ទៀតហើយ! រថយន្តព្រុសមួយគ្រឿង បើកបរបញ្ច្រាសទិសលើផ្លូវល្បឿនលឿន មិនខ្លាចគ្រោះថ្នាក់
ថ្មីៗនេះមានការចែករំលែកនៅបណ្តាញសង្គមបង្ហាញនូវករណី រថយន្តព្រុសមួយគ្រឿង បើកបរបញ្ច្រាសទិសចរាចរណ៍ លើគន្លងវ៉ាជែង ផ្លូវល្បឿនលឿន ដែលធ្វើឱ្យមហាជនជាច្រើនសម្តែងការហួសចិត្តចំពោះការបើកបរដោយមិនគោរពច្បាប់បែបនេះ។
យោងតាមវីដេអូដែលបង្ហោះដោយគណនីហ្វេសប៊ុកឈ្មោះ Leap Love Mean បានបង្ហាញនូវរថយន្តម៉ាក TOYOTA PRIUS មួយគ្រឿងបានបើកបរបញ្រ្ចាសទិសចរាចរណ៍ ដោយម្ចាសគណនីហ្វេសប៊ុកខាងលើ បានសរសេរសារសំណូមពរថា «ខ្ញុំសូមផ្ដាំទៅបងៗដែរជិះលេីផ្លូវល្បឿនលឿនផងដែរថាត្រូវធ្វេីការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតព្រោះកាលពីរសៀលថ្ងៃមិញនេះ ខ្ញុំធ្វេីដំណេីរពីភ្នំពេញទៅខេត្តព្រះសីហនុបានជួបមនុស្សដែលបេីកបរមួយរូបដែលវាភ្លេចយកខួរមកពីផ្ទះទេីបវាបេីកបញ្ច្រាស់ទិសគេឯង។ ហេីយក៏អរគុណដល់ម្ចាស់ឡានធំដែរនៅពីមុខផងដែរពេលហ្នុងបេីគាត់មិនជួយអែបខាងបន្តិចនោះទេមិនថាគ្រួសារខ្ញុំជួបបញ្ហាអ្វីនោះទេ»។
ក្រោយពីវីដេអូមានការចែកចាយ អ្នកលេងបណ្តាញសង្គមជាច្រើន បានសំណូមពរឱ្យសមត្ថកិច្ចកំណត់អត្តសញ្ញាណអ្នកបើកបរ និងកោះហៅមកធ្វើការផាកពិន័យតាមនីតិវិធី៕



