Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ទំហំពាណិជ្ជកម្មកម្ពុជាជាមួយអន្តរជាតិ សម្រេចបានទឹកប្រាក់ជាង ១៩ពាន់លានដុល្លារ ធ្លាក់ចុះ១៤% នៅ៥ខែដំបូង

    BY Naren June 13, 2023
    ទំហំពាណិជ្ជកម្មកម្ពុជាជាមួយអន្តរជាតិ សម្រេចបានទឹកប្រាក់ជាង ១៩ពាន់លានដុល្លារ ធ្លាក់ចុះ១៤% នៅ៥ខែដំបូង

    (ភ្នំពេញ)៖ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយអន្ដរជាតិ នៅរយៈពេល ៥ខែដើម ឆ្នាំ២០២៣នេះ សម្រេចបានចំនួន ១៩ ២៩២លានដុល្លារ ធ្លាក់ចុះ១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ដែលមានទឹកប្រាក់ ២២ ៤៨៩លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

    យោងតាមរបាយការណ៍បានបញ្ជាក់ថា «ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣ ការនាំចេញ-នាំចូលទំនិញរបស់កម្ពុជា មានទឹកប្រាក់ ​១៩ ២៩២លានដុល្លារ ក្នុងនោះកម្ពុជាបាននាំចេញទំនិញមានចំនួន ៩ ១៨៣លានដុល្លារ ធ្លាក់ចុះ២.៤ភាគរយ ចំណែកការនាំចូលវិញមានចំនួន ១០ ១០៩លានដុល្លារ ធ្លាក់ចុះ ២២.៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២»។

    លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម នាដើមសប្តាយ៍មុនបានថ្លែងឲ្យដឹងថា កម្ពុជាបាន និងកំពុងខិតខំប្រឹងប្រែងជាខ្លាំង ក្នុងការជំរុញការនាំចេញទំនិញ។

    លោកបន្តថា ការនាំចេញរបស់កម្ពុជា ធ្លាក់ចុះក្នុងអំឡុងពេលដើមឆ្នាំនេះ ដោយសារសេដ្ឋកិច្ចពិភពលោករងផលប៉ះពាល់ ដែលបង្កមកពីបញ្ហាភូមិសាស្រ្តនយោបាយ ក៏ដូចជាជំងឺកូវីដ១៩។

    យ៉ាងណាលោករដ្ឋមន្ត្រីសង្ឃឹមថា នៅចុងឆ្នាំ២០២៣នេះ ការនាំចេញអាចមានការប្រែប្រួល ឬមានការកើនឡើងវិញ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    Share This Post: