សំណល់ប្លាស្ទិកជាគ្រឿងផ្សំដ៏សំខាន់សម្រាប់ផលិតឥដ្ឋអេកូ ដែលមានគុណប្រយោជន៍ដល់បរិស្ថាន
ខេត្តសៀមរាប៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សំណល់សំរាមប្លាស្ទិក ដែលកំពុងបង្កជាការព្រួយបារម្ភជា សកល អំពីការបំពុលបរិស្ថាននោះ ត្រូវបានប្រជាពលរដ្ឋខ្មែរ រួមគ្នាយកមកកែច្នៃធ្វើជាវត្ថុធាតុផ្សំយ៉ាងសំខាន់មួយ ក្នុងការផលិតជាឥដ្ឋសំណង់ ដែលមានឈ្មោះថា” ឥដ្ឋអេកូ ” ដែលជួយទៅដល់គុណ ប្រយោជន៍បរិស្ថាន។
លោក ស្រេង មុនិចិន្តា បុគ្គលិកសម្របសម្រួលសហគមន៍ផ្នែកជីវភាពនៃអង្គការសម្ព័នភាព ដើម្បីអភិរក្សធនធានជលផលបានឱ្យដឹងថា សិប្បកម្មផលិតឥដ្ឋអេកូបានបង្កើតឡើងក្នុងឆ្នាំ២០២២ និងបានចាប់ផ្តើមដំណើរការនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមគម្រោងសម្រប សម្រួលដោយអង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល ហើយបានសហការក្នុងការអនុវត្តគម្រោងផលិតឥដ្ឋអេកូនេះឡើង។
គម្រោងនេះបង្កើតឡើងក្នុងគោល បំណង យកសំណល់ប្លាស្ទិកមកកែច្នៃជារបស់ដែលអាចប្រើប្រាស់បាន កាត់បន្ថយការបំពុលបរិស្ថាន និងបានផ្តល់ឱកាសការងារ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍នោះ។ លោកបន្តថា សំណល់ប្លាស្ទិកដូចជា ស្បោង ឬកញ្ចប់នំចំណី ដែលមិនអាចយកទៅប្រើប្រាស់ឡើងវិញបាន ត្រូវយកទៅលាងសម្អាត ហាលថ្ងៃឱ្យស្ងួត ទើបមកធ្វើជាវត្ថុធាតុដើមយ៉ាងសំខាន់ មកលាយជាមួយខ្សាច់ ស៊ីម៉ង់ និងទឹកទៅតាមបរិមាណដែលកំណត់ ដើម្បីផលិតបានជាឥដ្ឋអេកូ។ លោកបានបញ្ជាក់ថា ឥដ្ឋអេកូមិនត្រឹមតែបានចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់បរិស្ថានប៉ុណ្ណោះទេ វាថែមទាំងមាន គុណប្រយោជន៍យ៉ាងខ្លាំងចំពោះការសាងសង់សំណង់នានា ចំណាយពេលវេលាតិចក្នុងការ សាងសង់ ចំណេញច្រើន មិនខ្ចះខ្ចាយសម្ភារៈសំណង់ មានគុណភាពល្អ និងធ្វើឱ្យលំនៅឋានត្រជាក់ល្អងាយស្រួលរស់នៅជាដើម។ លោកបន្ថែមទៀតថា បច្ចុប្បន្ននេះសំរាមប្លាស្ទិក ដែលយកមកកែច្នៃជាឥដ្ឋបរិស្ថាន ទទួលបានពីអ្នកស្ម័គ្រ ចិត្តនៃគណៈកម្មការសហគមន៍ សាលារៀន និងយុទ្ធនាការប្រមូលពីសហគមន៍ខាងក្រៅ។
ក្នុងមួយថ្ងៃសិប្បកម្មនេះ មានលទ្ធភាពផលិតឥដ្ឋអេកូបានប្រមាណ១ពាន់ដុំ។ ហើយទម្រាំអាចផលិតជាឥដ្ឋអេកូ បានមួយដុំៗ ត្រូវឆ្លងកាត់ដំណាក់ កាលជាច្រើន និងចំណាយពេលយូររហូតដល់២ទៅ៣សប្តាហ៍ឯណោះទើបអាចយកឥដ្ឋនេះទៅប្រើប្រាស់បាន។ អតិថិជន មានន័យថាយើងបានប្រើប្រាស់ឥដ្ឋអេកូមួយដុំ យើងជួយបានមុខរបរដល់សហ គមន៍ យើងជួយដល់សង្គម និងជួយដល់ការអភិរក្សដល់ធនធានជលផល យើងប្រើប្រាស់ឥដ្ឋអេកូយើងជួយបានច្រើន អ៊ីចឹងអ្នកប្រើប្រាស់ឥដ្ឋអេកូគឺលក់សុបិនល្អដោយសារមានសេចក្តីសុខក្នុងការជួយអ្នកដទៃ។
សូមជម្រាបផងដែរថា សិប្បកម្មផលិតឥដ្ឋអេកូ មានទីតាំងក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប។ ចាប់តាំងពីដំណើរការចង្វាក់ផលិត កម្ម រហូតមកដល់បច្ចុប្បន្ន សិប្ប កម្មឥដ្ឋអេកូ បានលក់ចេញផលិត ផលឥដ្ឋរបស់ខ្លួនទៅកាន់ទីផ្សារ បានប្រមាណជាង១ពាន់ការ៉េហើយ ដោយឥដ្ឋមួយដុំ តម្លៃជាង៨០០ រៀល និងមួយការ៉េ៨.៥០ដុល្លារ។ ឥដ្ឋអេកូ អាចផលិតបានចំនួនពីរពណ៌ គឺពណ៌ស និងក្រហម ដោយបែងចែកជាពីរប្រភេទ មានឥដ្ឋលាត និងឥដ្ឋក្បាច់ មានក្បាច់ផ្កាច័ន្ទ សំបកឈើ និងក្បាច់រូបនាគ៕ ប្រភព៖ ក្រសួងព័ត៌មាន






