ព័ត៌មានជាតិ May 29, 2021

ខេត្តកំពង់ចាម បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ ចំនួន ១២នាក់បន្ថែមទៀត ជាកម្មកររោងចក្រ ១១នាក់ និងមកពីភ្នំពេញ ១នាក់

Khmerpress

(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់អំពីការរកឃើញ និងបង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន១២នាក់បន្ថែមទៀត ដែលក្នុងនោះភាគច្រើនជាកម្មករ កម្មការិនីរោងចក្រ។

នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ។

អ្នកដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩ ទាំង១២នាក់នេះ មាននៅស្រុកបាធាយ ចំនួន ១១នាក់ និងមកពីរាជធានីភ្នំពេញ ចំនួន១នាក់។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺកូវីដ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ 070 828 788 / 012 736 755។

បន្ថែមពីនេះ រដ្ឋបាលខេត្តកំពង់ចាម ក៏នៅតែអំពាវនាវបន្ដទៀតដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ដអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ចៀសផុតពីជំងឺមហាប្រល័យនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់បាលខេត្តកំពង់ចាម៖