ឯកឧត្តម ជុំ កុសល សំណូមពរឱ្យបង្វែរជំនួយ ដែលប្រកាសថានឹងជួយដល់កីឡាករកម្ពុជាណាដែលហ៊ានប្រកួតឈ្នះ ប៊ូខាវ មកជាការជួយឧបត្ថម្ភ ក្លឹប ឬសហព័ន្ធគុនខ្មែរ វិញ
ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅថ្ងៃទី០៣ ខែកុម្ភៈនេះ បានបង្ហាញនូវមតិសំណូមពរ ក្រោយពីបានឃើញការប្រកាសផ្តល់រង្វាន់យ៉ាងសន្ធឹកសន្ធាប់លើកទឹកចិត្តជាបន្តបន្ទាប់ដល់កីឡាករគុនខ្មែររូបណា ដែលវាយឈ្នះ ប៊ូខាវ។
ក្នុងនោះរដ្ឋលេខាធិការក្រសួងព័ត៌មានរូបនេះ ក៏បានលើកឡើងថាបើបង្វែរជំនួយ មកជាការជួយឧបត្ថម្ភ ក្លឹប ឬសហព័ន្ធគុនខ្មែរ កាន់តែមានលទ្ធភាពហ្វឹកហាត់បន្ថែមទៀតនោះគឺជាការប្រសើរជាងការឌឺដងដាក់គ្នា។ ឯកឧត្តម បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកយ៉ាងដូច្នេះថា៖ «ជាសំណូមពរ ៖ ខ្ញុំយល់ថាប្រសិនបើបង្វែរជំនួយទាំងឡាយ ដែលប្រកាសថានឹងជួយដល់កីឡាករកម្ពុជាណាដែលហ៊ានប្រកួតឈ្នះ ប៊ូខាវ មកជាការជួយឧបត្ថម្ភគាំទ្រដល់ក្លឹបប្រដាល់ ឬ សហព័ន្ធគុនខ្មែរយើងឱ្យកាន់តែមានលទ្ធភាពហ្វឹកហាត់បន្ថែមទៀតនោះគឺជាការប្រសើរជាងការឌឺដងដាក់គ្នា ដែលជាហេតុនាំទៅដល់ការបង្កើនកំដៅឲ្យកាន់តែក្តៅឡើង អាចនឹងឈានទៅដល់មានជម្លោះជាតិសាសន៍ ព្រោះកាលជាងដប់ឆ្នាំមុនយើងធ្លាប់កើតមានម្តងរួចមកហើយៗក៏គ្មានអីចំណេញមកវិញដែរគឺមានតែការខាតបង់តែប៉ុណ្ណោះ។ អ្វីដែលជារបស់យើងគឺនៅតែជារបស់យើង ព្រោះយើងមានភស្តុតាងប្រវត្តិសាស្ត្ររួចទៅហើយ កត្តាសំខាន់យើងចេះនាំគ្នាការពាររបស់យើងដោយគ្មានការបៀតបៀនដល់អ្នកដទៃ នេះគឺភាពជាថ្លៃថ្នូររបស់យើងក្នុងនាមជាម្ចាស់»។
សូមរំលឹកថាការប្រកាសផ្តល់រង្វាន់ជាបន្តបន្ទាប់ ដល់កីឡាករគុនខ្មែររូបណាដែលវាយឈ្នះ ប៊ូខាវ នេះ បានកើតឡើងក្រោយពេលមានពាក្យឌឺដងចេញពីកីឡាប្រដាល់ជនជាតិកួយ ប៊ូខាវ រូបនេះដែលបាននិយាយក្ដែងៗថា «មិនគួរប្រកែកគ្នាចំពោះបញ្ហានេះទេ គុនខ្មែរត្រឹមលំដាប់អាស៊ាន ចំណែកម៉ឺយថៃលំដាប់អូឡាំពិក លេខ១លើលោក»៕



