កីឡាការិនី U19 ឈិត សាភឿន ដែលស៊ុតបញ្ចូលទី២គ្រាប់ យកឈ្នះក្រុមជម្រើសជាតិឡាវ បានដួលបាក់ដៃឆ្វេង, នាយឧត្ដមសេនីយ៍ សៅ សុខា ឧបត្ថម្ភទាំងស្រុងចំពោះការព្យាបាល និងវះកាត់
(ឥណ្ឌូនេស៊ី)៖ កីឡាការិនី ឈិត សាភឿន ពាក់លេខ១៥ ដែលបានស៊ុតបញ្ចូលទី២គ្រាប់ម្នាក់ឯង ធ្វើឲ្យក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ យកឈ្នះក្រុមជម្រើសជាតិឡាវ ក្នុងពានរង្វាន់ AFF U19 Women’s Championship 2023 បានជួបគ្រោះថ្នាក់ដួលបាក់ដៃឆ្វេង និងកំពុងសម្រាកព្យាបាលវះកាត់ នៅមន្ទីរពេទ្យប្រទេសឥណ្ឌូនេស៊ី។
នេះបើតាមការបញ្ជាក់ពីនាយឧត្ដមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រាប់មកបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣។
ទន្ទឹមគ្នានេះនាយឧត្ដមសេនីយ៍ សៅ សុខា បានយកចិត្ដទុកដាក់ និងឧបត្ថម្ភទាំងស្រុងចំពោះការព្យាបាលកីឡាការិនី ឈិត សាភឿន រូបនេះផងដែរ។ កីឡាការីនី ឈិន សាភឿន មកពីក្លឹបបាត់ទាត់ព្រះខ័នរាជស្វាយរៀង ដែលចេញមកពីវិទ្យាល័យ ហ៊ុន សែន ជ្រៃធំ ក្នុងឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង។
សូមរំលឹកថា ក្រុមបាល់ទាត់នារីជម្រើសជាតិអាយុក្រោម ១៩ឆ្នាំកម្ពុជា យកបាន ៣ពិន្ទុដំបូង ក្រោយឈ្នះឡាវ ២-១ បើកឆាកពានរង្វាន់ AFF U19 Women’s Championship 2023 នាថ្ងៃទី០៥ ខែកក្កដានេះ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់ទាត់នារីអាយុក្រោម ១៩ឆ្នាំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ (AFF U19 Women’s Championship 2023) នៅប្រទេសឥណ្ឌូនេស៊ី។
នេះគឺជាការប្រកួតដំបូងរបស់ក្រុមបាល់ទាត់នារី U19 កម្ពុជា ក្នុងពូល A ដែលមានបេក្ខភាព ៤ក្រុម រួមមានកម្ពុជា ឡាវ ទីម័រខាងកើត និងម្ចាស់ផ្ទះឥណ្ឌូនេស៊ី ហើយក៏ជាការយកបាន ៣ពិន្ទុដំបូងយ៉ាងសំខាន់របស់ក្រុមនារី U19 កម្ពុជា ក្នុងការប្រកួតប្រជែងនៅសល់ ២លើកទៀត ដែលស្ថិតក្រោមការដឹកនាំដោយលោក ប្រាក់ វុទ្ធី ។
គួរដឹងថា ព្រឹត្តិការណ៍នេះ គឺមាន ១០ក្រុមចូលរួម និងបែងចែកជា ៣ពូល ខណៈ ២ពូលទៀត មានតែ ៣ក្រុមប៉ុណ្ណោះក្នុងមួយពូល ក្នុងនោះពូល B មានវៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី និងពូល C មានថៃ មីយ៉ាន់ម៉ា និងហ្វីលីពីន។
ចំពោះកម្មវិធីប្រកួតរបស់ក្រុមកម្ពុជា បន្ទាប់ពីជួបឡាវ នឹងត្រូវជួបក្រុម U19 ទីម័រខាងកើត នាថ្ងៃទី៧-កក្កដា មុនប្រកួតចុងក្រោយក្នុងពូល ជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ៕ ផ្តល់សិទ្ធិដោយ៖ freshnews








