សង្គម February 4, 2023

សូមប្រយ័ត្ន! តារាហ្វេសប៊ុកម្នាក់ បង្ហាញពីល្បិចដែលជនខិលខូចបន្លំធ្វើជាក្រុមហ៊ុនផ្តល់សេវាកម្មបម្រើតាមផ្ទះ បោកអស់លុយមិនចេះតិច (មានវីដេអូ)

Naren

បច្ចុប្បន្ន​ការទិញទំនិញ ឬសេវាកម្មនានានៅលើអនឡាញ កំពុង​តែ​មាន​ការ​ពេញ​និយម ដោយសារតែ​​ភាព​ងាយ​ស្រួល​។ យ៉ាងណា ក៏​មាន​​បញ្ហា​កើត​​ឡើង​ដោយមានជនឆបោក ខិលខូចមួយចំនួនធំ បានប្រើប្រាស់ល្បិចជាច្រើន ធ្វើឱ្យអ្នកប្រើប្រាស់​ងាយ​នឹង​ត្រូវ​គេ​បោក​ប្រាស់ ពិសេស​អ្នក​ទិញ​អីវ៉ាន់ ទិញសេវាកម្ម​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​។​

ជាក់ស្តែងថ្មីៗនេះអ្នកផលិតមាតិកានៅលើហ្វេសប៊ុកម្នាក់ ដែលមានឈ្មោះ Eve Tang បានអះអាងថានាងត្រូវបានទំព័រហ្វេសប៊ុកអាជីវកម្មផ្តល់សេវាកម្មបម្រើតាមផ្ទះមួយឈ្មោះ Professional Maid Service បានបោកប្រាស់អស់លុយខ្ទង់ពាន់ដុល្លារ។ តារាហ្វេសប៊ុករូបនេះបានឱ្យដឹងថា ខ្លួនបានឃើញផេកមួយនេះបង្ហោះថាមានសេវាកម្ម ៥ផ្នែក ដោយខ្លួនបានជ្រើសរើស ផ្នែកស្ត្រីមេផ្ទះ (ចុងភៅ) ដោយសារតែខ្លួនចង់បាន ចុងភៅ ជាបន្ទាន់ពេក ក៏សម្រេចចិត្តឆាតសួរនាំអំពីតម្លៃសេវាកម្មមួយនេះ។

តារាហ្វេសប៊ុករូបនេះបានឱ្យដឹងទៀតថាក្រោយពីបានទាក់ទងនិងនិយាយរឿងកុងត្រារួច ខាងជនឆបោក បាននិយាយឱ្យខ្លួនទុកចិត្ត ធ្វើការបែបមានវិជ្ជាជីវៈ ផ្ញើរូបបុគ្គលិក និងអត្តសញ្ញាណប័ណ្ណឱ្យខ្លួនជ្រើសរើស ក្រោយពីបានឆាតទាក់ទងតាមរយៈតេឡេក្រាមរួច ជនឆបោក បានតឿនឱ្យខ្លួនបង់លុយ។ ក្រោយពីបានឮបែបនេះ ខ្លួនក៏មានការសង្ស័យ និងលើកឡើងថា ចុងភៅក៏មិនទាន់បានជួបផ្ទាល់ ហើយទីតាំងក្រុមហ៊ុនក៏មិនទាន់បានទៅស្គាល់ច្បាស់ តើឱ្យបង់លុយមុនបានដូចម្តេច ប៉ុន្តែជនឆបោកនោះ បាននិយាយថាប្រសិនបើមិនបង់មុនទេ ចុងភៅនេះនឹងត្រូវបានទៅលើអតិថិជនផ្សេងទៀត បន្ទាប់ពីបានបង់លុយពេញថ្លៃរួចមក ក៏ទាក់ទងលែងបានតែម្តង។

ក្នុងការចេញវីដេអូនេះផងដែរ តារាហ្វេសប៊ុក Eve Tang លើកឡើងថានេះជាការធ្វេសប្រហែសរបស់ខ្លួនដែលឆាប់ជឿទុកចិត្តគេពេក និងបានចេញវីដេអូដើម្បីឱ្យបងប្អូនទាំងឡាយបង្កើនការប្រុងប្រយ័ត្ន ដោយការស្វែងរកសេវាការទិញតាមអនឡាញ មានសកម្មភាពបោកប្រាស់កើតមានច្រើនណាស់៕ សូមទស្សនាវីដេអូនៅខាងក្រោម៖