ព័ត៌មានជាតិ June 13, 2023

អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្តីបំភ្លឺ ក្រោយសាលាឯកជនមួយ តម្រូវឱ្យអាណាព្យាបាលសិស្សបង់ពន្ធលើថ្លៃការសិក្សា

Naren

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានចេញសេចក្តីបំភ្លឺ ក្រោយសាលាឯកជនមួយ តម្រូវឱ្យអាណាព្យាបាលសិស្សបង់ពន្ធលើថ្លៃការសិក្សា ដោយលើកឡើងថា តាមលក្ខខណ្ឌរបស់រាជរដ្ឋាភិបាល និងក្រសួងអប់រំ សិស្សានុសិស្សទាំងអស់ត្រូវបង់ពន្ធលើថ្លៃការសិក្សា ២០% ជូនរាជរដ្ឋាភិបាលក្នុងមួយឆ្នាំៗ ហើយសាលាបានបង់ពន្ធលើថ្លៃការសិក្សា ជំនួសមាតាបិតា ឬអាណាព្យាបាលសិស្សានុសិស្សអស់រយៈពេល ៣ ឆ្នាំ។ ចាប់ពីឆ្នាំនេះទៅ សាលាជួយបង់ពន្ធលើថ្លៃការសិក្សា ជូនរដ្ឋតែ ១០%។ រីឯនៅសល់ថ្លៃលើការសិក្សា ១០% ទៀត តម្រូវឱ្យអាណាព្យាបាលសិស្សត្រូវទទួលខុសត្រូវ។

ក្នុងសេចក្តីបំភ្លឺ អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា « អនុលោមតាមច្បាប់ស្តីពីសារពើពន្ធ ដែលប្រកាសឱ្យប្រើដោយ ព្រះរាជក្រមលេខ នស/រកម/០៥២៣/០០៤ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ គឺមិនមាន ប្រភេទពន្ធលើថ្លៃការសិក្សា នោះ ទេ។ ដោយឡែក ពន្ធលើប្រាក់ចំណូល តាមអត្រា២០% គឺជាបន្ទុករបស់គ្រឹះស្ថានសិក្សាផ្ទាល់ មិនមែនជាបន្ទុករបស់អាណា ព្យាបាលសិស្សានុសិស្សឡើយ។ ដូច្នេះមិនមានការតម្រូវឱ្យអាណាព្យាបាលសិស្សានុសិស្សបង់ពន្ធលើថ្លៃការសិក្សា ២០% ជូន រាជរដ្ឋាភិបាលក្នុងមួយឆ្នាំ តាមការលើកឡើងរបស់ សាលាខ្មែរ-ចិនអរសប្បាយសិក្សា នោះទេ។

ទន្ទឹមនឹងនេះ សូមជម្រាបជូន ដល់សាធារណជន ជាពិសេសអាណាព្យាបាលសិស្សានុសិស្សឱ្យបានជ្រាបផងដែរថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ យ៉ាងខ្លាំង ដោយចាត់ទុកជាវិស័យអប់រំជាវិស័យអាទិភាព និងបានផ្ដល់ការអនុគ្រោះលើកទឹកចិត្តផ្នែកពន្ធដារដល់វិស័យនេះ ជារៀងរហូតមក ក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់រយៈពេល ៥ឆ្នាំម្តងៗ រហូត មកដល់បច្ចុប្បន្ន។

ថ្មីៗនេះ តាមរយៈលិខិតលេខ ២៥២ សជណ.អវ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្តី រាជរដ្ឋាភិបាល បានបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេស ឱ្យរួចផុតពីការបង់ ពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមា អាករលើតម្លៃបន្ថែម និងពន្ធកាត់ទុកលើសេវាកម្ម ការប្រាក់ និងភាគលាភ ចាប់ពីឆ្នាំ២០២៤ រហូតដល់ដំណាច់ឆ្នាំ២០២៨ ប៉ុន្តែគ្រឹះស្ថានសិក្សាត្រូវបង់ពន្ធលើប្រាក់បៀវត្ស ពន្ធកាត់ទុកលើ ការជួលទីតាំង ពន្ធអចលនទ្រព្យ និងប៉ាតង់។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារនឹងសហការជាមួយស្ថាប័នអប់រំ និងស្ថាប័នពាក់ព័ន្ធនានា ធ្វើការពិនិត្យ លើគ្រឹះស្ថានទាំងឡាយណា ដែលអនុវត្តមិនត្រឹមត្រូវស្របតាមគោលការណ៍លើកទឹកចិត្តពន្ធដាររបស់រាជរដ្ឋាភិបាលដល់វិស័យ អប់រំ ហើយក្នុងករណីរកឃើញថាស្ថាប័នអប់រំណាមួយប្រព្រឹត្តល្មើស នឹងត្រូវទទួលរងទោសទណ្ឌស្របតាមច្បាប់និងលិខិត បទប្បដ្ឋានគតិយុត្តជាធរមាន។

អគ្គនាយកដ្ឋានពន្ធដារ បានបន្ថែមថា «រាល់ចម្ងល់នានាពាក់ព័ន្ធនឹងពន្ធដារ សូមធ្វើការទាក់ទងមកលេខ ១២៧៧ ដោយឥតគិតថ្ល រៀងរាល់ម៉ោងធ្វើការ ឬកម្មវិធីជជែកផ្ទាល់ជាមួយពន្ធដារ GDT Live Chat ឬអង្គភាពពន្ធដារដែលសហគ្រាសស្ថិតក្រោមការ គ្រប់គ្រង។ អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប និងស្នើឱ្យ សាលាខ្មែរ-ចិនអរសប្បាយសិក្សា កែតម្រូវខ្លឹមសារ នៃលិខិតជូនដំណឹងរបស់ខ្លួនឡើងវិញ»៕