Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសាធារណការ នឹងយកកម្រៃលើសេវាបញ្ចូលថាមពលយានយន្តអគ្គិសនី ដោយគិតតម្លៃ ១.៦០០រៀលក្នុង១គីឡូវ៉ាត់

    BY Khmerpress July 25, 2023
    ក្រសួងសាធារណការ នឹងយកកម្រៃលើសេវាបញ្ចូលថាមពលយានយន្តអគ្គិសនី ដោយគិតតម្លៃ ១.៦០០រៀលក្នុង១គីឡូវ៉ាត់

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥​ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់
    ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹង ស្តីពីការយកកម្រៃ លើសេវាបញ្ចូលថាមពលយានយន្តអគ្គិសនី ក្រោមការគ្រប់គ្រង របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

    ដើម្បីធ្វើជាមូលដ្ឋានក្នុងការកំណត់តម្លៃជាក់លាក់ លើការធ្វើអាជីវកម្មស្ថានីយបញ្ចូលថាមពលអគ្គិសនីរវាងប្រតិបត្តិករ និងអ្នកប្រើប្រាស់ទាំងអស់ឱ្យមាន គណនេយ្យភាព ប្រសិទ្ធភាព ប្រកបដោយនិរន្តភាព។

    ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូន សាធារណជនដែលប្រើប្រាស់សេវាបញ្ចូលថាមពលយានយន្តអគ្គិសនី មេត្តាជ្រាបថា ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣តទៅ រាល់ការប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ស្ថិតក្រោមការ គ្រប់គ្រង និងផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងត្រូវគិតតម្លៃ ១.៦០០រៀល (មួយពាន់ ប្រាំមួយរយរៀល) ក្នុង១គីឡូវ៉ាត់ម៉ោង។

    អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា សាធារណជននឹងចូលរួមសហការអនុវត្តន៍តាមសេចក្ដីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

    Share This Post: