ព័ត៌មានអន្តរជាតិ

ប្រទេសថៃ កំពុងរៀបចំកាត់បន្ថយពន្ធ លើការនាំចូលភេសជ្ជៈមានជាតិអាល់កុល និងបារី ៥០% ព្រោះតែមូលហេតុមួយនេះ

Khmerpress September 20, 2021 20/09/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា នាយកដ្ឋានគយថៃកំពុងរៀបចំកាត់បន្ថយពន្ធលើការនាំចូលភេជ្ជៈមានជាតិអាល់កុល និងបារី (cigar) ៥០% ក្នុងរយៈពេល ៥ឆ្នាំ ស្របបតាមកញ្ចប់ថវិកាជំរុញ និងវិនិយោគរបស់រដ្ឋាភិបាល។ លោក Patchara Anuntasilpa អគ្គនាយកនៃនាយកដ្ឋានបាននិយាយថា ការកាត់បន្ថយនេះគឺយោងតាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីថ្ងៃទី ១៤ ខែកញ្ញាដែលពាក់ព័ន្ធនឹងផែនការស្តារសេដ្ឋកិច្ចក្រោយកូវីដ-១៩ ដោយលើកទឹកចិត្តជនបរទេស ដែលមានទ្រព្យសម្បត្តិច្រើន និងអ្នកជំនាញដែលមានជំនាញខ្ពស់មកស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ។ លោកស្រី Roengrudee Patanavanicha អ្នកស្រាវជ្រាវការត្រួតពិនិត្យថ្នាំជក់បាននិយាយថា ចំណាត់ការរបស់នាយកដ្ឋានគយបានធ្វើឱ្យលោកស្រីមានការប្រយ័ត្នប្រយែង ព្រោះរចនាសម្ព័ន្ធពន្ធថ្មីសម្រាប់បារីត្រូវបានគេរំពឹងថា នឹងចូលជាធរមាននៅខែក្រោយ។ លោកស្រីបានបន្ថែមថា នៅក្រោមប្រព័ន្ធថ្មីអត្រាពន្ធ ៤០% នឹងត្រូវបានអនុវត្តចំពោះបារីដោយមិនគិតពីតម្លៃលក់រាយ។ គួរឱ្យដឹងថា គម្រោងនេះសង្ឃឹមថា នឹងទាក់ទាញមនុស្សដែលមានសមត្ថភាពជាងមួយលាននាក់មកកាន់ប្រទេសថៃក្នុងរយៈពេល ៥ ឆ្នាំខាងមុខ និងបង្កើតប្រាក់បានប្រហែលមួយទី្រលានបាតក្នុងរយៈពេលដែលបានកំណត់ទុកនោះ៕ អត្ថបទ៖ លីនី ប្រភព៖ nationthailand

គុយបាក្លាយជាប្រទេសដំបូងបំផុត ដែលទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កុមារតូចៗដែលមានអាយុរហូតដល់ ២ឆ្នាំ

Khmerpress September 20, 2021 20/09/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានរាយការណ៍ថា ប្រទេសគុយបាបានក្លាយជាប្រទេសដំបូងគេដំបូងបំផុតក្នុងពិភពលោក ដែលទទួលចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដល់ក្មេងៗ ដែលមានអាយុរហូតដល់ ២ឆ្នាំ នៅក្នុងយុទ្ធសាស្ត្រមុនពេលបើកសាលារៀនឡើងវិញរបស់ពួកគេ។ ការពិតទៅការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 មិនមែនជាកាតព្វកិច្ចសម្រាប់ពលរដ្ឋនោះទេ ប៉ុន្តែមានពលរដ្ឋគុយបាជាច្រើនបានបញ្ចូនកូនតូចៗរបស់ពួកគេទៅទទួលវ៉ាក់សាំង ហើយលុះត្រាតែទទួលបានវ៉ាក់សាំង ៣ដូស ទើបពួកគេរាប់ចាត់ទុកថា ជាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 បានពេញលេញ។ កាលពីដើមខែកញ្ញាក្រុមមន្រ្តីបាននិយាយថា ពួកគេនឹងចាប់ផ្តើមចាក់វ៉ាក់សាំងកុមារតូចៗ ដែលជាផ្នែកមួយនៃផែនការដើម្បីឱ្យជាង ៩០% នៃប្រជាជនរបស់ប្រទេសនេះ មានការការពារ និងអាចបើកព្រំដែនអន្តរជាតិឡើងវិញនៅពាក់កណ្តាលខែវិច្ឆិកា។ អនុរដ្ឋមន្រ្តីក្រសួងអប់រំលោក Eugenio GonzálezPérez បាននិយាយថា វាមិនទំនងទេដែលពួកគេអាចចាប់ផ្តើមសាលារៀនឡើងវិញ ដោយគ្មានការចាក់វ៉ាក់សាំងបង្ការដល់ក្មេងៗ ហើយពួកគេមានវ៉ាក់សាំងដែលជារបស់ខ្លួនបានគ្រប់គ្រាន់ សម្រាប់គម្រោងនៅមុនពេលបើកសាលារៀនមួយនេះ។ គួរឱ្យដឹងផងដែរថា រហូតមកដល់ពេលនេះ ប្រទេសគុយបាបានផ្តល់ការយល់ព្រមចំពោះការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ផលិតក្នុងស្រុកចំនួន ៣ ដែលរួមមានទាំងវ៉ាក់សាំង ៣ដូស Abdala ដែលក្រុមអ្នកវិទ្យាសាស្ត្រគុយបាបាននិយាយថា ពួកវាមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារជំងឺធ្ងន់ធ្ងរ និងការស្លាប់ដោយសារជំងឺ COVID-19 ៕ អត្ថបទ៖ លីដា ប្រភព៖ CNN

កំពូលកីឡាប្រដាល់លោក Manny Pacquiao ប្រកាសឈរឈ្មោះជាប្រធានាធិបតីហ្វីលីពីនសម្រាប់ការបោះឆ្នោតឆ្នាំ ២០២២

Khmerpress September 20, 2021 20/09/2021

ហ្វីលីពីន៖ កំពូលកីឡាប្រដាល់ហ្វីលីពីនលោក Manny Pacquiao បានប្រកាសជាធារណៈកាលពីថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ម្សិលមិញថា លោកនឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីក្នុងការបោះឆ្នោតនៅប្រទេសហ្វីលីពីនក្នុងឆ្នាំ ២០២២ ខាងមុខនេះ។ លោក Manny Pacquiao បានឲ្យដឹងតាមរយៈបណ្តាញសារព័ត៌មាន Channel News Asia ថា “វាដល់ពេលវេលាហើយដែលលោកត្រូវប្រកួតប្រជែងក្នុងភាពជាអ្នកដឹកនាំម្តង ខណៈនាពេលកន្លងមកគាត់ធ្លាប់ទទួលបានជោគជ័យជាច្រើនដងមកហើយសម្រាប់ការប្រកួតនៅលើសង្វៀន”។ គួរម្លឹកជូនថា លោក Manny Pacquiao បានចាប់ផ្តើមប្រឡូកក្នុងការងារនយោបាយនៅក្នុងឆ្នាំ ២០១០ ហើយបច្ចុប្បន្នរូបលោកគឺជាសមាជិកព្រឹទ្ធសភាម្នាក់នៅក្នុងរដ្ឋាភិបាលហ្វីលីពីនក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Rodrigo Duterte។ នៅក្នុងឆាកនយោបាយ លោក Manny Pacquiao ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋហ្វីលីពីនដែលជាអ្នកមានកម្រិតជីវភាពទាប ដ្បិតរូបលោកតែងគិតគូជានិច្ចអំពីកិច្ចការលើកកម្ពស់ជីវភាពពលរដ្ឋហ្វីលីពីន៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

សហរដ្ឋអាមេរិកនឹងបញ្ចេញទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំង បង្ការកូវីដ-១៩ ដូសទី៣ របស់ក្រុមហ៊ុន Moderna និង Johnson & Johnson ឆាប់ៗនេះ

Khmerpress September 20, 2021 20/09/2021

(វ៉ាស៊ីនតោន)៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក លោក Anthony Fauci បាននិយាយថាទិន្នន័យដែលចាំបាច់ដើម្បីកំណត់ថាតើគួរ ឬមិនគួរចាក់ វ៉ាក់សាំងដូសទី៣ ឬដូសជំរុញសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Moderna និង Johnson & Johnson ដែរឬក៏យ៉ាងណា នឹងត្រូវបញ្ចេញក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១។ ក្រុមមន្ត្រីសុខាភិបាលអាមេរិករំពឹងថាការចាក់ដូសជំរុញអាចនឹងត្រូវផ្ដល់អនុសាសន៍ដល់ប្រជាជនអាមេរិកទូទៅ ប៉ុន្តែទន្ទឹមគ្នាពួកគេក៏បានជំរុញផងដែរឱ្យប្រជាជនអាមេរិក កុំព្យាយាមស្វែងរកការចាក់ដូសជំរុញ រហូតដល់មានការអនុញ្ញាត ឬផ្ដល់អនុសាសន៍ពីទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក (FDA) ជាមុនសិន។ គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន គណៈកម្មាធិការប្រឹក្សាយោបល់នៃទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក (FDA) បានផ្ដល់អនុសាសន៍អនុញ្ញាតសម្រាប់ការ ចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសទី៣ សម្រាប់អ្នកបានចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech គ្រប់ដូស ឬ២ដូសរួចដែលមានអាយុ ៦៥ឆ្នាំឡើង ឬមនុស្ស ងាយរងគ្រោះដោយជំងឺដ៏កាចសាហាវមួយនេះ។ តែ FDA មិនបានផ្ដល់អនុសាសន៍ឱ្យចាក់ដូសជំរុញសម្រាប់ប្រជាជនអាមេរិកទូទៅនោះទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីៗចំនួន «១០,០៤០ករណីក្នុងមួយថ្ងៃ» និងបាត់បង់ជីវិត ២៣៣នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ

Khmerpress September 20, 2021 20/09/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូតដល់ ១០,០៤០ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន១៥ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ៥,៤៩៦នាក់។ ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះទេចំនួន២៣៣នាក់បន្ថែមទៀតផងដែរ។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៦៨៧,០៦៣នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៤៥៧,៥០៥នាក់ ចំណែកចំនួនអ្នកស្លាប់សរុបចំនួន ១៧,០៩០នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

វៀតណាមអនុម័តឲ្យប្រើប្រាស់ វ៉ាក់សាំងកូវីដ១៩ Abdala របស់ប្រទេសគុយបា

Khmerpress September 18, 2021 18/09/2021

(ហាណូយ)៖ នៅថ្ងៃសៅរ៍នេះ វៀតណាមបានឲ្យដឹងថា ខ្លួនបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ប្រទេសគុយបា ឈ្មោះថា «អាប់ដាឡា (Abdala)» ខណៈប្រទេសអាស៊ានមួយនេះ កំពុងបន្តប្រយុទ្ធតទល់ជាមួយ រលកឆ្លងរាតត្បាតដ៏អាក្រក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២១។ រដ្ឋាភិបាលវៀតណាម បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា វ៉ាក់សាំង Abdala ត្រូវបានអនុម័តឲ្យប្រើប្រាស់ ដោយផ្អែកទៅលើ តម្រូវការចាំបាច់របស់ប្រទេសវៀតណាម ក្នុងការប្រយុទ្ធប្រឆាំងជំងឺ COVID-19។ កាលពីខែសីហាកន្លងទៅ ក្រសួងសុខាភិបាលវៀតណាម បានប្រកាសថា គុយបានឹងផ្គត់ផ្គង់វ៉ាក់សាំង Abdala ក្នុងចំនួនច្រើន ឲ្យវៀតណាម ហើយផ្ទេរបច្ចេកវិទ្យាផលិត មុនដាច់ឆ្នាំ២០២១នេះ។ វ៉ាក់សាំងគុយបា Abdala គឺជាវ៉ាក់សាំងទី៨ហើយ ដែលត្រូវបានអនុម័តឲ្យប្រើប្រាស់ នៅវៀតណាម ដែលជាប្រទេសមានអត្រាចាក់វ៉ាក់សាំង COVID-19 ដ៏ទាបបំផុតមួយ នៅក្នុងតំបន់។ មកទល់ពេលនេះ ក្នុងចំណោមប្រជាជនវៀតណាមសរុប ជិត១០០លាននាក់ គឺត្រឹមតែជាង៦ភាគរយប៉ុណ្ណោះ ដែលបានចាក់វ៉ាក់សាំងគ្រប់ដូស។ រីឯករណីឆ្លងសរុបនៅវៀតណាមវិញ គឺបានកើនដល់ ៦៦៧,៦៥០នាក់ និងស្លាប់១៦,៦៣៧នាក់។ […]

ឥណ្ឌូនេស៊ីគ្រោងអនុញ្ញាតឲ្យអ្នកដំណើរអន្តរជាតិអាចទៅកំសាន្តនៅកោះបាលីជាធម្មតាវិញនៅខែតុលាខាងមុខនេះ

Khmerpress September 18, 2021 18/09/2021

ឥណ្ឌូនេស៊ី៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ឥណ្ឌូនេស៊ីគ្រោងនឹងអនុញ្ញាតឲ្យអ្នកដំណើរអន្តរជាតិមកពីប្រទេសមួយចំនួនអាចត្រលប់ទៅកំសាន្តនៅលើកោះបាលីបានជាធម្មតាវិញនៅត្រឹមដើមខែតុលាខាងមុខនេះ។ គួររម្លឹកថា មុនពេលមានការបិទខ្ទប់ប្រទេសព្រោះវិបត្តិនៃជំងឺកូវីដ ១៩ កោះបាលីគឺជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពសម្រាប់អ្នកដំណើរនៅជុំវិញពិភពលោក ខណៈកោះដ៏ស្រស់ស្អាតមួយនេះក៏ជាប្រភពចំណូលដ៏មានសក្តានុពលមួយសម្រាប់ប្រទេសឥណ្ឌូនេស៊ីផងដែរ។ បើតាមលោក Luhut Pandjaitan ដែលជារដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការដែនសមុទ្រនិងការវិនិយោគឥណ្ឌូនេស៊ីបានឲ្យដឹងថា ការសម្រេចបើកកោះបាលីឡើងវិញនេះគឺចំណែកដ៏សំខាន់មួយសម្រាប់សង្គ្រោះសេដ្ឋកិច្ចជាតិដែលបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ចាប់តាំងពីមានវិបត្តិនៃជំងឺកូវីដ ១៩ មក។ រដ្ឋមន្ត្រីជាន់ខ្ពស់រូបនេះបានបន្តទៀតថា ការសម្រេចចិត្តនេះក៏ត្រូវបានធ្វើឡើងស្របពេលដែលអាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ីអាចសម្រេចបាននូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជូនក្រុមពលរដ្ឋគោលដៅបានចំនួនច្រើននិងស្របពេលចំនួនអ្នកឆ្លងកូវីដ ១៩ នៅទូទាំងឥណ្ឌូនេស៊ីបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ផងដែរ។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះឥណ្ឌូនេស៊ីសម្រេចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចរាល់ជូនពលរដ្ឋបានចំនួន ២១% ហើយ​ ខណៈ ៤០% ផ្សេងទៀតទើបចាក់បានដូសទី ១ ក្នុងចំណោមពលរដ្ឋគោលដៅសរុបជាង ២០០ លាននាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

ក្រុមប្រឹក្សារបស់ FDA បានណែនាំឱ្យមានការប្រើប្រាស់វ៉ាក់សាំង Pfizer ដូសទី៣ លើមនុស្សវ័យ ៦៥ឆ្នាំឡើងទៅ ប៉ុន្តែមិនណែនាំឱ្យប្រើប្រាស់លើក្មេងអាយុចាប់ពី ១៦ឆ្នាំ នោះទេ

Khmerpress September 18, 2021 18/09/2021

ក្រុមប្រឹក្សាមួយដែលផ្តល់ប្រឹក្សាដល់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានណែនាំឱ្យមានការប្រើប្រាស់វ៉ាក់សាំងដូសទី៣ របស់ Pfizer សម្រាប់មនុស្សអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ និងអ្នកដែលមានហានិភ័យខ្ពស់។ ប៉ុន្តែពួកគេបានបោះឆ្នោតប្រឆាំងការណែនាំ ចំពោះការប្រើប្រាស់ដូសទី៣ លើមនុស្សដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ។ លទ្ធផលនេះនឹងប៉ះពាល់ដល់ការសម្រេចរបស់ប្រធានាធិបតីលោក ចូ បៃដិន ដែលបាននិយាយថា ដូសទី៣ នឹងមានឱ្យប្រើប្រាស់នៅសប្តាហ៍ក្រោយ ប្រសិនបើមានការយល់ព្រមពី FDA ។ គណៈកម្មាធិការប្រឹក្សាវិទ្យាសាស្ត្ររបស់ FDA បានបោះឆ្នោត ១៦ ទល់នឹង ៣ ប្រឆាំងនឹងដូសទី៣ សម្រាប់អ្នកដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ។ ជម្រាបដែរថា វ៉ាក់សាំងដូសទី៣ របស់ Pfizer ត្រូវបានអនុម័តរួចហើយ សម្រាប់អ្នកដែលមានប្រព័ន្ធការពារខ្សោយ។ ហើយបើយោងតាមទិន្នន័យរបស់ CDC ប្រជាជនជិត ២ លាននាក់ បានទទួលថ្នាំបង្ការលើកទី៣ រួចទៅហើយចាប់តាំងពីពាក់កណ្តាលខែសីហា។ ឥឡូវនេះខាងសេតវិមានមិនទាន់មានការឆ្លើយតបជាមួយក្រុមប្រឹក្សានៅឡើយទេ ហើយក៏មិនដឹងថា ពួកគេនឹងចាត់ការបែបណាបន្ទាប់ទៀតដែរ៕ អត្ថបទ៖ លីដា ប្រភព៖ BBC

ឥណ្ឌាបំបែកកំណត់ត្រាចាក់វ៉ាក់សាំងកូវីដ១៩ ដើម្បីជា «កាដូខួបកំណើត» សម្រាប់នាយករដ្ឋមន្រ្តី ម៉ូឌី

Khmerpress September 18, 2021 18/09/2021

(ញូដេលី)៖ ប្រទេសឥណ្ឌា ពេញមួយថ្ងៃសុក្រម្សិលមិញនេះ បានផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនចំនួន ២២.៦លានដូស ដែលច្រើនអត្រាចាក់វ៉ាក់សាំងជាមធ្យមប្រចាំថ្ងៃ កំលុងរយៈពេល១ខែកន្លងទៅ ដល់ទៅ៣ដងឯណោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២១។ រដ្ឋមន្រ្តីសុខាភិបាលឥណ្ឌា លោក ហាស្ស វ៉ាដាន (Harsh Vardhan) បានហៅព្រឹត្តិការណ៍ចាក់វ៉ាក់សាំងនេះថា ជាអំណោយថ្ងៃខួបកំណើតរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ដែលឈានចូលវ័យ៧១ឆ្នាំ និងបានរងគេរិះគន់យ៉ាងខ្លាំង ចំពោះការកើនឡើងនៃការឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 យ៉ាងច្រើនលើសលុប នៅក្នុងប្រទេសឥណ្ឌា កាលពីខែមេសា-ឧសភា ឆ្នាំ២០២១។ លោក Narendra Modi បានសរសេរសារបង្ហោះនៅលើបណ្តាញសង្គម Twiiter ថា «ប្រជាជនឥណ្ឌាគ្រប់រូប មានមោទកភាពយ៉ាងខ្លាំង ចំពោះតួលេខចាក់វ៉ាក់សាំងដែលបានកត់ត្រានៅថ្ងៃនេះ។ សូមឱ្យយើងបន្តបង្កើនការចាក់វ៉ាក់សាំងបន្ថែមទៀត ដើម្បីកម្ចាត់ជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ»។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសឥណ្ឌា ដែលមានប្រជាជនជាង ១.៣៥ពាន់លាននាក់ បានផ្ដល់ការចាក់វ៉ាក់សាំង […]

WHO ព្រមានថា ភាពខ្វះខាតវ៉ាក់សាំងកូវីដនៅតំបន់អាហ្រ្វិកអាចជំរុញឲ្យកើតមានមេរោគបំប្លែងថ្មីដែលបង្កគ្រោះថ្នាក់ជុំវិញពិភពលោក

Khmerpress September 18, 2021 18/09/2021

អង្គការសុខភាពពិភពលោក (WHO) បានទាញសញ្ញាព្រមានកាលពីថ្ងៃព្រហស្បតិ៍ ទី ១៦ កញ្ញាម្សិលមិញថា ភាពខ្វះខាតវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩​ នៅទ្វីបអាហ្វ្រិកអាចបង្កជាបញ្ហារួមមួយសម្រាប់ពិភពលោកទាំងមូល ពោលគឺមេរោគកូវីដ ១៩ បំប្លែងខ្លួនទម្រង់ថ្មីអាចនឹងកើតមានឡើងហើយបន្តរាតត្បាតធ្ងន់ធ្ងរជុំវិញពិភពលោកដូចជាមេរោគ Delta អីចឹងដែរ។ បើតាម WHO បានឲ្យដឹងថា គម្រោងផ្តល់វ៉ាក់សាំងទៅកាន់តំបន់អាហ្វ្រិកនឹងមិនអាចសម្រេចបានតាមការគ្រោងទុកនោះទេ​សម្រាប់ឆ្នាំ ២០២១ នេះ ព្រោះគេបានព្យាការណ៍រួចហើយថា នៅត្រឹមចុងឆ្នាំនេះគេអាចសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋអាហ្វ្រិកបានត្រឹម ១៧%ប៉ុណ្ណោះ ខណៈការរំពឹងទុកនាពេលកន្លងមកគឺគេចង់ចាក់ឲ្យបានរហូតដល់ ៤០% នៃពលរដ្ឋសរុបក្នុងទ្វីបអាហ្រ្វិកទាំងមូល។ WHO បានបញ្ជាក់ផងដែរថា ដើម្បីសម្រេចតាមផែនការដែលគេបានគ្រោងទុកនាពេលកន្លងមកនោះគឺគេត្រូវការវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចំនួន ៤៧០លានដូសបន្ថែមទៀត ដែលនេះជាចំនួនវ៉ាក់សាំងដ៏ច្រើនមួយសម្រាប់ពិភពលោកនាពេលបច្ចុប្បន្ននេះ។ គួរបញ្ជាក់ថា ការខកខានមិនអាចចាក់វ៉ាក់សាំងជូនពលរដ្ឋនៅតំបន់អាហ្វ្រិកតាមការគ្រោងទុកនៅពេលនេះគឺបានកើតឡើងដោយសាតែប្រទេសជាសម្ព័ន្ធភាព COVAX បានសម្រេចកាត់បន្ថយចំនួនវ៉ាក់សាំងដែលពួកគេត្រូវផ្តល់ជាជំនួយ COVAX ដ្បិតបណ្តាប្រទេសទាំងនោះត្រូវការវ៉ាក់សាំងសម្រាប់ទុកចាក់ជាដូសជំរុញ៕ អត្ថបទ ៖​ ភក្តី ប្រភព៖ Channel News Asia