Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តព្រះសីហនុ ជួបសំណេះសំណាល លើកទឹកចិត្ត និងឧបត្ថមថវិកា១ម៉ឺនដុល្លារ ដល់ក្រុមកីឡាករបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលទទួលជយលាភី និងពានរង្វាន់ពីលោក ស សុខា

    BY Khmerpress August 11, 2023
    អភិបាលខេត្តព្រះសីហនុ ជួបសំណេះសំណាល លើកទឹកចិត្ត និងឧបត្ថមថវិកា១ម៉ឺនដុល្លារ ដល់ក្រុមកីឡាករបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលទទួលជយលាភី និងពានរង្វាន់ពីលោក ស សុខា

    (ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាល លើកទឹកចិត្ត និងបានឧបត្ថម្ថថវិកាចំនួន ១០,០០០ដុល្លារ ដល់ក្រុមកីឡាករបាល់ទះ នៃស្នងការដ្ឋាននគបាលខេត្តព្រះសីហនុ ដែលទើបតែទទួលបានជ័យលាភី និងពានរង្វាន់ពីលោក ស សុខា ឆ្នាំ២០២៣។

    ពិធីសំណេះសំណាលធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីសំណាក់លោកឧត្តមសេនីយទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត និងជាប្រធានក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្ត, ស្នងការរង អភិបាលរងខេត្ត និងប្រធានមន្ទីអង្គភាព ព្រមទាំងកីឡាករជាច្រើនរូប។

    នាឱកាសនោះលោក គួច ចំរើន បានកោតសរសើរ និងលើកទឹកចិត្តដល់ក្រុមកីឡាករទាំងអស់ ដែលបានខិតខំប្រឹងប្រែងចូលរួមប្រកួតហើយដណ្តើមបានពានរង្វាន់របស់លោក ស សុខា ឆ្នាំ២០២៣។ ជ័យជំនះដ៏ត្រចះត្រចង់នេះ គឺពិតជាបានបង្ហាញពីការរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយដល់មុខមាត់ និងកិត្តិយសរបស់ខេត្តព្រះសីហនុទាំងមូល។

    លោកអភិបាលខេត្តបានបន្តថា កីឡា គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រោះកីឡាជាប្រភពនៃសុខភាព មានសុខភាព គឺមានអ្វីៗគ្រប់យ៉ាង បាត់បង់សុខភាព គឺបាត់បង់អ្វីៗគ្រប់យ៉ាងដូច្នោះដែរ។

    លោកឧត្តមសេនីយ៍ទោ ជួន ណា រិន្ទ បានថ្លែងអំណរយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្ត និងការគិតគូររបស់លោកអភិបាលខេត្ត ដែលបានឆ្លៀតឱកាសដ៏មានតម្លៃអញ្ជើញចូលរួមដើម្បីលើកទឹកចិត្ត និងបានជួយឧបត្ថម្ភនូវថវិកាដល់ទៅ ១ម៉ឺនដុល្លារដល់ក្រុមកីឡាបាល់ទះខេត្តព្រះសីហនុនៅពេលនេះ។

    គួរបញ្ជាក់ដែរថា ប្រកួតបាល់ទះពានរង្វាន់លោក ស សុខា ឆ្នាំ២០១២៣នេះ គឺជាពានរង្វាន់លើកដំបូង ដែលមានការចូលរួមពីសមាគម ក្លិបចំនួន៩។ កាលពីល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ នៅពេលបិទបញ្ចប់វគ្គផ្តាច់ព្រ័ត លោក ស សុខាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ជាតំណាងនាយឧត្តមសេនីយ៍ នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានប្រគល់ជូនពានរង្វាន់រនៅឯពហុកីឡាដ្ឋានជាតិអូឡាំពិក។

    នាឱកាសនោះដែរ សម្រាប់ជយលាភីលេខ១ គឺបានទៅលើក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ ចំណែកឯជយលាភីលេខ២ គឺបានទៅលើសមាគមកីឡាបាល់ទះវិសាខា និងជយលាភីលេខ៣ បានទៅលើក្លិបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: