(គូឡាឡាំពួ)៖ មន្ត្រីជាន់ខ្ពស់ពីររូបនៃរដ្ឋាភិបាលម៉ាឡេស៊ីបានឱ្យដឹងនៅក្នុងបទសម្ភាសដាច់ដោយឡែកពីគ្នាថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីត្រូវបានរំពឹងថានឹងរក្សាបានកម្រិតកំណើនល្អកាលពីឆ្នាំមុន និងលើសពី ៥% ក្នុងឆ្នាំ២០២៥ ដែលជំរុញដោយការវិនិយោគបរទេស និងគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលដែលអាចជួយការពារសេដ្ឋកិច្ចពីហានិភ័យសកល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News។ លោក Amir Hamzah Azizan រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុទីពីរនៃប្រទេសម៉ាឡេស៊ីបានប្រាប់លោក Haslinda Amin នៃទូរទស្សន៍ Bloomberg នៅក្នុងរាជធានីរដ្ឋបាល Putrajaya កាលពីល្ងាចថ្ងៃពុធថា ប្រទេសម៉ាឡេស៊ីកំពុងស្ថិតនៅលើផ្លូវវិជ្ជមានរួចទៅហើយ ដោយឱនភាពថវិកាកាលពីឆ្នាំមុនទំនងជាទាបជាងគោលដៅដែលមាន ៤,៣% នៃផលិតផលក្នុងស្រុកសរុប។ រដ្ឋាភិបាលម៉ាឡេស៊ីគ្រោងនឹងបង្រួមឱនភាពនេះបន្ថែមទៀតមកនៅត្រឹម ៣,៨% នៃ ផ.ស.ស ក្នុងឆ្នាំ២០២៥។ នៅខាងក្រៅវេទិកាមួយក្នុងទីក្រុងគូឡាឡាំពួ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចម៉ាឡេស៊ីលោក Rafizi Ramli បានប្រាប់ Amin នៃទូរទស្សន៍ Bloomberg ថា តំបន់សេដ្ឋកិច្ចពិសេសមួយដែលប្រទេសម៉ាឡេស៊ីនឹងសហការអភិវឌ្ឍជាមួយសិង្ហបុរី នឹងជួយទ្រទ្រង់សន្ទុះកំណើនសេដ្ឋកិច្ចរបស់ម៉ាឡេស៊ី។ គាត់បានលើកឡើងពីអារម្មណ៍សុទិដ្ឋិនិយមរបស់គាត់ចំពោះកំណើន ផ.ស.ស ដែលថានឹងមានកំណើនលឿនជាងមុន តែបានលើកឡើងពីការប្រុងប្រយ័ត្នចំពោះគោលនយោបាយរបស់រដ្ឋាភិបាលប្រធានាធីបតីជាប់ឆ្នោត ដូណាល់ ត្រាំ ដែលនឹងប៉ះពាល់ដល់ប្រទេសម៉ាឡេស៊ី។ សម្រាប់លោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Amir វិញ គាត់បាននិយាយថា គាត់មានទំនុកចិត្តថា សេដ្ឋកិច្ចដែលមានភាពចម្រុះរបស់ប្រទេសនេះនឹងទប់ទល់បាននឹងការគំរាមកំហែងនៃពន្ធគយ […]