ហុងកុង៖ ពេជ្រពណ៌ស៊ីជំពូមួយគ្រាប់ត្រូវគេរំពឹងថា នឹងអាចលក់ចេញក្នុងតម្លៃរហូតដល់ជាង ២០លានផោន (ជាង ២២លានដុល្លារអាមេរិក) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសុក្រ ទី៧ ខែតុលានេះ។ តាមគម្រោងពេជ្រដ៏កម្រនេះនឹងត្រូវដាក់លក់តាមរយៈការដេញថ្លៃនៅក្នុងកម្មវិធីដេញថ្លៃដ៏ធំមួយ ដែលនឹងត្រូវរៀបចំឡើងនៅក្នុងទីក្រុងហុងកុងនៅចុងសប្តាហ៍នេះ។ ពេជ្រស៊ីជំពូមួយគ្រាប់នេះត្រូវបានគេដាក់ឈ្មោះឲ្យថា The Williamson Pink Star មានទម្រង់ ១១,៥ ការ៉ាត់ មានរាងទ្រវែង ហើយពេជ្រនេះត្រូវបានគេកត់សម្គាល់ថា ជាប្រភេទពេជ្រកម្រដែលមានទំហំធំបំផុតលំដាប់ទី ៣នៅលើពិភពលោក។ គេនៅចាំបានថា ពេជ្រដ៏កម្រនិងធំបំផុតមានទម្ងន់រហូតដល់ ៥៩,៦០ ការ៉ាត់ ដែលត្រូវបានគេដាក់លក់ក្នុងតម្លៃរហូតដល់ ៧១,២លានដុល្លារកាលពីឆ្នាំ ២០១៧ កន្លងទៅ។ ដោយឡែកពេជ្រដ៏កម្រមួយគ្រាប់ទៀតគឺជាពេជ្ររបស់អតីតព្រះម្ចាស់ក្សត្រី Queen Elizabeth II ដែលមានទម្ងន់ ២៣,៦០ ការ៉ាត់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត