Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជារកចំណូលបានជាង ២៦០០លានដុល្លារ ពីការនាំចេញកសិផល នៅរយៈពេល៧ខែឆ្នាំនេះ

    BY Khmerpress August 8, 2023
    កម្ពុជារកចំណូលបានជាង ២៦០០លានដុល្លារ ពីការនាំចេញកសិផល នៅរយៈពេល៧ខែឆ្នាំនេះ

    (ភ្នំពេញ)៖ ការនាំចេញកសិផលរបស់កម្ពុជា នៅរយៈពេល៧ខែ ឆ្នាំ២០២៣នេះ សម្រេចបានទឹកប្រាក់ជាង២៦០០លានដុល្លារ ធ្លាក់ចុះ១៩.២០ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។ នេះបើតាមរបាយការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

    បើតាមកញ្ញា អ៉ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម ការនាំចេញកសិផលទៅក្រៅប្រទេស ដែលអគ្គនាយកដ្ឋានកសិកម្មទទួលបាន ផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានបរិមាណសរុប ៤ ៥១៤ ៨៩៣.៧៤តោន ក្នុងនោះអង្ករចំនួន ៣៦២ ៧០៨តោន, ស្រូវចំនួន ១ ៥១០ ៨៥០តោន និងកសិផលក្រៅពីស្រូវ-អង្ករចំនួន ២ ៦៤១ ៣៣៥.៧៤តោន ទៅកាន់ទិសដៅ ៦៨ប្រទេសថយចុះ ១៩.២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

    ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣ ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ទទួលបានពីការនាំចេញកសិផលមានចំនួន ២ ៦២៩ ៥៩៦ ៥២៤.៥៦ដុល្លារ ក្នុងនោះតម្លៃពីការនាំចេញអង្ករមានចំនួន ៣១៣ ៧៤២ ៤២០ដុល្លារ តម្លៃពីការនាំចេញស្រូវមានចំនួន ៥០៤ ៧១៤ ៣៧២ដុល្លារ និងតម្លៃការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន១ ៨១១ ១៣៩ ៧៣២.៥៦ដុល្លារ។

    អ្នកនាំពាក្យបន្ថែមថា «ថ្វីត្បិតតែការនាំចេញកសិផល ទៅទីផ្សារក្រៅប្រទេស មាននិន្នាការថយចុះបន្តិចមែន ប៉ុន្តែបើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៣ ឃើញថា មានកំណើនចំនួន ៣.៣២% ដែលនេះជាសញ្ញាណវិជ្ជមាន ឈានទៅរកការកើនឡើងនៅពេលវេលាខាងមុខ។ កើនឡើងដោយសារតែ បច្ចុប្បន្ននេះ ប្រទេសឥណ្ឌាបានប្រកាសបិទការនាំចេញអង្ករ ដើម្បីរក្សាសន្តិសុខស្បៀងក្នុងប្រទេសរបស់ខ្លួន»។

    កញ្ញាបន្តថា តម្លៃអង្ករលើទីផ្សារអន្តរជាតិ បាននិងកំពុងតែហក់ឡើង។ ម្ល៉ោះហើយ កម្ពុជាកំពុងតែសិក្សាអំពីយុទ្ធសាស្ត្រ ដែលអាចទាញយកផលប្រយោជន៍ខាងសេដ្ឋកិច្ច ពីព្រឹត្តិការណ៍នេះ តាមរយៈការបង្កើនសមត្ថភាពឱ្យរោងម៉ាស៊ីន ក្នុងស្រុកប្រមូលទិញស្តុកទុក បង្កើនការកែច្នៃ និងនាំចេញផ្ទាល់ទៅកាន់ទីផ្សារអន្តរជាតិ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: