ហួសចិត្ត! រថយន្តព្រុសមួយគ្រឿង បើកបរបញ្ច្រាសទិសលើផ្លូវល្បឿនលឿន មិនខ្លាចគ្រោះថ្នាក់
ថ្មីៗនេះមានការចែករំលែកនៅបណ្តាញសង្គមបង្ហាញនូវករណី រថយន្តព្រុសមួយគ្រឿង បើកបរបញ្ច្រាសទិសចរាចរណ៍ លើគន្លងវ៉ាជែង ផ្លូវល្បឿនលឿន ដែលធ្វើឱ្យមហាជនជាច្រើនសម្តែងការហួសចិត្តចំពោះការបើកបរដោយមិនគោរពច្បាប់បែបនេះ។
យោងតាមវីដេអូដែលបង្ហោះដោយគណនីហ្វេសប៊ុកឈ្មោះ Yi Vicheka បានបង្ហាញនូវរថយន្តម៉ាក TOYOTA PRIUS ពណ៌ក្រហម ផ្លាកលេខ ភ្នំពេញ 2AX 9217 បានបើកបរបញ្រ្ចាសទិសចរាចរណ៍ ដោយហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយម្ចាសគណនីហ្វេសប៊ុកខាងលើ បានសរសេរសារសំណូមពរថា «ស្នើសុំឱ្យសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់ផង»។ ក្រោយពីវីដេអូមានការចែកចាយ អ្នកលេងបណ្តាញសង្គមជាច្រើន បានសំណូមពរឱ្យសមត្ថកិច្ចកំណត់អត្តសញ្ញាណអ្នកបើកបរ និងកោះហៅមកធ្វើការផាកពិន័យតាមនីតិវិធី។
សូមរំលឹកថាក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅគ្រប់ស្ថានភាពផ្លូវ ជាពិសេសផ្លូវល្បឿនលឿន គឺមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទបើកបរបញ្ច្រាសទិសចរាចរណ៍ឡើយ។ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានរបារខណ្ឌចែកទិសចរាចរណ៍ និងមានគន្លងច្បាស់លាស់ និងមិនអនុញ្ញាតឱ្យមានការឆ្លងកាត់ និងបត់ត្រលប់ក្រោយឡើយ។ ក្នុងករណីបត់ត្រឡប់ក្រោយលើផ្លូវល្បឿនលឿន ដាច់ខាតអ្នកបើកបរត្រូវប្រើប្រាស់ច្រកចេញ-ចូល តាមស្ថានីយទាំង៨ទីតាំង ដើម្បីបត់ត្រឡប់ក្រោយ៕



