ឯកឧត្តម គួច ចំរើន សូមឱ្យប្រជាពលរដ្ឋទាំងអស់ ផ្អាកការធ្វើដំណើរទៅលម្ហសមុទ្រ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃនេះតទៅ រង់ចាំដល់អាកាសធាតុល្អប្រសើរឡើងវិញ
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបង្ហោះវីដេអូ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមផ្អាកការធ្វើដំណើរតាមផ្លូវសមុទ្រ ជាបណ្តោះអាសន្ន រង់ចាំដល់អាកាសធាតុបានល្អប្រសើរឡើងវិញ។
តាមរយៈសារជាវីដេអូរបស់ ឯកឧត្តម គួច ចំរើន បានអំពាវនាវ សូមឱ្យផ្អាកការធ្វើដំណើរតាមផ្លូវសមុទ្រ ជាបណ្តោះអាសន្ន ដោយឯកឧត្តម បានមានប្រសាសន៍ថា៖ «សូមជម្រាបជូនដល់សាធារណជនទាំងអស់ ដោយផ្អែកតាមការព្យាករណ៍របស់ឧតុនិយម របស់ក្រសួងធនធានទឹក បានបញ្ជាក់ថា ចាប់ពីព្រឹកថ្ងៃសៅរ៍នេះតទៅ អាកាសធាតុមិនអំណោយផលទេ គឺមានភ្លៀង លាយឡំទៅដោយខ្យល់ខ្លាំង និងមានរលកធំ ដែលអាចបង្កឱ្យមានហានិភ័យដល់អ្នកធ្វើដំណើរនៅតាមផ្លូវទឹក។»
ដូច្នេះ យើងខ្ញុំសម្រេចចិត្ត សូមផ្អាកការធ្វើដំណើរនៅតាមផ្លូវទឹកជាបណ្ដោះអាសន្ន រង់ចាំដល់អាកាសធាតុបានល្អប្រសើរឡើងវិញ សូមកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ច សហការជាមួយក្រុមហ៊ុនសេវាកម្មដឹកជញ្ជូនទាំងអស់ រៀបចំការផ្អាកធ្វើដំណើរនេះឱ្យបានល្អប្រសើរ។ សូមឱ្យសមត្ថកិច្ចទំនាក់ទំនងឱ្យបានល្អជាមួយនឹងសហគមន៍ក្រុមគ្រួសារប្រជានេសាទ ដោះស្រាយបញ្ហាមួយចំនួន ដូចជា ទាក់ទងជាមួយបងប្អូនប្រជានេសាទ ដែលបានចេញទៅលម្ហសមុទ្រហើយ គឺធ្វើយ៉ាងណាខិតខំរកមធ្យោបាយទំនាក់ទំនងទៅតាមទម្លាប់ ដោយផ្ដល់ព័ត៌មានជូនពួកគាត់ បានទៅរកទីកោះដែលនៅក្បែរបំផុតចូលស្នាក់នៅជាបណ្ដោះអាសន្ន។
ដោយឡែក អ្នកដែលមិនទាន់បានចេញដំណើរទៅ ក៏សូមឱ្យផ្អាកចេញដំណើរទៅនេសាទចាប់ពីថ្ងៃនេះជាបណ្ដោះអាសន្ន។ សូមឱ្យខិតខំក្នុងការផ្ដល់ព័ត៌មាន ឱ្យបានជាក់លាក់ អ្នកដែលបានចាកចេញទៅហើយនោះ យើងបានព័ត៌មានគ្រប់គ្រង និងត្រៀមបង្កាដោះស្រាយក្នុងករណីដែលមានហានិភ័យកើតឡើង ក្នុងករណីដែលទទួលបានព័ត៌មានបែបណាមួយនោះ ក៏សូមឱ្យខិតខំដោះស្រាយ រាយការណ៍ឱ្យបានលឿនបំផុត ដើម្បីរួមគ្នាក្នុងការដោះស្រាយបញ្ហា ប្រសិនបើកើតមានឡើង។ សូមយកចិត្តទុក និងអនុវត្តឱ្យបានល្អប្រសើរទាំងអស់គ្នា ៕ ប្រភព៖ គួចចំរើន/KuochChamroeun