Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន អំពាវនាវសមាជិក NATO និងសម្ព័ន្ធមិត្តអាមេរិក ជួយទប់ស្កាត់កុំឱ្យប្រើគ្រាប់បែក-ចង្កោម

    BY Khmerpress July 11, 2023
    សម្តេចតេជោ ហ៊ុន សែន អំពាវនាវសមាជិក NATO និងសម្ព័ន្ធមិត្តអាមេរិក ជួយទប់ស្កាត់កុំឱ្យប្រើគ្រាប់បែក-ចង្កោម

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញមកអំពាវ​នាវដល់ប្រទេសសមាជិកអង្គការណាតូ (NATO) និងប្រទេសជាសម្ព័ន្ធមិត្តរបស់​អាមេរិករួមគ្នាទប់ស្កាត់កុំឱ្យមានការប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន។

    សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវបែបនេះនៅលើបណ្តាញសង្គម Twitter នៅព្រលប់ថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ។

    លើគណនី Twitter ដែលជាមធ្យោបាយថ្មីសម្រាប់បញ្ជូនសារនានានោះ សម្តេចតេជោ បានអំពាវនាវបែបនេះ «ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមបន្តអំពាវនាវដល់ប្រទេសជាសមាជិកអង្គការ NATO និងជាប្រទេស​សម្ព័ន្ធមិត្តអាមេរិកមួយចំនួន ដូចជាចក្រភពអង់ គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ កាណាដា ដែលសុទ្ធសឹងតែជាប្រទេសហត្ថលេខី នៃអនុសញ្ញា​ហាមឃា​ត់​គ្រាប់បែកចង្កោម សូមមានភាពទទួលខុសត្រូវ និងចូលរួមទប់ស្កាត់ឱ្យ​ខាន​តែ​បាន ទៅដល់ប្រធានាធិបតីអាមេរិក ចូ បៃដិន និងប្រធានាធិបតីអ៊ុយក្រែន កុំឱ្យប្រើប្រាស់អាវុធដ៏កាចសាហាវនេះ»។

    ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែននេះ កាលពីថ្ងៃទី៩ ខែកក្កដា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវត្រង់ឆ្ពោះទៅប្រធានាធិបតីអាមេរិក កុំឱ្យប្រើប្រាស់គ្រាប់បែកចង្កោម។

    សម្តេចតេជោ បានលើកឡើងថា ការប្រើប្រាស់គ្រាប់បែកចង្កោម​គឺជាគ្រោះថ្នាក់ធំបំផុត សម្រាប់ប្រជាជនអ៊ុយក្រែនរាប់សិបឆ្នាំ ឬដល់រយ ឆ្នាំទៀតផង ប្រសិនគ្រាប់បែកចង្កោមនេះយកទៅប្រើប្រាស់ក្នុងតំបន់ដែលរុស្ស៉ីកាន់កាប់ក្នុងទឹកដីអ៊ុយក្រែន។

    សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីបទពិសោធន៍ឈឺចាប់របស់កម្ពុជា ដែលទទួលការទម្លាក់គ្រាប់បែកចង្កោមពីអាមេរិកនាដើមទស្សវត្តរ៍១៩៧០ផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា មកដល់ពេលនេះជាងកន្លះសតវត្សរ៍ហើយនៅមិនទាន់រកវិធីបំផ្លាញចោលគ្រាប់បែកទាំងអស់នោះនៅឡើយទេ។

    យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ សហរដ្ឋអាមេរិក មានផែនការបញ្ជូន «គ្រាប់បែកចង្កោម» ទៅឱ្យអ៊ុយក្រែន ដើម្បីប្រើប្រាស់នៅក្នុងការប្រយុទ្ធប្រឆាំង នឹងកងកម្លាំងឈ្លានពានរុស្ស៉ី។

    គម្រោងប្រើប្រាស់គ្រាប់បែកចង្កោមរបស់សហរដ្ឋអាមេរិក កំពុងនាំឱ្យការព្រួយបារម្ភចំពោះការនាំមកនូវមហន្តរាយយ៉ាងធ្ងន់ធ្ងរក្នុងសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន។ មានប្រទេសជាច្រើន រួមទាំងអង្គការសិទ្ធិមនុស្ស សម្តែងប្រតិកម្មនឹងគម្រោងប្រើប្រាស់គ្រាប់បែកចង្កោមរបស់អាមេរិក៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: