Khmerpress

ស្វែងរក

សង្គម

កីឡាករប្រេស៊ីល Tiago ត្រូវបាន ឧកញ៉ា ស្រី ចាន់ថន ជូនម៉ូតូធំមួយគ្រឿងដើម្បីធ្វើដំណើរហ្វឹកហាត់គុនខ្មែរ នៅកម្ពុជា

BY Khmerpress March 1, 2023
កីឡាករប្រេស៊ីល Tiago ត្រូវបាន ឧកញ៉ា ស្រី ចាន់ថន ជូនម៉ូតូធំមួយគ្រឿងដើម្បីធ្វើដំណើរហ្វឹកហាត់គុនខ្មែរ នៅកម្ពុជា

(ភ្នំពេញ)៖ កីឡាករប្រេស៊ីល Tiago ត្រូវបាន ឧកញ៉ា ស្រី ចាន់ថន ផ្តល់ជូនម៉ូតូមួយគ្រឿងជាមធ្យោបាយធ្វើដំណើរសម្រាប់ការហ្វឹកហាត់គុនខ្មែរនៅកម្ពុជារយៈពេល៣សប្តាហ៍។ ការផ្តល់ជូននូវម៉ូតូសម្រាប់ធ្វើដំណើរនៅកម្ពុជានេះ ត្រូវបានធ្វើឡើងក្នុងពេលជាមួយ ឧកញ៉ា ស្រី ចាន់ថន បានជួបកីឡាករ ព្រំ សំណាង និង Tiago នៅថ្ងៃទី២៨ ខែកុម្ភៈម្សិលមិញនេះ។

ឧកញ៉ា ស្រី ចាន់ថន បានឱ្យដឹងថា លោកមិនបានណាត់ Tiago មកការិយាល័យទេ ប៉ុន្តែដោយបានទទួលដំណឹងថា Tiago ស្វែងរកជួលម៉ូតូ ដើម្បីធ្វើដំណើរទៅហ្វឹកហាត់គុនខ្មែរ លោកក៏បានជូនម៉ូតូមួយគ្រឿងដល់ Tiago ដើម្បីគាត់អាចប្រើប្រាស់ក្នុងការហ្វឹកហាត់និងតម្រូវការប្រចាំថ្ងៃផ្សេងៗ។

យោងតាមការបង្ហោះនៅលើហ្វេសប៊ុកផេក ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់ថា៖ «មិនណាត់គ្នា តែនិស្ស័យ ជួបហើយក៏ជួយជាទឹកចិត្តខ្មែរដោយសារគាត់គោរពស្រលាញ់ជាតិសាសន៍ខ្មែរយើងណាស់ ពិតជាមាននិស្ស័យ! ខ្ញុំមិនបានណាត់ Tiago មកការិយាល័យរបស់ខ្ញុំនោះទេ ប៉ុន្តែចៃដន្យអីគាត់បានឆាតមកលោកគ្រូ សេន ប៊ុនថេន ដើម្បីសួរនាំអំពីការជួលម៉ូតូ ព្រោះគាត់ត្រូវការម៉ូតូមកជិះដើម្បីទៅហ្វឹកហាត់គុនខ្មែរ។ Tiago បាននិយាយថា គាត់ស្រលាញ់ប្រទេសកម្ពុជា ប្រជាជនកម្ពុជា វប្បធម៌ និងគុនខ្មែរជាខ្លាំង។

ដូច្នេះហើយគាត់មកប្រទេសកម្ពុជាចំនួន៣សប្តាហ៍ដើម្បីមករៀនសូត្រពី គុនខ្មែរ របស់យើង។ ដោយខ្ញុំបានលឺថា Tiago ត្រូវការជួលម៉ូតូបែបនេះខ្ញុំក៏បានជូនម៉ូតូមួយគ្រឿងដល់ Tiago ដើម្បីគាត់អាចប្រើប្រាស់ក្នុងការហ្វឹកហាត់និងតម្រូវការប្រចាំថ្ងៃផ្សេងៗ។ អរគុណ Tiago ដែលស្រលាញ់ប្រទេសកម្ពុជា វប្បធម៌ និងកីឡាគុនខ្មែររបស់កម្ពុជា។ ជូនពរ ជោគជ័យនៅក្នុងវិស័យមួយនេះ ខ្ញុំនិងប្រជាជនកម្ពុជាគាំទ្រអ្នកជានិច្ច»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: