ប្រធានសុខាភិបាលខេត្តស្វាយរៀង អំពាវនាវដល់កម្មករ-កម្មការិនី កុំទៅចម្លងជំងឺកូវីដ១៩ ដល់ក្រុមគ្រួសារ ត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ
(ស្វាយរៀង)៖ លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានថ្លែងអំពាវនាវដល់ប្អូនៗ ក្មួយៗ កម្មករ កម្មការនីរោងចក្រ គួរតែធ្វើចត្តាឡីស័កនៅក្នុងរោងចក្រ មិនគួរកុំទៅចម្លងរោគដល់ប្តីប្រពន្ធកូនឪពុកម្ដាយ បងប្អូនរបស់ខ្លួនទេ។
លោកថា ប្រសិនបើចត្តាឡីស័កនៅក្នុងរោងចក្រ វាពិបាកតែម្នាក់ឯង ប៉ុន្តែបើសិនជាទៅផ្ទះ នឹងអាចចម្លងរោគដល់ច្រើនគ្នា និងអាចមន្ត្រីជំនាញយកទៅចត្តាឡីស័ក អ្នកពាក់ព័ន្ធជាច្រើនអ្នកទៀត ។
ការថ្លែងអំពាវនាវរបស់ លោកបណ្ឌិតបែបនេះ បានធ្វើឡើងក្នុងឱកាសចុះពិនិត្យការងារយកសំណាកលើកទី៣ ដល់កម្មករ កម្មការនីរោងចក្រយូលី១ ក្នុងតំបន់សេដ្ឋកិច្ចពិសេស សានតុង ក្រុងបាវិត នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ នេះ។
លោកបណ្ឌិត កែរ រដ្ឋា បន្តថា ចាប់តាំងពីថ្ងៃទី២១ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារយកសំណាកបានយកសំណាកកម្មករ កម្មការនី ចំនួន ២ ៥១១នាក់ និងបានរកឃើញករណីវិជ្ជមានចំនួន ៣៤៨នាក់។ រោងចក្រចំនួន ៧ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានតុង ដែលបានយកសំណាក មានរោងចក្រ យូលី១ រោងចក្រ ប៊្យូលធីហ្វូលវីនដូ និងរោងចក្រ អូខ្លូត តំបន់សេដ្ឋកិច្ចពិសេស មេនហាធិន មានរោងចក្រ សាន់ ហ្វេង រោងចក្រ មូរ៉ូហ្វូជី និងរោងចក្រ យូធីឡាយ ហើយនិងតំបន់សេដ្ឋកិច្ចពិសេស តាយសេង មានរោងចក្រ អេអិនជេ។ ចំពោះប្រភពចម្លងមានការពិបាកសន្និដ្ឋាន ដោយសារករណីខ្លះ ប្តីប្រពន្ធធ្វើការរោងចក្រផ្សេងគ្នា បើមានវិជ្ជមាននឹងចម្លងគ្នា ហើយចម្លងទៅរោងចក្រផ្សេងទៀត ប៉ុន្តែមានរោងចក្រខ្លះ ថៅកែរោងចក្រអនុវត្តវិធានសុខាភិបាលត្រឹមត្រូវ ឃើញថាពុំមានការចម្លងទេ ។
លោកបណ្ឌិត បានថ្លែងនូវកោតសរសើរដល់ប្អូនៗ ក្មួយៗ កម្មករ កម្មការនី មួយចំនួនដែលស្នើសុំធ្វើចត្តាឡីស័ក នៅក្នុងរោងចក្រ ដោយសារពួកគាត់យល់ដឹង ពុំចង់ចម្លងរោគដល់ក្រុមគ្រួសាររបស់ពួកគាត់ ហើយពួកគាត់បានបញ្ជាក់ថា នៅក្នុងរោងចក្រ ត្រូវបានថៅកែរោងចក្រគិតគូរតាំងពីការហូបចុក និងកន្លែងស្នាក់នៅ និងមិនមានការកាត់ប្រាក់ខែទៀតផង។
លោកបណ្ឌិត កែរ រដ្ឋា ពាំនាំនូវពាក្យផ្តាំផ្ញើពីសំណាក់លោកស្រីកិត្តិសង្កហបណ្ឌិត ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តស្វាយរៀង និងលោក ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត សូមកម្មករ កម្មការនី រោងចក្រ គោរពឱ្យបាននូវវិធានការចត្តាឡីស័កដែលក្រសួងសុខាភិបាលដាក់ចេញ ជាពិសេសវិធានការ ៣កុំ ៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន ។
លោកបណ្ឌិតបានឲ្យដឹងទៀតថា រហូតដល់ថ្ងែនេះ នៅខេត្តស្វាយរៀង មានអ្នកជំងឺកូវីដ-១៩ ចំនួនសរុប ៨២០នាក់ ស្រី៤៧៧នាក់ (ជនជាតិខ្មែរ ៧៨២នាក់, ជនជាតិបរទេស ៣៨នាក់) ចំនួនអ្នកជំងឺជាសះស្បើយសរុប ៣៧៨នាក់ ស្រី១៥៤នាក់ អ្នកជំងឺស្លាប់០៥នាក់ ជាជនជាតិខ្មែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews