Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តមណ្ឌលគិរី បើកឱ្យធ្វើចរាចរបណ្តោះអាសន្នយានយន្តប្រភេទទេសចរណ៍ និងទោចក្រយានយន្ត នៅលើផ្លូវជាតិលេខ៧៦A ចន្លោះគីឡូម៉ែត្រលេខ៩៣-៩៥ ក្នុងស្រុកអូររាំង

    BY Khmerpress August 8, 2023
    រដ្ឋបាលខេត្តមណ្ឌលគិរី បើកឱ្យធ្វើចរាចរបណ្តោះអាសន្នយានយន្តប្រភេទទេសចរណ៍ និងទោចក្រយានយន្ត នៅលើផ្លូវជាតិលេខ៧៦A ចន្លោះគីឡូម៉ែត្រលេខ៩៣-៩៥ ក្នុងស្រុកអូររាំង

    ខេត្តមណ្ឌលគិរី ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តមណ្ឌលគិរី បានចេញសេចក្តីជូនដំណឹងស្តីពី ការបើកធ្វើចរាចរបណ្តោះអាសន្នយានយន្តប្រភេទទេសចរណ៍ និងទោចក្រយានយន្តនៅលើផ្លូវជាតិលេខ៧៦A ចន្លោះគីឡូម៉ែត្រលេខ ៩៣ គីឡូម៉ែត្រលេខ ៩៥ ក្នុងភូមិសាស្រ្តស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

    រដ្ឋបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា បន្ទាប់ពីទទួលរងនូវការបាក់ស្រុតផ្លូវ និងដាច់ផ្លូវនៅចន្លោះ គីឡូម៉ែត្រលេខ៩៣ ដល់គីឡូម៉ែត្រលេខ៩៥ ផ្លូវជាតិលេខ៧៦ ចន្លោះពីស្រុកអូររាំង ទៅស្រុកកែវសីមា (ចំណុចអូរងើយ) ដែលបានធ្វើឱ្យមានការផ្អាកការធ្វើ ចរាចរមួយរយៈ ។ ដោយមានការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត ក្រោមការដឹកនាំ និងចង្អុល បង្ហាញរបស់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួមពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកអូររាំង បានធ្វើការឈូសឆាយផ្លូវវាងរួចរាល់ និងត្រូវបានអនុញ្ញាតឱ្យធ្វើចរាចរ ជាបណ្តោះអាសន្នជូនដល់សាធារណៈជន ម្ចាស់យានយន្តដឹកទំនិញធុនស្រាល អ្នកធ្វើដំណើរតាមមធ្យោបាយយាន យន្តប្រភេទទេសចរណ៍ និងទោចក្រយានយន្ត ចាប់ពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣នេះតទៅ ។

    ដោយឡែក សម្រាប់ប្រភេទរថយន្តដឹកទំនិញធុនធ្ងន់មិនត្រូវបានអនុញ្ញាតឱ្យធ្វើចរាចរឆ្លងកាត់តាមផ្លូវវាង ដែលរដ្ឋបាលខេត្ត បានធ្វើការឈូសឆាយជួយសម្រួលក្នុងការធ្វើចរាចរនោះទេ ដោយត្រូវរងចាំជំនាញធ្វើការពិនិត្យ សិក្សា និងជួសជុលឱ្យ បានរួចរាល់សិនមុននឹងអនុញ្ញាតឱ្យធ្វើចរាចរឡើងវិញ និងជូនដំណឹងនៅពេលក្រោយ។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ សូមសាធារណៈជន ម្ចាស់យានយន្តដឹកទំនិញធុន ស្រាល អ្នកធ្វើដំណើរតាមមធ្យោបាយយានយន្តប្រភេទទេសចរណ៍ និងទោចក្រយានយន្តគ្រប់ប្រភេទ មេត្តាជ្រាបជា ព័ត៌មាន។

    រដ្ឋបាលខេត្តមណ្ឌលគិរី នឹងបន្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងជំរុញការងារសាងសង់ផ្លូវ វាងនេះឱ្យបានរួចរាល់ជាស្ថាពរ ដើម្បីជួយសម្រួលការធ្វើចរាចរ និងអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ រួមទាំងប្រភេទ រថយន្តធុនធ្ងន់ បានធ្វើចរាចរឆ្លងកាត់ នាពេលឆាប់ៗខាងមុខនេះ ៕ ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី

    Share This Post: