Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល សម្រេចបិទសិប្បកម្ម លីង កិន និងវេចខ្ចប់តែ «ហ៉ឺបខ្មែរ Herb Khmer» និងមិនអនុញ្ញាតឱ្យប្រើប្រាស់ផលិតផល «ម្សៅកន្ទួតព្រៃអាយុវែង» ដែលប៉ះពាល់ដល់សុខភាព

    BY Khmerpress August 16, 2023
    ក្រសួងសុខាភិបាល សម្រេចបិទសិប្បកម្ម លីង កិន និងវេចខ្ចប់តែ «ហ៉ឺបខ្មែរ Herb Khmer» និងមិនអនុញ្ញាតឱ្យប្រើប្រាស់ផលិតផល «ម្សៅកន្ទួតព្រៃអាយុវែង» ដែលប៉ះពាល់ដល់សុខភាព

    (ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេចបិទសិប្បកម្ម លីង កិន និងវេចខ្ចប់តែ «ហ៉ឺបខ្មែរ Herb Khmer» និងមិនអនុញ្ញាតឱ្យប្រើប្រាស់ផលិតផល «ម្សៅកន្ទួតព្រៃអាយុវែង» ដែលប៉ះពាល់ដល់សុខភាព។ នេះបើតាមសេចក្តីសម្រេច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែសីហានេះ។

    ក្រសួងសុខាភិបាលបញ្ជាក់ថា តាមការវិភាគគុណភាព នៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល នៃក្រសួងសុខាភិបាល បានបញ្ជាក់លទ្ធផលថាផលិតផល ម្សៅកន្ទួតព្រៃអាយុវែង (AMLA GINGER & CURCUMIN) មានទម្ងន់១២០ក្រាម ក្នុងមួយដបកែវ ដែលបានផ្សព្វផ្សាយលក់តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ឈ្មោះ កន្ទួតព្រៃសុខភាព មានដាក់សារធាតុ Betamethasone និង Meloxicam ដែលនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព របស់អ្នកប្រើប្រាស់។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បញ្ឈប់ការប្រើប្រាស់ផលិតផលនេះជាបន្ទាន់។

    ក្រសួងសុខាភិបាលនឹងសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ បិទសិប្បកម្ម លីង កិន និងវេចខ្ចប់តែ «ហ៉ឺបខ្មែរ Herb Khmer» មានអាសយដ្ឋាន ផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងប្រមូលផលិតផលខាងលើ យកមកកម្ទេចចោល ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់ ដែលបានផលិតមិនត្រឹមត្រូវតាម លក្ខណៈបច្ចេកទេស និងមិនមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល និងគណនីហ្វេសប៊ុកឈ្មោះ កន្ទួតព្រៃសុខភាព ដែលកំពុងផ្សព្វផ្សាយ លក់ផលិតផលឈ្មោះ ម្សៅកន្ទួតព្រៃអាយុវង (AMLA GINGER & CURCUMIN)៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: