ក្រុម U19 នារីកម្ពុជា ចេញទៅប្រកួតជើងឯកអាស៊ាន ខណៈត្រូវជួបឡាវមុនគេ នាថ្ងៃពុធ
(ភ្នំពេញ)៖ ក្រុមបាល់ទាត់នារីជម្រើសជាតិអាយុក្រោម ១៩ឆ្នាំកម្ពុជា បានចេញទៅចូលរួមការប្រកួតជ្រើសរើសជើងឯកបាល់ទាត់នារីអាយុក្រោម ១៩ឆ្នាំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ (AFF U19 Women’s Championship 2023) នៅប្រទេសឥណ្ឌូនេស៊ីហើយ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃច័ន្ទដើមសប្ដាហ៍នេះ ខណៈការប្រកួត នឹងចាប់ផ្ដើមពីថ្ងៃទី០៥-១៥ ខែកក្កដាខាងមុខ ដោយក្រុម U19 នារីកម្ពុជា ត្រូវជួបក្រុមឡាវមុនគេ នាថ្ងៃពុធនេះ។
ក្រោមការដឹកនាំរបស់លោក ប្រាក់ វុទ្ធី គ្រូបង្វឹកក្រុមជម្រើសជាតិ U19 នារីកម្ពុជា បានចម្រាញ់កីឡាការិនីចំនួន ២៣នាក់ ដើម្បីចូលរួមព្រឹត្តិការណ៍បាល់ទាត់នារីប្រចាំតំបន់អាស៊ានខាងលើ ក្នុងនោះមានសមាជិកក្លិបបាល់ទាត់ខេត្តសៀមរាប បានជាប់បញ្ជីឈ្មោះចុងក្រោយច្រើនជាងគេចំនួន ៧នាក់, វិសាខា ៥នាក់, បឹងកេត ៤នាក់, ណាហ្គាវើលដ៏ ៣នាក់, ព្រះខ័នរាជស្វាយរៀង ២នាក់ និងសមាជិកក្លិបភ្នំពេញក្រោន ២នាក់។
គួរដឹងថា បេសកកម្មនេះ ក្រុមបាល់ទាត់ U19 នារីកម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុម U19 នារីឡាវ ទីម័រខាងកើត និងក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី។ រីឯពូល B មានវៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី និងពូល C មានថៃ មីយ៉ាន់ម៉ា និងហ្វីលីពីន។ ចំពោះកម្មវិធីប្រកួតរបស់ក្រុមកម្ពុជា នឹងត្រូវជួបក្រុម U19 នារីកម្ពុជាមុនគេ នាថ្ងៃទី០៥-កក្កដា មុនជួបក្រុមទីម័រខាងកើត នាថ្ងៃទី៧-កក្កដា និងជួបក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ នៅកីឡដ្ឋាន Gelora Sriwijaya នៃខេត្ត Palembang៕ ផ្តល់សិទ្ធិដោយ៖ Fresh News



