ប្រទេសចិន បានបញ្ជាឱ្យបិទប៉ុស្តិ៍ត្រួតពិនិត្យ និងហាមឃាត់រថយន្តដឹកទំនិញជាង ៦០០០គ្រឿងមិនឱ្យចូល និងចាកចេញពីប៉ុស្តិ៍ត្រួតពិនិត្យចំនួន ៣ នៅភាគខាងជើងប្រទេសវៀតណាម ជាពិសេសនៅក្នុងខេត្ត Lang Son។ មូលហេតុដែលនាំឱ្យបិទប៉ុស្តិ៍ត្រួតពិនិត្យ គឺ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ នៅប្រទេសវៀតណាម ដែលមានចំនួនខ្ពស់រហូតដល់ ១៦,០០០ករណីក្នុងមួយថ្ងៃ។ ជាលទ្ធផល ផលិតផលកសិកម្មនៅក្នុងរថយន្តដឹកទំនិញជាច្រើនគ្រឿង បានចាប់ផ្តើមខូច ស្អុយ រលួយជាបណ្ដើរៗ ហើយត្រូវបានដាក់លក់ក្នុងតម្លៃទាប។ គួរឱ្យដឹងថា នាពេលថ្មីៗនេះ ប្រទេសចិនបានរឹតបន្តឹងការចូល និងចេញនៃរថយន្តទំនិញ និងអ្នកបើកបរ។ ជាមួយគ្នានេះ ប្រទេសចិនបានយកគំរូផលិតផលចំនួន ៣,២០០ ដើម្បីធ្វើតេស្តរកមេរោគ និងបានរកឃើញសារធាតុកខ្វក់ចំនួន ៤៤៩ ដូច្នេះ ខ្លួនបានផ្អាកការនាំចូលអាហារសមុទ្រក្លាសេយ៉ាងហោចណាស់ ១៥ថ្ងៃ៕ ដោយ៖ ខ្មែរណូត