Khmerpress

ស្វែងរក

SEA GAMES

រាជរដ្ឋាភិបាល ផ្តល់ប្រាក់រង្វាន់ជាង ៦លានដុល្លារ ដល់គ្រូបង្វឹក គ្រូជំនួយ និងអត្តពលិកជ័យលាភីកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

BY Naren June 27, 2023
រាជរដ្ឋាភិបាល ផ្តល់ប្រាក់រង្វាន់ជាង ៦លានដុល្លារ ដល់គ្រូបង្វឹក គ្រូជំនួយ និងអត្តពលិកជ័យលាភីកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមិថុនានេះ បានប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីជ័យលាភីកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលមានទឹកប្រាក់សរុបចំនួន ២៧,៣០៣,៦០០,០០០រៀល ស្មើនឹងប្រមាណ ៦,៦៥៩,៤១៤ដុល្លារអាមេរិក។

ការប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC/CAMAPGOC តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររៀបចំការប្រកួត និងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ដដល់អត្តពលិកជ័យលាភី និងគ្រូបង្វឹក-គ្រូជំនួយ ។

លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រយ៍ CAMSOC/CAMAPGOC បានបញ្ជាក់ថា ដោយទទួលបានការយកចិត្ដទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល គឺបានចេញអនុក្រឹត្យផ្ដល់ប្រាក់រង្វាន់ជូនអត្តពលិកជាតិ និងគ្រូបង្វឹក-គ្រូជំនួយ ដោយមេដាយមាស ទទួលបាន ៤០លានរៀល មេដាយប្រាក់ ៣០លានរៀល និងមេដាយសំរឹទ្ធ ១៦លានរៀល ខណៈគ្រូបង្វឹក ទទួលបានដូចកីឡាករមេដាយខ្ពស់បំផុតរបស់ខ្លួន និងគ្រូជំនួយក៏ទទួលបាន ៧០% នៃគ្រូបង្វឹកផងដែរ ។

គួរដឹងថា សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ កាលពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ ក្រុមអត្តពលិកជាតិកម្ពុជា ដណ្ដើមបានមេដាយសរុប ២៨២គ្រឿង (មាស ៨១ ប្រាក់ ៧៤ និងសំរឹទ្ធ ១២៧) ឈរចំណាត់ថ្នាក់លេខរៀងទី៤ ក្នុងចំណោម ១១ប្រទេស ។ ចំណែកការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ក្រុមអត្តពលិកជនពិការកម្ពុជា ដណ្ដើមមេដាយសរុប ៧១គ្រឿង (មាស ៩ ប្រាក់ ១៨ និងសំរឹទ្ធ ៤៤) ឈរចំណាត់ថ្នាក់លេខរៀងទី៨ ក្នុងចំណោម ១១ប្រទេសចូលរួម ។

ជាមួយលទ្ធផលខាងលើនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តសរុបប្រមាណ ៦,៦៥៩,៤១៤ដុល្លារអាមេរិក នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នេះ ។ ក្នុងនោះមានគ្រូបង្វឹក គ្រូជំនួយ និងអត្តពលិកជ័យាលភីសរុប ៥៩៨នាក់ ប៉ុន្ដែមានគ្រូបង្វឹក និងកីឡាករ-កីឡាការិនីកូនខ្មែរនៅក្រៅប្រទេសចំនួន ៨៦នាក់ ដែលបានចាកចេញពីកម្ពុជា ត្រូវបានបើកប្រាក់រង្វាន់ជូនមុន ស្មើនឹងទឹកប្រាក់ ៣,៩៣៥,០០០រៀល កាលពីពេលកន្លងទៅផងដែរ ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: