពពេញលក្ខណៈជាងមុន សម្រាប់គាំទ្រក្រុមហ៊ុនផលិតទាំងនោះ ដោយរួមបញ្ចូលអ្នកផ្គត់ផ្គង់ក្នុងស្រុក ពីកម្រិតទាបទៅមធ្យម។
កម្ពុជាអាចប្រើប្រាស់ជាអតិបរមា នូវឧត្តមភាពប្រកួតប្រជែងនាពេលបច្ចុប្បន្ន ដូចជាកម្លាំងពលកម្មដែលប៉ិនប្រសប់ និងមានប្រាក់ឈ្នួលប្រកួតប្រជែង ទីតាំងយុទ្ធសាស្រ្តនៅជិតប្រទេសថៃ និងវៀតណាម ដែលជាមជ្ឈមណ្ឌលផលិត និងដំឡើងយានយន្ត និងបរិក្ខាអេឡិចត្រូនិក កំពុងមានការអភិវឌ្ឍឆាប់រហ័ស និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលមានលក្ខណៈ និងអំណោយផលជាមួយទីផ្សារនាំចេញយានយន្ត ។
ឯកសារផែនទីបង្ហាញផ្លូវនេះបន្ថែមថា «ប្រទេសកម្ពុជាមានទីតាំងស្ថិត នៅត្រង់ចំណុចកណ្តាលនៃតំបន់អាស៊ាន និងមានភាពប្រទាក់ក្រឡាយ៉ាងស៊ីជម្រៅ ទៅក្នុងខ្សែច្រវាក់តម្លៃតំបន់ តាមរយៈរបៀងសេដ្ឋកិច្ចភាគខាងត្បូង នៃមហាអនុតំបន់មេគង្គ។ ជាពិសេសកម្ពុជាស្ថិតនៅជិតមជ្ឈមណ្ឌលប្រមូលផ្តុំ សកម្មភាពផលិតយានយន្តមានចំងាយតិចជាង ៤០០គីឡូម៉ែត្រ ពីមជ្ឈមណ្ឌលផ្តុំសកម្មភាពផលិតយានយន្ត នៅខេត្តរ៉ាយ៉ង ប្រទេសថៃ និងចម្ងាយតិចជាង ១០០គីឡូម៉ែត្រពីទីក្រុងហូជីមិញប្រទេសវៀតណាម។ ការណ៍នេះនឹងធ្វើឱ្យកម្ពុជាក្លាយជាទីតាំងដ៏ល្អបំផុត សម្រាប់រៀងចក្រផលិតកម្ម ដែលផ្គត់ផ្គង់ដល់រោងចក្រផ្គុំដំឡើង យានយន្តនៅប្រទេសថៃ និងវៀតណាម»។
បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះថា ការសម្រេចបាននូវនាំចេញតាមគោលដៅដែលបានកំណត់នេះ អាស្រ័យធនធានមនុស្សរបស់កម្ពុជា និងទីផ្សារនាំចេញ។
លោកពន្យល់ថា ប្រសិនបើការបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កម្ពុជា លើកម្លាំងពលកម្មជំនាញបានល្អប្រសើរ និងមានការចូលរួមពីពលរដ្ឋ ក្នុងការទទួលយកការបណ្តុះបណ្តាលបង្កើតការងារ នោះនឹងជំរុញឱ្យបង្កើនទំហំនាំចេញតាមការរំពឹងទុក។ ចំពោះទីផ្សារនាំចេញរបស់កម្ពុជាវិញ ក៏អាស្រ័យផងដែរ ទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ការប្រកួតប្រជែងជាមួយដៃគូផលិតផ្សេងៗទៀត ឬអាស្រ័យទៅលើក្រុមហ៊ុន ដែលមកវិនិយោគលើឧស្សាហកម្មយានយន្តនៅកម្ពុជា ប្រសិនបើក្រុមហ៊ុននោះជាក្រុមហ៊ុនធំៗ ដូច តូយ៉ូតា និងហ្វត នោះពួកគេនឹងធ្វើការបែងបែកទីផ្សារដោយខ្លួនឯង ហេតុនេះនឹងធ្វើឱ្យកម្ពុជា មិនមានការព្រួយបារម្ភ ចំពោះទីផ្សារនាំចេញឡើយ តែយ៉ាងណាប្រសិនបើក្រុមហ៊ុននោះ ជាក្រុមហ៊ុនតូច នឹងធ្វើឱ្យជួបនូវបញ្ហាទីផ្សារនាំចេញ។
លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បង្កើតមូលនិធិអភិវឌ្ឍន៍ជំនាញ ដោយរដ្ឋ និងសហការជាមួយក្រុមហ៊ុន ដើម្បីបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញ ដល់ឧស្សាហកម្មអេឡិចត្រូនិក និងយានយន្តនៅកម្ពុជា។ តាមរយៈមូលនិធិនេះ រាជរដ្ឋាភិបាលនឹងផ្តល់ថវិកាមួយចំនួន ក្នុងការបណ្តុះបណ្តាលនេះ។
លោកបន្ថែមថា «កញ្ចប់ថវិកាលើកកិច្ចការពង្រឹងជំនាញបច្ចេកទេសនេះ កើនឡើងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែយើងមិនចង់កើនតែលុយទេ យើងចង់ប្រសិទ្ធភាព និងគុណភាពជំនាញ ហើយវាឆ្លើយតបទាំងទីផ្សារ និងជំនាញ»។
សូមជម្រាបថា ក្រុមហ៊ុនដំឡើងរថយន្តមួយចំនួន៧ កំពុងធ្វើប្រតិបត្តិការនៅកម្ពុជារួមមាន ១៖ ក្រុមហ៊ុន DAEHAN Auto (Cambodia) Co., Ltd ដំឡើងរថយន្តម៉ាក Ssangyong, Daehan, Sino ជាដើម, ២៖ ក្រុមហ៊ុន Xuzhou XCMG Auto Manufacturing Co., Ltd ដំឡើងរថយន្តម៉ាក SINOTRUK និងម៉ាកផ្សេងៗ, ៣៖ ក្រុមហ៊ុន Camko Motor Company Ltd ដំឡើងរថយន្តម៉ាក Hyundai, ៤៖ ក្រុមហ៊ុន HGB Motors Assembly Co., Ltd ដំឡើងរថយន្តម៉ាក KIA , ៥៖ ក្រុមហ៊ុន RMA Automotive (Cambodia) Co., Ltd, ៦៖ ក្រុមហ៊ុន E M Automobile Co., Ltd , ៧៖ ក្រុមហ៊ុន K (CAMBODIA) CO., LTD. (ISUZU) ខណៈក្រុមហ៊ុន Toyota កំពុងដំណើការបើករោងចក្រដំឡើងរថយន្ត នៅកម្ពុជាផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews
- Share This Post:
មន្រ្ដីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បន្ដជំរុញលើកទឹកចិត្តដល់វិនិយោគិនចិន មកបណ្តាក់ទុនបន្ថែមទៀត កម្ពុជាធានាបរិយាកាសអំណោយផល
- BY
- Naren
- March 28, 2023

(ភ្នំពេញ)៖ លោក ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបន្ដលើកទឹកចិត្ត និងប្រកាសស្វាគមន៍ជានិច្ច ដល់អ្នកវិនិយោគចិន ឲ្យមកបណ្តាក់ទុននៅកម្ពុជាឲ្យបានច្រើន ជាមួយការវិនិយោគដោយទំនុកចិត្ត។

ការលើកឡើងរបស់លោក ឈួន ដារ៉ា ធ្វើឡើងក្នុងពិធីបើកកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគសហគ្រិនកម្ពុជា-ចិន រៀបចំឡើងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ដោយមានការចូលរួមយ៉ាងច្រើនកុះករ ពីវិនិយោគិនចិន និងកម្ពុជា។
លោកបានថ្លែងថា «សូមប្រកាសស្វាគមន៍ការវិលត្រលប់មកវិញនៃធុរជន និងវិនិយោគិនចិន ឲ្យមកប្រកបអាជីវកម្មនៅកម្ពុជាឱ្យបានច្រើនកុះករ លើសពីអំឡុងពេលមុនមានការផ្ទុះជំងឺកូវីដ-១៩។ នៅកម្ពុជាសូមធានាជូនវិនិយោគិនគ្រប់រូប នូវបរិស្ថានប្រកបដោយភាពអំណោយផល សម្រាប់ការវិនិយោគ ពិសេសគឺកម្ពុជា កំពុងមានសុខសន្តិភាព មានសន្តិសុខល្អ និងស្ថិរភាពនយោបាយ ព្រមទាំងមានលំនឹងម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយ ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ។
លោកបានថ្លែងថា «ខ្ញុំសូមលើកទឹកចិត្តថា សូមស្វែងយល់ធ្វើការរកស៊ីដាក់ទុនវិនិយោគរកស៊ីនៅកម្ពុជា ពិតជាមិនខុសនោះឡើយ ព្រោះកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ ហើយកម្ពុជាស្ថិតក្នុងប្រទេស ដែលទទួលបានការអនុគ្រោះពន្ធផងដែរ»។
លោកបានបន្ថែមថា ក្រៅពីនោះកម្ពុជាមានសក្ដានុពលយ៉ាងខ្លាំង តាមរយៈការដាក់ចេញនូវគោលការណ៍ របស់រាជរដ្ឋាភិបាល ក្នុងការធ្វើកិចសម្រួលពាណិជ្ជកម្ម ដែលធ្វើឲ្យអ្នករកស៊ីមករកស៊ីនៅកម្ពុជាបានស្រួល តាមរយៈការអនុគ្រោះពន្ធសម្រាប់អ្នកវិនិយោគ និងកត្តាបន្ទាប់បន្សំផ្សេៗទៀត។ កម្ពុជាក៏មានប៉ូលសេដ្ឋកិច្ចសំខាន់ៗ សម្រាប់វិនិយោគអាជីវកម្មមានដូចជា ទីក្រុងភ្នំពេញ, ក្រុងព្រះសីហនុ, សៀមរាប និងប៉ូលសំខាន់ៗជាច្រើនទៀត ដែលអំណោយផលលើវិស័យទាំងកសិកម្មផងដែរ។
លោកបានបន្ដថា ទោះបីកម្ពុជាជាប្រទេសតូច ប៉ុន្តែកម្ពុជាមានសេដ្ឋកិច្ចបើកចំហផ្អែកលើប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងសមាហរណកម្មសេដ្ឋកិច្ចតំបន់ កម្ពុជាជាសមាជិកអង្គការពាណិជ្ជកម្មពិភព លោក ជាសមាជិកអាស៊ាន ជាភាគីនៃកិច្ចព្រមព្រៀងអាសិប (RCEP) និងថ្មីៗនេះ ជាភាគីហត្ថលេខីនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ខណៈកម្ពុជាបាននិងកំពុងបន្តពិនិត្យលទ្ធភាព បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយប្រទេសដៃគូផ្សេងទៀត ហើយអាចនឹងបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ជាមួយអេមីរ៉ាត់អារ៉ាប់ក្នុងពេលឆាប់ៗនេះ។
លោកបន្តថា «ខ្ញុំសូមអំពាវនាវ ដល់ពាណិជ្ជករវិនិយោគិនទាំងអស់ ត្រូវសម្រេចចិត្តធ្វើការវិនិយោគឱ្យទាន់ពេល ដើម្បីទទួលយកអត្ថប្រយោជន៍ពីទីផ្សារ ដែលកម្ពុជាទទួលបានពីប្រទេសអភិវឌ្ឍន៍និងកំពុងអភិវឌ្ឍន៍ ក្នុងបរិយាកាសអំណោយផល»។
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិនក្នុងឆ្នាំ២០២១ សម្រេចបានទំហំទឹកប្រាក់ប្រមាណ ១១ ១៩៤ លានដុល្លារអាមេរិក ក្នុងនោះកម្ពុជា នាំចេញទៅប្រទេសចិន បានជាង ១ ៥១០ លានដុល្លារអាមេរិក និងនាំចូលពីប្រទេសចិនមកវិញជាង ៩ ៦៨៤ លានដុល្លារអាមេរិក ជាមួយនឹងកំណើនប្រមាណ ៣៨% បើធៀបនឹងឆ្នាំ២០២០។
បន្ថែមពីនេះទៀត កម្ពុជាបានបន្តធ្វើកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិន លើកិច្ចការជាច្រើនទាក់ទងនឹងពាណិជ្ជកម្មមានដូចជា បានបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជាចំនួន ៩ទីតាំងនៅតាមទីក្រុងធំៗ មួយចំនួននៃប្រទេសចិន ដើម្បីផ្សព្វផ្សាយពីផលិតផលសក្តានុពលកម្ពុជា ផ្សព្វផ្សាយពីវប្បធម៌ ទេសចរណ៍ និងគោលនយោបាយពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជា ព្រមទាំងជំរុញការនាំចេញទៅទីផ្សារចិន៕ ផ្តល់សិទ្ធិដោយ៖ Fresh News
- Share This Post:
កីឡាករអ៊ុយក្រែន Luca ថាស្រលាញ់បងប្អូនខ្មែរ និងប្រទេសកម្ពុជាជាខ្លាំង ថែមទាំងចង់ហ្វឹកហាត់គុនខ្មែរ
- BY
- Naren
- March 28, 2023

(ភ្នំពេញ)៖ កីឡាករអ៊ុយក្រែន Luca ដែលទើបនឹងចាញ់ការប្រកួតជាមួយកីឡាករ ម៉ឺន មេឃា មិនទាន់ចាកចេញពីកម្ពុជាទេ ហើយនៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ ឧកញ៉ា ស្រី ចាន់ថន ក៏បានទទួលជួបជាមួយកីឡាករអ៊ុយក្រែនរូបនេះជាការលើកទឹកចិត្ត។

ឧកញ៉ា ស្រី ចាន់ថន បានឱ្យដឹងថា កីឡាករសញ្ជាតិអ៊ុយក្រែនរូបនេះ ចង់ហាត់ គុនខ្មែរ ហើយក៏ចង់ទៅសិក្សារៀនសូត្រអំពីគុនខ្មែរនៅសៀមរាបផងដែរ។ ដូច្នេះលោករៀបចំដំណើរទស្សនកិច្ចសិក្សាមួយនេះជូន និងបានឧត្ថម្ភជាថវិកាមួយចំនួនផងដែរ។
លោកបានសរសេររៀបរាប់នៅលើបណ្តាញសង្គមថា៖ «ថ្ងៃនេះខ្ញុំបានជួបជាមួយកីឡាករសញ្ជាតិអ៊ុយក្រែននៅការិយាល័យរបស់ខ្ញុំ។ កីឡាករសញ្ជាតិអ៊ុយក្រែនមានទឹកមុខសុភាពរាបសារខ្លាំងណាស់។ បងប្អូនខ្មែរយើងមានការគោរពនិងស្រលាញ់គាត់យ៉ាងខ្លាំង ហើយគាត់បាននិយាយថាគាត់ក៏ស្រលាញ់បងប្អូនខ្មែរ និងប្រទេសកម្ពុជាជាខ្លាំង។ គាត់បាននិយាយថាគាត់ចង់ហាត់គុនខ្មែរ ហើយគាត់ក៏ចង់ទៅសិក្សារៀនសូត្រអំពីគុនខ្មែរនៅសៀមរាបផងដែរ។
ក្រោយពេលខ្ញុំបានឮបែបនេះ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំនឹងរៀបចំដំណើរទស្សនកិច្ចសិក្សាមួយនេះជូនគាត់ និងបានឧត្ថម្ភជាថវិកាមួយចំនួន និងអាវយឺតគុនខ្មែរមួយ ដើម្បីជាការលើកទឹកចិត្ត ។
ខ្ញុំសង្ឃឹមថាអ្វីដែលខ្ញុំខិតខំធ្វើនេះនឹងអាចលើកតម្កើងគុនខ្មែរទៅដល់កម្រិតមួយទៀតនៅពេលអនាគត។ អរគុណបងប្អូនសម្រាប់គាំទ្រគុនខ្មែរ ក៏ដូចជាគាំទ្រខ្ញុំផងដែរ។ ដោយក្តីគោរព និងស្រលាញ់បំផុត ពីខ្ញុំបាទ ស្រី ចាន់ថន»៕
- Share This Post:
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការបកស្រាយបញ្ជាក់ករណីប៉ូលិសចរាចរណ៍ឃាត់រថយន្តមួយគ្រឿងផាកពិន័យ នៅខាងកើតសាលាស្រុកស្អាង
- BY
- Khmerpress
- March 28, 2023

ខេត្តកណ្ដាល៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមបំភ្លឺជូនសាធារណជនទៅនឹងគណនីហ្វេសប៊ុកឈ្មោះ នង សុខហៀង បានបង្ហោះមានខ្លឹមសារថា៖ «សម័យសន្តិភាព គេខ្លាចបំផុតគឺចោរប្លន់តែប៉ុណ្ណោះ តែគួរអោយខ្លាចនោះគឺលោកប៉ូលិសបន្ទាប់ពីលោកចោរ។ »

តាមប្រភពខាងលើ បានបន្តឱ្យដឹងថា៖ «មុនដំបូងហៅឡានខ្ញុំ ខ្ញុំសួរគាត់ថាបងខ្ញុំខុសអីសួរ៥ដងបានលោកប៉ូលិសឆ្លើយថាបងបើកឡានលេងទូរស័ព្ទ។ ខ្ញុំឆ្លើយថាបងឯងមើលខ្ញុំទៅលេងទូរស័ព្ទទេ ទូរស័ព្ទនៅប្រពន្ធខ្ញុំទុកក្នុងកាបូប ។ គាត់អោយខ្ញុំចុះជួបមេគាត់បានដឹង។ ខ្ញុំក៏ចុះទៅជួបមេ ខ្ញុំក៏ថាខ្ញុំខុសអីបងមេថាបងឯងខុសត្រង់លេងទូរស័ព្ទ ខ្ញុំថាខ្ញុំមិនមានទូរស័ព្ទជាប់ខ្លួនទេ។ គាត់ក៏បោះដៃទៅសួរអ្នកអោយការថាខុសអត់ពាក់ខ្សែក្រវ៉ាត់ ខ្ញុំឆ្លើយថាខ្សែក្រវ៉ាត់ខ្ញុំពាក់តាំងពីព្រែកបិមកម្ល៉េះ ខ្ញុំមិនបានដោះទេ។ គាត់ក៏បោះដៃសួរអ្នកអោយការម្តងទៀតគាត់ថាប្រពន្ធខ្ញុំអត់ពាក់ខ្សែក្រវ៉ាត់ម្តងវិញ។ លោកប៉ូលិសសម្តីក្រឡេកក្រឡុចខ្ញុំយកទូរស័ព្ទថតទុកជាភស្តុតាងបើបងឯងម្តងថាខ្ញុំបើកបរលេងទូរស័ព្ទ ម្តងថាអត់ពាក់ខ្សែក្រវ៉ាត់ ម្តងថាប្រពន្ធខ្ញុំចឹង។ ខ្ញុំខឹងពេកសូមធូបអ្នកជិតខាងមកអុជអោយស្បថហើយគាត់នាំគ្នាមកអុកឡុកកន្លែងគាត់ គាត់គំរាមយកឡានខ្ញុំទុកខ្ញុំថាយកដល់ណាក៏បានខ្ញុំមិនខ្លាចទេព្រោះខ្ញុំមិនខុស។ ទីតាំងនៅខាងកើតសាលាស្រុកស្អាងចម្ងាយ២០០ម៉ែត្រ។
ក្រោយពីពិនិត្យឃើញមានករណីនេះកើតឡើង ស្នងការដ្ឋាននគរបាលខេត្ត មានការសោកស្តាយចំពោះការចុះត្រួតពិនិត្យស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក របស់មន្រ្តីនគរបាលចរាចរណ៍ធ្វើឱ្យប៉ះពាល់ដល់អ្នកធ្វើដំណើរតាមដងផ្លូវ។ ស្នងការដ្ឋាននគរបាលខេត្ត សូមការយោគយល់អធ្យាស្រ័យពីសំណាក់ម្ចាស់គណនីហ្វេសប៊ុក និងម្ចាស់រថយន្តខាងលើក៏ដូចជាសាធារណជនដែលប្រើប្រាស់បណ្តាញសង្គម។
ចំពោះមន្រ្តីនគរបាលដែលអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកលើសពីតួនាទីភារកិច្ច ស្នងការដ្ឋាននគរបាលខេត្ត នឹងធ្វើការស្រាវជ្រាវឱ្យបានល្អិតល្អន់ប្រសិនជាពិនិត្យឃើញមានការអនុវត្តខុសតួនាទីភារកិច្ចពិតមែនចាត់វិធានការអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ។
សូមបញ្ជាក់ថា៖ បន្ទាប់ពីមានការប៉ះទង្គិចពាក់សម្តីរវាងសមត្ថកិច្ចនិងអ្នកបើកបររថយន្ត ស្រ្តីដែលជាប្រពន្ធអ្នកបើកបររថយន្តរួមដំណើរជាមួយគ្នា បានទទួលស្គាល់កំហុសថាខ្លួនពិតជាមិនបានពាក់ខ្សែក្រវ៉ាត់ និងសុំទោសសមត្ថកិច្ចដោយផ្ទាល់មាត់។ បន្ទាប់មកសមត្ថកិច្ចបានអប់រំបន្ថែមអនុញ្ញាតឱ្យធ្វើដំណើរបន្តដោយមិនបានផាកពិន័យនោះទេ។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប៕»
- Share This Post: