Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមជម្រើសជាតិ E-Sports កម្ពុជា ទទួលបានកៅអីជុំផ្ដាច់ព្រ័ត្រកម្រិតពិភពលោក លើវិញ្ញាសា MLBB

    BY Khmerpress July 12, 2023
    ក្រុមជម្រើសជាតិ E-Sports កម្ពុជា ទទួលបានកៅអីជុំផ្ដាច់ព្រ័ត្រកម្រិតពិភពលោក លើវិញ្ញាសា MLBB

    (ភ្នំពេញ)៖ ក្រុមកីឡាអេឡិចត្រូនិច (E-Sports) ជម្រើសជាតិកម្ពុជា បានទទួលកៅអីការប្រកួតកម្រិតពិភពលោក IESF World Esport Championships IASI 2023 លើកទី១៥ នាប្រទេសរ៉ូម៉ានី លើវិញ្ញាសា MLBB បន្ទាប់ពីធ្វើបានល្អក្នុងការប្រកួតជម្រុះកម្រិតអាស៊ី Gamers8 Asian Championship 2023 នៅទីក្រុង Riyadh ប្រទេសរ៉ាប់ប៊ីសាអ៊ូឌីត។

    គួរដឹងថា ការប្រកួត Gamers8 Asian Championship 2023 គឺជាផ្នែកមួយ នៃការប្រកួតជម្រុះដណ្ដើមកៅអីព្រឹត្តិការណ៍កម្រិតភពលោកខាងលើ ដែលធ្វើការប្រកួតពីថ្ងៃទី០៨-១៤ ខែកក្កដា ឆ្នាំ២០២៣ នេះ ដោយក្រុមឈរចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលនីមួយៗ នឹងទទួលបានកៅអីជុំផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ IESF World Esport Championships IASI 2023។

    ចំពោះក្រុមជម្រើសជាតិ E-Sports កម្ពុជា ឬក្រុមអ្នកចម្បាំងអង្គរ ពួកគេធ្វើបានយ៉ាងល្អ សម្រាប់ការប្រកួតក្នុងពូល A ដោយឆ្លងកាត់ ៣ប្រកួតឈ្នះ ២ និងចាញ់ ១ ពោលគឺប្រកួតទី១ យកឈ្នះក្រុមអារ៉ាប់រួម ២-០ មុនចាញ់ក្រុមខ្លាំងម៉ុងហ្គោលី ២-០ វិញ ក្នុងប្រកួតទី២។ ប៉ុន្ដែការប្រកួតទី៣ កាលពីថ្ងៃអង្គារម្សិលមិញ ក្រុមអ្នកចម្បាំងអង្គរ បានយកឈ្នះលើក្រុមនេប៉ាល់ ២-០។

    លទ្ធផលនេះនាំឲ្យក្រុមម៉ុងហ្គោលី ឈរលេខ១ ក្នុងពូល ខណៈកម្ពុជាឈរលេខ២ ក្នុងពូល A ដែលនាំឲ្យក្រុមទាំងពីរ ត្រូវដឹកដៃគ្នាឡើងទៅជុំផ្ដាច់ព្រ័ត្រ IESF World Esport Championships IASI 2023 នៅទីក្រុង IASI ប្រទេសរ៉ូម៉ានី ដែលគ្រោងធ្វើការប្រកួត ចាប់ពីថ្ងៃទី២៥ ខែសីហា ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ។

    យ៉ាងណាមិញមុនឈានការប្រកួតកម្រិតពិភពលោកខាងលើ ក្រុមអ្នកចម្បាំងអង្គររបស់កម្ពុជា មិនទាន់បញ្ចប់ភារកិច្ចក្នុងការប្រកួតពានរង្វាន់ Gamers8 Asian Championship 2023 នោះទេ ពោលគឺក្រុមជម្រើសជាតិកម្ពុជា ត្រូវជួបក្រុមជម្រើសជាតិហ្វីលីពីន នាល្ងាចថ្ងៃទី១២ ខែកក្កដានេះ ក្នុងវគ្គ Play-Off ដើម្បីប្រជែងកៅអីវគ្គបន្ដ នៃព្រឹត្តិការណ៍កម្រិតទ្វីបអាស៊ី។

    ទន្ទឹមជាមួយគ្នាដែរ កីឡាករ សូ ម៉ារ៉ា ប្រធានក្រុមអ្នកចម្បាំងអង្គរ បានសម្ដែងការសប្បាយចិត្ត និងមានមោទនភាពជាខ្លាំង ក្រោយក្រុមខ្លួនបានទទួលកៅអីចូលរួមការប្រកួតកម្រិតពិភពលោក នាខែសីហាខាងមុខ។ មិនតែប៉ុណ្ណោះ ខ្លួន និងមិត្តរួក្រុម បានប្ដេជ្ញានឹងខំប្រឹងធ្វើឲ្យបានកាន់តែល្អ ក្នុងការប្រកួត Play-Off ជាមួយក្រុមជម្រើសជាតិហ្វីលីពីន ដើម្បីឡើងវគ្គបន្ដ និងដណ្ដើមចំណាត់ថ្នាក់ល្អជូនជាតិទៀតផង៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: