(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចេញសេចក្តីថ្លែងការណ៍ សម្តែងការព្រួយបារម្ភ និងថ្កោលទោសយ៉ាងខ្លាំង ចំពោះការប្រើប្រាស់ផ្សែងពុលដោយចេតនា របស់យោធាប្រទេសថៃ ក្នុងការឈ្លានពានទឹកដីប្រទេសកម្ពុជានាពេលថ្មីៗនេះ។ សកម្មភាពល្មើសច្បាប់ទាំងនេះ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនស៊ីវិលកម្ពុជា សុខភាពសាធារណៈ បរិស្ថានធម្មជាតិ និងតំបន់បេតិកភណ្ឌវប្បធម៌ដ៏ពិសិដ្ឋ រួមទាំងប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា ការប្រើប្រាស់ផ្សែងពុលដោយយោធារបស់ប្រទេសថៃ គឺជាការរំលោភច្បាប់អន្តរជាតិ និងជាការប្រមាថចំពោះគោលការណ៍មនុស្សជាតិ និងសន្តិភាពដែលគាំទ្រដោយអង្គការសហប្រជាជាតិ និងយន្តការសិទ្ធិមនុស្សក្នុងតំបន់។ សកម្មភាពបែបនេះបំពានលើលិខិតូបករណ៍អន្តរជាតិជាច្រើន រួមមាន អនុសញ្ញាអាវុធគីមី (មាត្រា១), អនុសញ្ញាអាវុធជីវសាស្ត្រ, អនុសញ្ញាទីក្រុងហ្សឺណែវ, ពិធីសារទីក្រុងហ្សឺណែវ (១៩២៥), លក្ខន្តិកៈទីក្រុងរ៉ូម នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (មាត្រា៨) និងសិទ្ធិជាមូលដ្ឋានរបស់ជនស៊ីវិលកម្ពុជា ដូចខាងក្រោម៖ * សិទ្ធិរស់រានមានជីវិត ដូចមានចែងក្នុងមាត្រា៣ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងមាត្រា៦ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។* សិទ្ធិទទួលបានសុខភាព ដូចមានចែងក្នុងមាត្រា១២ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌។* សិទ្ធិទទួលបានបរិស្ថានដែលមានសុវត្ថិភាព ស្អាត និងមានសុខភាពល្អ ដែលទទួលស្គាល់ដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក្នុងដំណោះស្រាយលេខ ៤៨/១៣ និងមាត្រា២៨ នៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន។ […]