សិង្ហបុរីបានអនុម័តជាបណ្ដោះអាសន្នលើឧបករណ៍តេស្ដជំងឺកូវីដ១៩ថ្មីមួយប្រភេទ ដែលធ្វើការតេស្ដដោយប្រើខ្យល់ដង្ហើម និងចេញលទ្ធផលត្រឹមតែ…
អាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាលសិង្ហបុរី (HSA) បានអនុម័តជាបណ្ដោះអាសន្ន ឱ្យមានការប្រើប្រាស់ឧបករណ៍តេស្ដជំងឺ COVID-19 ថ្មីមួយប្រភេទ ដែលប្រើខ្យល់ដង្ហើមសម្រាប់ពិនិត្យមើលវត្តមានរបស់ជំងឺ ខណៈដែលលទ្ធផលនឹងចេញមកត្រឹមរយៈពេល ១ នាទីប៉ុណ្ណោះ។ ឧបករណ៍តេស្តខ្យល់ដង្ហើម BreFence Go COVID-19 ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Breathonix ដែលជាក្រុមហ៊ុនឯករាជ្យមួយ របស់សាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) ហើយវាគឺជាប្រព័ន្ធវិភាគដង្ហើមដំបូងបង្អស់ ដែលទទួលបានការអនុញ្ញាតនៅក្នុងប្រទេសសិង្ហបុរី។
NUS និង Breathonix បាននិយាយថា៖«ពេលនេះ Breathonix កំពុងធ្វើការជាមួយក្រសួងសុខាភិបាលសិង្ហបូរី (MOH) ដើម្បីធ្វើការសាកល្បងនូវបច្ចេកវិទ្យារបស់ពួកគេ នៅឯចំណុចត្រួតពិនិត្យមួយចំនួន ដែលអ្នកធ្វើដំណើរអាចចូលមកពិនិត្យជាមួយប្រព័ន្ធ BreFence Go COVID-19 នេះ»។
ជម្រាបជូនដែរថា ប្រព័ន្ធធ្វើតេស្តដង្ហើមនេះបានឆ្លងកាត់ការសាកល្បងនៅទីតាំងចំនួន ៣ នៅចន្លោះខែមិថុនា ឆ្នាំ២០២០ និងខែមេសាឆ្នាំនេះ។ ការសាកល្បងនេះត្រូវបានធ្វើឡើងនៅឯប្រទេសសិង្ហបុរីផ្ទាល់ នៅមជ្ឈមណ្ឌលជាតិសម្រាប់ជំងឺឆ្លង (NCID) និងអាកាសយានដ្ឋាន Changi ក៏ដូចជានៅទីក្រុងឌូបៃ របស់ប្រទេសអារ៉ាប់រួម ដោយសហការជាមួយអាជ្ញាធរសុខាភិបាលឌូបៃ និងសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រសុខាភិបាល Mohammed Bin Rashid ៕
អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
ប្រភព៖ Khmernote