រំភើបជំនួស! ឧកញ៉ា ស្រី ចាន់ថន ប្រកាសឧបត្ថម្ភទឹកប្រាក់ចំនួន ៣៥០០ដុល្លារ ជូនដល់កីឡាករប្រដាល់ប្រេស៊ីល Thiago teixeira
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ដែលជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានក្លឹបគុនខ្មែរជើងឯកពិភពលោក មុននេះបន្តិច បានឱ្យដឹងថា ឧកញ៉ា ស្រី ចាន់ថន ប្រកាសឧបត្ថម្ភទឹកប្រាក់ចំនួន ៣៥០០ដុល្លារ ជូនដល់កីឡាករប្រដាល់ប្រេស៊ីល Thiago teixeira ។
នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « ខ្ញុំនឹងឧបត្ថម្ភទឹកប្រាក់ចំនួន ៣៥០០ដុល្លារ ជូនកីឡាករ Thiago។ ខ្ញុំពិតជាមានការសោកស្តាយ និងអាណិតអាសូរយ៉ាងខ្លាំងដែលកីឡាករ Thiago មិនទទួលបានថវិកាសម្រាប់ការប្រកួតចុងក្រោយរបស់គាត់។ មួយរយៈនេះខ្ញុំរងចាំមើលសភាពការខាងភាគីប្រេស៊ីល ដើម្បីជៀសវាងការប៉ះទង្គិចគ្នារវាងបុគ្គលនិងបុគ្គល ក្លឹបនិងក្លឹប សហព័ន្ធនិងសហព័ន្ធប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ។ »
ឧកញ៉ា ស្រី ចាន់ថន បានបន្ថែមថា៖ «បើយោងទៅតាមភ្នាក់ងាររបស់កីឡាករ Thiago គាត់បានបញ្ជាក់ថាកីឡាករ Thiago បានធ្វើតាមល័ក្ខខ័ណ្ឌទាំងអស់ទាំងមុននិងក្រោយពេលប្រកួត។ ពោលគឺគាត់បានគោរពតាមកាតព្វកិច្ចរបស់គាត់ទាំងអស់ក្នុងកិច្ចការងារឡើងប្រកួតមួយនេះ។ ហេតុដូច្នេះហើយពេលនេះ ម៉ោងនេះ វាគឺជាពេលវេលាដែលខ្ញុំត្រូវជួយគាត់នៅចំនួនទឹកប្រាក់ ៣៥០០ដុល្លារ នេះជាដាច់ខាត។ ដោយក្តីគោរព និងស្រលាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន ៕ » ប្រភព៖ ស្រី ចាន់ថន Srey Chanthorn



