ព័ត៌មានជាតិ

ប្រមុខអង្គការសហប្រជាជាតិ (UN) អំពាវនាវឱ្យកម្ពុជា និងថៃ ទទួលយកបទឈប់បា.ញ់ជាបន្ទាន់

Nisaiy KP July 27, 2025 27/07/2025

(UN)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក António Guterres បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងអំពីជម្លោះប្រដាប់អាវុធ នៅតំបន់ព្រំដែនរវាង កម្ពុជា និងថៃ ជាមួយការអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់។ នេះបើតាមការទំព័រ Facebook របស់ UN។ លោក António Guterres បានគូសបញ្ជាក់ថា «ខ្ញុំសូមជំរុញឱ្យភាគីទាំងសងខាងយល់ព្រមទទួលយកបទឈប់បាញ់ជាបន្ទាន់ និងដោះស្រាយរាល់បញ្ហាតាមរយៈ កិច្ចសន្ទនា។ លោកបន្ថែមថា «ខ្ញុំនៅរង់ចាំជួយជានិច្ចដល់កិច្ចប្រឹងប្រែងឆ្ពោះទៅរកដំណោះស្រាយ ដោយសន្តិវិធីដើម្បីបិទបញ្ចប់ជម្លោះ»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងធម្មការ និងសាសនា និងគណៈសង្ឃនាយកទាំងពីរគណៈ ចេញញត្តិថ្កោលទោសចំពោះការវាយប្រហាររបស់ទាហានថៃ មកលើទីអារាមសាសនា ព្រះពុទ្ធបដិមា សាលាបុណ្យ ទីសក្ការបូជា ប្រាសាទបុរាណ និងទីតាំងស៊ីវិល

Liny Chan July 26, 2025 26/07/2025

(ភ្នំពេញ)៖ ក្រសួងធម្មការ និងសាសនា ព្រមជាមួយគណៈសង្ឃនាយកទាំងពីរគណៈ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ បានចេញញត្តិប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទាហានឈ្លានពានថៃ ដែលបានប្រើយន្តហោះ F-16 គ្រាប់បែកចង្កោម និងកាំភ្លើងធំ វាយប្រហារមកលើទីអារាមសាសនា ព្រះពុទ្ធបដិមា សាលាបុណ្យ ទីសក្ការបូជា ប្រាសាទបុរាណ និងទីតាំងស៊ីវិល។ ជាក់ស្តែងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ពួកទាហានឈ្លានពានថៃ បានធ្វើការវាយប្រហារមកលើវត្តតាមាន់សែនជ័យ ស្ថិតនៅក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បណ្តាលឱ្យខូចខាតព្រះវិហារ កុដិព្រះសង្ឃ និងទីសក្ការបូជា ព្រមទាំងធ្វើឱ្យបាត់បង់អាយុជីវិតលោកតាអាចារ្យមួយរូប ដែលជាអ្នកប្រណិប័តន៍ធម៌ និងថែទាំទីអារាម។ នេះជាអំពើដ៏ឃោរឃៅ អមនុស្សធម៌ និងជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលមិនអាចអត់ឱនឱ្យបានឡើយ។ ទង្វើអមនុស្សធម៌នេះ គឺជាការបំពានដ៏ធ្ងន់ធ្ងរបំផុតផ្ទុយពីមាគ៌ាព្រះពុទ្ធសាសនា ក្នុងឋានៈជាប្រទេសមួយដែលមានប្រជាពលរដ្ឋភាគច្រើនលើសលប់ប្រតិបត្តិព្រះពុទ្ធសាសនា។ ក្រសួងធម្មការ និងគណៈសង្ឃនាយកទាំងពីរគណៈ សូមឱ្យកងទ័ពឈ្លានពានថៃបញ្ឈប់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌចំពោះការវាយប្រហារមកលើទីអារាមសាសនា ព្រះពុទ្ធបដិមា សាលាបុណ្យ ទីសក្ការបូជា ប្រាសាទបុរាណ និងទីតាំងស៊ីវិល៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចក្រឡាហោម ស ខេង អញ្ជើញចុះត្រួតពិនិត្យ និងជួយអន្តរាគមន៍បងប្អូនប្រជាពលរដ្ឋខ្មែរកំពុងសម្រុកមកពីថៃវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង ខេត្តបាត់ដំបង

Liny Chan July 26, 2025 26/07/2025

(បាត់ដំបង)៖ នៅថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បីទទួលស្វាគមន៍ និងសម្របសម្រួលជូនបងប្អូនពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ និងលើកទឹកចិត្តដល់មន្រ្តីរាជការ ដែលកំពុងប្រចាំការសម្របសម្រួលក្នុងការវិលត្រឡប់របស់ពលករ។ ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានណែនាំថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្រ្តីរាជការពាក់ព័ន្ធទាំងអស់ត្រូវសម្រួលឱ្យបងប្អូនពលករយើងបានធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្ថិភាព។ គិតត្រឹមវេលាម៉ោងជាង១២ថ្ងៃត្រង់ទី២៦ ខែកក្កដា ឆ្នាំ២០២៥ មានបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលរស់នៅ និងធ្វើការនៅប្រទេសថៃជាង ៣ម៉ឺននាក់ បានសម្រុកចូលមកប្រទេស កម្ពុជាវិញ នៅតាមច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបង។ គួរកត់សម្គាល់ថា បន្ទាប់ពីភាគីថៃបានបង្កសង្រ្គាមតាមព្រំដែនជាមួយកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានពលករខ្មែរកាន់តែច្រើនឡើងបានសម្រុកចាកចេញពីប្រទេសថៃ វិលត្រឡប់មកស្រុកកំណើតវិញ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវសប្បុរសជនទាំងអស់ មេត្តាចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ផ្សេងៗ ឬថ្នាំពេទ្យតាមលទ្ធភាព ដើម្បីជូនដល់កងទ័ពជួរមុខនៅបណ្ដោយព្រំដែន

Liny Chan July 26, 2025 26/07/2025

(ភ្នំពេញ)៖ ក្នុងបុព្វហេតុមនុស្សធម៌ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា ដែលបាននឹងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី តតាំងជាមួយសត្រូវឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា, រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំទទួលនូវអំណោយគ្រប់ប្រភេទដូចជា៖ ថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់នានា ព្រមទាំងថ្នាំពេទ្យ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ប្រកបដោយស្មារតីស្នេហាជាតិ មាតុភូមិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាពនានា ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ដើម្បីបង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ក្នុងការចូលរួមលើកទឹកចិត្តដល់វីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ និងបងប្អូនប្រជាពលរដ្ឋ ដែលទទួលរងនូវផលប៉ះពាល់ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ជាពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជន លោក លោកស្រីអភិបាលខណ្ឌ ប្រធានមន្ទីរ អង្គភាពចំណុះ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ផ្សេងៗ ឬថ្នាំពេទ្យ តាមលទ្ធភាព និងសទ្ធាជ្រះថ្លារៀងៗខ្លួន។ រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់លើស្មារតី និងទឹកចិត្តសប្បុរសធម៌របស់សប្បុរសជនទាំងអស់ ដែលជាវប្បធម៌នៃការចែករំលែកក្នុងស្មារតីភាតរភាពរបស់ប្រជាជាតិខ្មែរយើង […]

TOP NEWS: អ្នកនាំពាក្យក្រសួងការពារជាតិ៖ គិតត្រឹមម៉ោង១១៖១១នាទី ថៃគ្មានឱកាសបង្ហូតទង់ជាតិ លើភ្នំទ្រព្យដែលជាដែនអធិបតេយ្យរបស់កម្ពុជាឡើយ, ទ័ពកម្ពុជាឈរជើងការពារយ៉ាងរឹងមាំ

Liny Chan July 26, 2025 26/07/2025

(ភ្នំពេញ)៖ គិតត្រឹមម៉ោង១១៖១១នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ ថៃគ្មានឱកាសបង្ហូតទង់ជាតិ លើភ្នំទ្រព្យដែលជាដែនអធិបតេយ្យរបស់កម្ពុជានោះឡើយ ពោលកងទ័ពកម្ពុជានៅបន្ដឈរជើងការពារបានយ៉ាងរឹងមាំបំផុត និងបាញ់បណ្ដេញខ្មាំងសត្រូវឲ្យរត់ចេញទៅវិញ។ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានចេញមកទាត់ចោលទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិតនៅតាមបណ្ដាញសង្គមមួយចំនួន ពាក់ព័ន្ធស្ថានភាពនៅព្រំដែនតំបន់ភ្នំទ្រព្យ។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ ដែលត្រូវនឹងថ្ងៃទី៣ នៃសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា បានអះអាងថា មកទល់ម៉ោងនេះ កងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានរបស់កមុ្ពុជា កំពុងឈរជើងយ៉ាងរឹងមាំការពារដែនអធិបតេយ្យជាតិ។ ក្នុងសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាព អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ បានសង្កត់ធ្ងន់ថា បើទោះបីមានការដាក់សម្ពាធ ការបន្ថែមកម្លាំងរបស់យោធាថៃយ៉ាងណាក្ដី ប៉ុន្ដែកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា មិនរួញរានឹងការគម្រាមកំហែងនេះឡើយ ពោលនៅតែការពារយ៉ាងរឹងមាំដែនអធិបតេយ្យកម្ពុជា មិនឲ្យបាត់បង់សូម្បីមួយមីល្លីម៉ែត្រនោះទេ។ រាជរដ្ឋាភិបាលកម្ពុជា កងទ័ព និងប្រជាជនកម្ពុជា រួមគ្នាជាធ្លង់មួយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

គិតត្រឹមម៉ោង១០ព្រឹកនេះ សមរភូមិប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី មិនមានការផ្លោងគ្រាប់ដាក់គ្នាទៀតទេ, កម្ពុជាបន្ដគ្រប់គ្រងបានទាំងអស់ និងឈរជើងការពារយ៉ាងរឹងមាំបំផុត

Liny Chan July 26, 2025 26/07/2025

(ព្រំដែនកម្ពុជា-ថៃ)៖ សេចក្ដីរាយការណ៍ពីតំបន់សមរភូមិមុខបានឲ្យដឹងថា គិតត្រឹមម៉ោង១០ព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ នៅតំបន់ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ក្នុងភូមិសាស្ដ្រខេត្តឧត្តរមានជ័យ ស្ងប់ស្ងាត់ការផ្លោងគ្រាប់ដាក់គ្នារវាងកងទ័ពកម្ពុជា-ថៃ។ បើតាមសេចក្ដីរាយការណ៍ដដែល, កងទ័ពកម្ពុជាបន្ដគ្រប់គ្រងបានទាំងអស់ដដែល និងឈរជើងយ៉ាងរឹងមាំបំផុតពីការឈ្លានពានរបស់យោធាថៃ។ ទោះបីថៃបម្រុងប្ដូរយុទ្ធសាស្ដ្រវាយប្រហារកម្ពុជាបែបណាក៏ដោយ ក៏កងទ័ពដ៏អង់អាចរបស់កម្ពុជានៅតែអាចទប់ទល់បានគ្រប់ស្ថានការណ៍ទាំងអស់។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ ដែលត្រូវនឹងថ្ងៃទី៣ នៃសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា បានអះអាងថា មកទល់ម៉ោងនេះ កងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានរបស់កមុ្ពុជា កំពុងឈរជើងយ៉ាងរឹងមាំការពារដែនអធិបតេយ្យជាតិ។ ក្នុងសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាព អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ បានសង្កត់ធ្ងន់ថា បើទោះបីមានការដាក់សម្ពាធ ការបន្ថែមកម្លាំងរបស់យោធាថៃយ៉ាងណាក្ដី ប៉ុន្ដែកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា មិនរួញរានឹងការគម្រាមកំហែងនេះឡើយ ពោលនៅតែការពារយ៉ាងរឹងមាំដែនអធិបតេយ្យកម្ពុជា មិនឲ្យបាត់បង់សូម្បីមួយមីល្លីម៉ែត្រនោះទេ។ រាជរដ្ឋាភិបាលកម្ពុជា កងទ័ព និងប្រជាជនកម្ពុជា រួមគ្នាជាធ្លង់មួយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អាកាសចរស៉ីវិលកម្ពុជា ហាមឃាត់ទាំងស្រុងការហោះហើរឆ្លងកាត់តំបន់ប្រយុទ្ធ និងពង្រីកវិសាលភាពដល់ប៉ោយប៉ែត ប៉ៃលិន និងពាក់កណ្តាលខេត្តសៀមរាប មិនឱ្យយន្តហោះ ហោះទាបជាង ១២០០ម៉ែត្រឡើយ

Liny Chan July 26, 2025 26/07/2025

(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ តាមរយៈបណ្តាញព័ត៌មាន Fresh News បានផ្តល់ព័ត៌មានបច្ចុប្បន្នភាព ជុំវិញវិធានការផ្សេងៗរបស់អាកាសចរស៉ីវិល លើដែនអាកាសកម្ពុជា។ លោកបញ្ជាក់ថា អាកាសចរស៉ីវិលកម្ពុជា បានសម្រេច និងជូនដំណឹងរួចហើយដល់ក្រុមហ៊ុនអាកាសចរណ៍ ដោយហាមឃាត់ទាំងស្រុង ការហោះហើរឆ្លងកាត់តំបន់ប្រយុទ្ធ និងពង្រីកវិសាលភាពដល់នៃវិធានការនេះ ទៅកាន់តំបន់ប៉ោយប៉ែត ប៉ៃលិន និងពាក់កណ្តាលខេត្តសៀមរាប ដោយមិនឱ្យយន្តហោះ ហោះទាបជាង១២០០ម៉ែត្រឡើយ។ លោកបន្ថែមថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ (ម៉ោង១០ព្រឹក) ជើងហោះរវាងរាជធានីភ្នំពេញ-ទីក្រុងបាងកក និងទីក្រុងសៀមរាប- ទីក្រុងបាងកក នៅបន្តដំណើរការហោះហើរជាធម្មតា៕ សូមស្តាប់ការលើកឡើងរបស់លោក ស៊ីន ចាន់សិរីវុត្ថា តាមរយៈលីងខាងក្រោមនេះ៖ https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fvideo.php%3Fv%3D593533730278160&show_text=0&width=780&autoplay=false&height=440&mute=0

នាយឧត្តមសេនីយ៍ ទៀ សីហា៖ ២ថ្ងៃនៃការប្រយុទ្ធគ្នា កងកម្លាំងយើងបានការពារទឹកដីដោយភាពក្លាហាន ម៉ឺងម៉ាត់ និងប្តូរផ្តាច់បានជាទីមោទនៈ

Liny Chan July 26, 2025 26/07/2025

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា បន្ទាប់ពីការប៉ះទង្កិចនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ២ថ្ងៃកន្លងមកនេះ កងកម្លាំងយើងបានអនុវត្តដោយភាពក្លាហាន ម៉ឺងម៉ាត់ រក្សាប្តូរផ្តាច់ការពារបូរណភាពទឹកដីបានជាទីមោទនៈ។ ចំពោះខេត្តដែលជាប់ព្រំប្រទល់ជាមួយនឹងប្រទេសថៃ៖ ខេត្តកោះកុង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន ប៉ោយប៉ែត និងបន្ទាយមានជ័យ នាយឧត្តមសេនីយ៍ ទៀ សីហា សូមបងប្អូនប្រជាពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ ចៀសវាងការបង្កភាពចលាចល ហើយសូមស្តាប់តាមការណែនាំរបស់អាជ្ញាធរខេត្ត។ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា «កងកម្លាំងរបស់យើង បានត្រៀមខ្លួនរួចជាស្រេចក្នុងការការពារសុខសុវត្ថិភាពរបស់បងប្អូន និងបូរណភាពទឹកដីកម្ពុជាយើង។ សូមបងប្អូនជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកងកម្លាំងយើង»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News