ព័ត៌មានជាតិ
ភ្ញៀវទេសចរចំនួន៧០៨នាក់ ដែលជាប់លើកោះរ៉ុង និងកោះរ៉ុងសន្លឹម ដោយសារអាកាសធាតុមិនល្អ ត្រូវបានបញ្ជូនមកកាន់ដីគោកដោយសុវត្ថិភាព
BY Khmerpress
July 17, 2023
(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជូនកប៉ាល់ចំនួន៦គ្រឿង ដឹកជញ្ជូនភ្ញៀវទេសចរចំនួន៧០៨នាក់ ក្នុងនោះ ស្រី៣៤៧ និងក្មេង១៥នាក់ ដែលជាប់នៅលើកោះរ៉ុង និងកោះរ៉ុងសន្លឹម ដោយសារបញ្ហាអាកាសធាតុ មកដីគោក ដោយសុវត្ថិភាពហើយ។
ជាមួយគ្នានេះលោក គួច ចំរើន រួមជាមួយនឹងថ្នាក់ដឹកនាំខេត្ត ក៏បានអញ្ជើញមកទទួលស្វាគមន៍ និងរង់ចាំទទួលភ្ញៀវទេសចរទាំងនោះនៅកំពង់ផែទេសចរណ៍ក្រុងព្រះសីហនុផងដែរ។
សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុន អភិបាលខេត្តព្រះសីហនុ បានជូនដំណឹងផ្អាក មិនឱ្យមានការដឹកជញ្ជូនភ្ញៀវទេសចរទៅបណ្ដាកោះ និងផ្អាកការចេញនេសាទ ដោយសារអាកាសធាតុមិនល្អ ពោលមានភ្លៀងខ្យល់រលក បោកបក់ខ្លាំង អាចបង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នកដែលធ្វើដំណើរនៅលើផ្ទៃសមុទ្រ៕ ផ្តល់សិទ្ធិដោយ៖ freshnews










