(ភ្នំពេញ)៖ ក្រសួងបរិស្ថាន សម្រេចផ្អាកផលិតកម្មក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd. បន្ទាប់ពីរកឃើញបង្ហូរសំណល់រាងមានពណ៌ចូលក្នុងស្ទឹងព្រែកត្នោត បង្កផលប៉ះពាល់ដល់បរិស្ថាន គុណភាពទឹក និងសុខភាពរបស់ប្រជាពលរដ្ឋ។ កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋាន EIA ដឹកនាំដោយលោក ធីវ សុភារិទ្ធ អគ្គនាយករង និងមានការចូលរួមពីតំណាងមន្ទីរបរិស្ថានខេត្តកណ្តាល រដ្ឋបាលស្រុកអង្គស្នួល និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានចុះត្រួតពិនិត្យក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd.។ ការចុះពិនិត្យបន្ទាប់ពីទទួលបានការរាយការណ៍ថា ក្រុមហ៊ុននេះ បង្ហូរសំណល់រាវមានពណ៌ចូលស្ទឹងព្រែកត្នោត បង្កឱ្យប៉ះពាល់ដល់ការប្រើប្រាស់ទឹក និងសុខភាពសាធារណៈ ស្ថិតនៅភូមិសរមាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ឆ្លងតាមរយៈការពិនិត្យនៅទីតាំងជាក់ស្តែង និងការផ្តល់ព័ត៌មានពីតំណាងក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញក្រសួងបរិស្ថានមើលឃើញថា ក្រុមហ៊ុននេះ ជាប្រភេទរោងចក្របោកគក់សម្លៀកបំពាក់សុទ្ធ និងបានបើកដំណើរការនៅខែតុលា ឆ្នាំ២០២៤ ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមហ៊ុនពុំទាន់រៀបចំរបាយការណ៍ EIA រួចរាល់ទេ […]