សង្គម February 24, 2023

ចែអំបិលម្ទេស លើកដៃសុំទោសមហាជន និងសន្យាថាមិនបង្កើតវីដេអូដែលប៉ះពាល់ដល់មុខមាត់ប្រទេសជាតិទៀត

Naren

ថ្មីៗនេះមានការរិះគន់ជាខ្លាំង ដោយម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ Ms Jin Su ឬ ចែអំបិលម្ទេស ដែលផលិតមាតិកាបរិភោគរបស់ចម្លែកៗ និងឆៅ ដែលវីដេអូនីមួយមានការទស្សនារាប់លានដង។ ជាពិសេសនាពេលថ្មីៗនេះ ម្ចាស់ផេកខាងលើក៏បានធ្វើវីដេអូដែលទទួលទាន ពោះវៀនម៉ូតូនិងដុំឥដ្ឋ ជ្រលក់ជាមួយនិងអំបិលម្ទេស រហូតមានការចុះផ្សាយដល់សារព័ត៌មានប្រទេសថៃ។

ការផលិតមាតិការរបស់ម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ Ms Jin Su ឬ ចែអំបិលម្ទេសធ្វើឱ្យសាធារណជនមិនពេញចិត្តជាខ្លាំង និងទាមទារឱ្យម្ចាស់ផេករូបនេះបញ្ឈប់ជាបន្ទាន់ចំពោះការផលិតវីដេអូបែបនេះក៏ព្រោះតែមានការចុះផ្សាយដល់ប្រទេសក្រៅ និងប៉ះពាល់ខ្លាំងដល់មុខមាត់ប្រទេសជាតិ។

ក្រោយពីរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន ម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ Ms Jin Su ឬ ចែអំបិលម្ទេស កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញវីដេអូ អមជាមួយនឹងសារថា៖ «សូមអភ័យទោសបងប្អូនទាំងអស់គ្នាចំពោះវីឌីអូដែលខ្ញុំធ្វើឡើងដោយអចេតនា សូមមេត្តាអធ្យាស្រ័យផង»។

ម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ Ms Jin Su រូបនេះលើកម្រាមដៃសំពះសុំទោសដល់ថ្នាក់ដឹកនាំ ព្រមទាំងមហាជន ដោយបាននិយាយថាខ្លួនមិនមានចេតនាធ្វើវីដេអូប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ ព្រមទាំងសន្យាថានឹងមិនបង្កើតវីដេអូបែបនេះតទៅទៀត៕