Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គិភ័យឆេះអគារស្នាក់នៅមួយកន្លែង ក្រុងប៉ោយប៉ែត បណ្ដាលឲ្យជនបរទេស៤នាក់រងរបួស

    BY Khmerpress August 4, 2023
    អគ្គិភ័យឆេះអគារស្នាក់នៅមួយកន្លែង ក្រុងប៉ោយប៉ែត បណ្ដាលឲ្យជនបរទេស៤នាក់រងរបួស

    (បន្ទាយមានជ័យ)៖ អគារស្នាក់នៅមួយកន្លែងឈ្មោះ «វី៩» ដែលមានទីតាំងស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានអគ្គិភ័យឆាប់ឆេះ នៅល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ បណ្ដាលឲ្យជនជាតិឥណ្ឌូនេស៉ី ចំនួន៤នាក់រងរបួស។

    ក្នុងហេតុការណ៍នេះ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំកងកម្លាំងសមត្ថកិច្ច ដើម្បីអន្តរាគមន៍ជួយពន្លត់អគ្គិភ័យ ដោយប្រើប្រាស់រថយន្តចំនួន២គ្រឿង បំពង់ពន្លត់អគ្គិភ័យប្រមាណជិត២០បំពង់។

    សមត្ថកិច្ចបានឲ្យដឹងថា អគារស្នាក់យីហោ វី៩ ដែលជនបរទេសជួលធ្វើជាអគារស្នាក់នៅនេះ មានកម្ពស់១០ជាន់ ឆេះចេញពីបន្ទប់លេខ៩០១ នៅជាន់ទី៨ ដែលបង្កឲ្យជនជាតិឥណ្ឌូនេស៊ី ឈ្លក់ផ្សែង និងភិតភ័យលោតពីលើអគាររងរបួសធ្ងន់ ស្រាលចំនួន៤នាក់ ក្នុងនោះម្នាក់លោតទម្លាក់ខ្លួនពីជាន់ទី៩ បណ្ដាលឲ្យបាក់ដៃ និងបែកមុខ។។

    បើតាមសមត្ថកិច្ច ករណីដែលបង្កឲ្យមានអគ្គិភ័យឆាបឆេះនេះ គឺបណ្តាលមកពីជនជាតិឥណ្ឌូនេស៊ី ដែលស្នាក់នៅជក់បារី ហើយចោលកន្ទុយបារីនៅលើពូក ទើបបណ្តាលឲ្យឆាបឆេះបង្កការភ្នាក់ផ្អើលតែម្តង៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: