សង្គម April 4, 2023

ឧកញ៉ា ស្រី ចាន់ថន បង្ហាញគំរូខ្លះៗនៃក្លឹបគុនខ្មែរជើងឯកពិភពលោក ដែលក្រុមការងារលោកបានធ្វើការរចនា

Naren

ឧកញ៉ា ស្រី ចាន់ថន ថ្មីៗនេះបានបង្ហាញពីការរចនាក្លឹបគុនខ្មែរជើងឯកពិភពលោក ដែលលោកបានឱ្យដឹងថាក្លឹបគុនខ្មែរនេះមានទីតាំងនៅភ្នំពេញ។ តាមរយៈរូបភាពដែលរចនាបែប 3D គេសង្កតឃើញថាការរចនាក្លឹបគុនខ្មែរនេះមានរូបភាពប្រាសាទបាយ័ន និងយ័ន្តបែបខ្មែរ មានភាពទូលាយ ដែលមើលទៅពិតជាសាកសមជា ក្លឹបគុនខ្មែរជើងឯកពិភពលោក។

ឧកញ៉ា ស្រី ចាន់ថន បានឱ្យជម្រាបប្រាប់មហាជនថា៖ «ការរចនាក្លឹបគុនខ្មែរជើងឯកពិភពលោកជិតរួចរាល់មួយរយភាគរយហើយ។ យ៉ាងណាមិញខ្ញុំសូមចែករំលែកកិច្ចការងារខ្លះៗដែលក្រុមការងារបានធ្វើនាពេលកន្លងមកដូចនៅក្នុងរូបខាងក្រោមបងប្អូន»។

លោកបានលើកឡើងថា លោកតែងតែស្រមៃចង់បង្កើតក្លឹបមួយដែលមានស្តង់ដារអន្តរជាតិតាំងពីជិតដប់ឆ្នាំមុនមកម្ល៉េះស្របពេលជាមួយគ្នាមកដល់ពេលនេះក្តីស្រមៃជិតបានសម្រេចហើយ។ ដោយសារតែមានការគាំទ្រពីបងប្អូនទាំងអស់គ្នា ទើបលោកអាចឈានមកដល់ចំណុចនេះបាន។

លោកបន្តថា «ដូច្នេះខ្ញុំសូមលើកម្រាមដៃដប់ដើម្បីអរគុណបងប្អូនខ្មែរគ្រប់រូបពីចម្ងាយ។ ពូជខ្មែរគឺជាពូជអ្នកតស៊ូ អ្នកក្លាហ៊ាន និងជាអ្នកស្នេហាជាតិ ដូច្នេះក្នុងនាមខ្ញុំគឺជាកូនចៅជំនាន់ក្រោយខ្ញុំនឹងខិតខំឲ្យអស់ពីលទ្ធភាពដើម្បីលើកស្ទួយគុនខ្មែរឲ្យល្បីល្បាញពាសពេញសកលលោកនៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ខ្ញុំដឹងថាដំណើរមួយនេះមិនស្រួលនោះទេ ប៉ុន្តែខ្ញុំមានបងប្អូនជាង១៦លានអ្នកនៅពីក្រោយខ្នងរបស់ខ្ញុំ ដូច្នេះខ្ញុំមិនមានការភ័យខ្លាចឬមានការតក់ស្លុតបន្តិចណាឡើយ។ ដោយក្តីគោរព និងស្រលាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន»។

ក្រោយពី ឧកញ៉ា ស្រី ចាន់ថន បានបង្ហាញពីគំរូក្លឹបនេះ មហាជនជាច្រើនបានសម្តែងក្តីរំភើបនឹងចង់ឃើញក្លឹបគុនខ្មែរជើងឯកពិភពលោក សាងសង់លេចចេញជារូបរាង និងដំណើរការឆាប់ៗ។

សូមរំលឹកថាក្លឹប គុនខ្មែរជើងឯកពិភពលោក (Kun Khmer World Champion) នឹងលេចរូបរាងឆាប់ហើយ ហើយមូលហេតុដែលឧកញ៉ា ស្រី ចាន់ថន សម្រេចចិត្តដាក់ឈ្មោះនេះក៏ដោយសារតែចង់ឲ្យកីឡាគុនខ្មែរ ក្លាយទៅជាកីឡាកម្រិតពិភពលោក។ ដោយក្លឹបរបស់លោកនឹងនាំកីឡាករបរទេសជុំវិញពិភពលោកមកប្រកួតនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានាំកីឡាកររបស់ខ្មែរទៅប្រកួតនៅក្រៅប្រទេសផងដែរ៕