Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរ និងមន្រ្តីជំនាញខេត្តមណ្ឌលគិរី កំពុងឈូសឆាយធ្វើផ្លូវវាងថ្មី ធ្វើដំណើរបណ្ដោះអាសន្ន

    BY Khmerpress August 2, 2023
    អាជ្ញាធរ និងមន្រ្តីជំនាញខេត្តមណ្ឌលគិរី កំពុងឈូសឆាយធ្វើផ្លូវវាងថ្មី ធ្វើដំណើរបណ្ដោះអាសន្ន

    (មណ្ឌលគិរី)៖ ផ្លូវជាតិលេខ៧៦A នៅខេត្តមណ្ឌលគិរី បានបាក់ស្រុតដីចូលទៅក្នុងជ្រោះប្រវែង៥០ម៉ែត្រ ត្រង់ចំណុចអូរងើយ ក្នុងភូមិសាស្ត្រ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ចន្លោះគីឡូម៉ែត្រលេខ៩១ ដល់គីឡូម៉ែត្រ៩៩។

    អភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន បានបញ្ជាឱ្យផ្អាកការធ្វើចរាចរណ៍បណ្តោះអាសន្នមួយរយៈសិន ដោយរង់ចាំអាជ្ញាធរឈូសឆាយផ្លូវវាង ដើម្បីសម្រួលដល់កាធ្វើចរាចរណ៍ឡើងវិញ នៅចំណុចបាក់ស្រុតខាងលើនេះ។ លោក សៀក មុន្នី អភិបាលស្រុកអូររាំង រសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ បានប្រាប់អង្គភាព Fresh News ប្រចាំខេត្តមណ្ឌលគិរីថា ចំពោះការបាក់ស្រុតផ្លូវថ្នល់នៅទីតាំងខាងលើនោះមានប្រវែង៥០ម៉ែត្រ។

    លោកបញ្ជាក់ថា នៅរសៀថ្ងៃទី២ ខែសីហានេះ អាជ្ញាធរ និងមន្រ្តីជំនាញពាក់ព័ន្ធបានសហការគ្នា យកគ្រឿងចក្រឈូសឆាយធ្វើផ្លូវវាងថ្មី ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋជាបណ្ដោះអាសន្នឡើងវិញ។ លោកឧត្តមសេនីយទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៧៦A ដែលត្រូវបាក់ស្រុតទាំងស្រុង នៅចំណុចអូរងើយ ត្រូវបានផ្អាកទាំងស្រុង ក្នុងនោះកម្លាំងស្នងការនគរបាលខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកអូររាំង និងស្រុកកែវសីមា ប្រជាការពារ រួមទាំងអាជ្ញាធរមូលដ្ឋាន ចុះហាមឃាត់មិនឲ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់នោះទេ។

    ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានឧបត្ថម្ភអាវភ្លៀង និងគ្រឿងឧបភោគបរិភោគដល់កម្លាំង ដែលប្រចាំការនៅចំណុចបាក់ស្រុតនោះផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: