អភិបាលខេត្តកំពង់ស្ពឺ ជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលមានបំណងប្រើប្រាស់ផ្លូវជាតិលេខ៤ សូមរកផ្លូវវាងបណ្ដោះអាសន្នសិន ដោយសារជំនន់ទឹកភ្លៀងបណ្ដាលលិចផ្លូវ
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃ គណៈអភិបាលខេត្តកំពង់ស្ពឺ បានប្រកាសឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានបំណងធ្វើដំណើរនៅផ្លូវជាតិលេខ៤ សូមមេត្តារកផ្លូវវាងបណ្ដោះអាសន្នសិន ដោយសារជំនន់ទឹកភ្លៀងបានបណ្ដាលឱ្យលិចផ្លូវ។
ឯកឧត្តម វ៉ី សំណាង បានសរសេររៀបរាប់ក្នុងគណនីហ្វេសប៊ុកឱ្យដឹងថា៖ «សូមជម្រាបជូនដំណឹងដល់ពុកម៉ែ មាមីង បងប្អូន កូនក្មួយ ដែលមានបំណងប្រើប្រាស់ផ្លូវជាតិលេខ៤ សូមរកផ្លូវវាង បណ្ដោះអាសន្នសិន (អាចប្រើប្រាស់ផ្លូវល្បឿនលឿន) ។ មូលហេតុដោយជំនន់ទឹកភ្លៀងបានបណ្ដាលឱ្យលិចផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១០៧ ១០៨ ( កម្ពស់30cm )។ ហើយភ្លៀងនៅតែបន្តធ្លាក់។ ដូច្នេះសូមពុកម៉ែ មាមីង បងប្អូន កូនក្មួយ មេត្តាជ្រាបជាព័ត៌មាន។ សូមអរគុណ!»
គួរបញ្ជាក់ផងដែរថា ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះ កម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប អូសបន្លាយលើអាងទន្លេមេគង្គភាគខាងលើ កាត់ប្រទេសថៃ ឡាវ និងភាគកណ្តាលវៀតណាម ជាមួយនិងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម ដែលអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងបង្គួរ ដោយផ្នែកលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ ៕ ប្រភព៖ Vei Samnang





