ក្នុងប្រតិបត្ដិការធ្វើរដ្ឋបាលព្រមគ្នាខណ្ឌទាំង១៤ រកឃើញជនបរទេសស្នាក់នៅ ៤៧៨នាក់ ក្នុងនោះពុំមានលិខិតឆ្លងដែន១០នាក់បានបញ្ជូនទៅផ្លូវច្បាប់
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានចុះធ្វើរដ្ឋបាលព្រមគ្នា កាលពីថ្ងៃអង្គារទី០២ខែមិថុនា ឆ្នាំ២០២៦ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យតាមទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន៨២ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន៤៧៨នាក់ ក្នុងនោះជនបរទេសពុំមានលិខិតឆ្លងដែនចំនួន១០នាក់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្រុមការងារមិនបានរកឃើញបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នោះឡើយ។ នេះបើតាមលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦នេះ។
លោកស្រីបន្តថា រដ្ឋបាលខណ្ឌទាំង១៤បានធ្វើចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះ សំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។
លោកស្រីអ្នកនាំពាក្យបានអះអាងទៀតថា កន្លងមក និងបន្តទៅមុខទៀតគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញនៅតែជំរុញយ៉ាងម៉ឺងមាត់ឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤បំពេញការងារព្រមៗគ្នាដោយប្ដេជ្ញាថាលុបបំបាត់ឱ្យអស់បទល្មើសក្នុងមូលដ្ឋានរបស់ខ្លួនទាំងស្រុង។
លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ទៀតថា សរុបជារួមក្នុងប្រតិបត្តិការត្រួតពិនិត្យនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារត្រួតពិនិត្យទីតាំងសរុបបានចំនួន៨២ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន៤៧៨នាក់ (ស្រី១៤២នាក់) ពុំមានលិខិតឆ្លងដែនចំនួន១០នាក់។
ជាមួយគ្នានេះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦នេះបានអនុវត្តការផាកពិន័យ ចំពោះម្ចាស់ឬអ្នកគ្រប់គ្រងទីតាំងរស់ នៅប្រមូលផ្ដុំតាមអនុក្រឹត្យលេខ០៣ អនក្រ .បក ចុះថ្ងៃទី៥ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាល មាត្រា២០ជំពូកទី៦ ស្ដីពីទណ្ឌកម្មបានផាកពិន័យសរុបចំនួន ៣ទីតាំងមនុស្សចំនួន៥នាក់គិតជាថវិកាសរុបបានចំនួន២០. ០០០.០០០រៀល (ម្ភៃលានរៀល)៕



ប្រភព៖ ក្រសួងព័ត៌មាន