អបអរសាទរ! កីឡាករ ម៉ានូអែល ទទួលបានសញ្ជាតិខ្មែរ ព្រមទាំងបានក្លាយជាសមាជិករបស់ក្លិបគុនខ្មែរជើងឯកពិភពលោក
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានប្រោសព្រះរាជទានសញ្ជាតិខ្មែរ ដោយអាពាហ៍ពិពាហ៍ដល់កីឡាករប្រដាល់ ម៉ូណុនយ៉េ អេម៉ាញូអែល អុនយ៉េឌីកាឈី ជនជាតិនីហ្សេរីយ៉ា នេះបើយោងតាមព្រះរាជក្រឹត្យនៅថ្ងៃទី២៦ ខែឧសភា។ ការផ្ដល់សញ្ជាតិខ្មែរ ដោយអាពាហ៍ពិពាហ៍នេះ ធ្វើឡើងតាមសំណើរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្នុងនោះ ឧកញ៉ា ស្រី ចាន់ថន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កីឡាករប្រដាល់ ម៉ូណុនយ៉េ អេម៉ាញូអែល អុនយ៉េឌីកាឈី ជនជាតិនីហ្សេរីយ៉ា រូបនេះក៏បានក្លាយជាសមាជិកថ្មីម្នាក់ទៀតរបស់ក្លិបគុនខ្មែរជើងឯកពិភពលោក។
តាមរយៈការបង្ហោះនៅលើហ្វេសប៊ុកផេក ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់ថាៈ «ជម្រាបសួរបងប្អូនជនរួមជាតិជាទីគោរព! ថ្ងៃនេះយើងខ្ញុំបានទទួលសមាជិកថ្មីម្នាក់ទៀតហើយចូលក្លិបគុនខ្មែរជើងឯកពិភពលោក របស់យើង គឺកីឡាករ ម៉ានូអែល និងដំណឹងល្អមួយទៀតគឺគាត់ទទួលបានសញ្ជាតិខ្មែរហើយបងប្អូន។ ឆ្លៀតឱកាសនេះ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតអស់ពីដួងចិត្តជូនចំពោះសម្ដេចពុក ដែលតែងតែជួយកីឡាករគុនខ្មែរ និងកីឡាផ្សេងៗទៀតទើបយើងមានថ្ងៃនេះ។
គុនខ្មែររបស់យើងកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃដូចបច្ចុប្បន្ន ដោយសារមានការចូលរួមលើកស្ទួយ គាំទ្រពីសំណាក់បងប្អូនទាំងអស់គ្នា ខ្ញុំនឹងប្រឹងប្រែងបន្តទៀតដើម្បីឱ្យគុនខ្មែរកាន់តែល្បីសុសសាយលើឆាកអន្តរជាតិ។ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរគាំទ្រខ្មែរ ខ្មែរលើកស្ទួយខ្មែរ ខ្មែរអាចធ្វើបាន»៕




