Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តមកិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត៖ កម្មវិធីស្វែងរកការងារធ្វើជូន​ប្រជា​ពល​រដ្ឋរបស់រាជរដ្ឋាភិបាលគឺនៅតែធ្វើជារៀងរហូត

    BY Khmerpress September 1, 2023
    ឯកឧត្តមកិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត៖ កម្មវិធីស្វែងរកការងារធ្វើជូន​ប្រជា​ពល​រដ្ឋរបស់រាជរដ្ឋាភិបាលគឺនៅតែធ្វើជារៀងរហូត

    ខេត្តកណ្តាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា​បានថ្លែងថា កម្មវិធីស្វែងរកការងារធ្វើ និងបង្កើនជីវភាពរស់នៅឱ្យកាន់តែប្រសើរ​ជូនប្រជាពលរដ្ឋរបស់រាជរដ្ឋាភិបាលគឺនៅតែ​ធ្វើ​ជារៀងរហូត ហើយសូមឱ្យជឿទុកចិត្ត​លើ​រាជរដ្ឋាភិបាល។ ឯកឧត្តមកិត្តិទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាស​អញ្ជើញ​ចុះ​ជួប​សំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ១៨ ២៨៩ នាក់ មកពី​តាម​​បណ្តា​រោងចក្រ សហគ្រាស នៅក្រុងតាខ្មៅ ខេត្តកណ្តាល។

    ឯកឧត្តមកិត្តិទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិ​បាល នៅតែបន្តទិសដៅសំខាន់បំផុតគឺយកប្រជាជនជាធំ ក្នុងការបម្រើ និងបំពេញភារ​កិច្ច ហើយគោលនយោយមិនត្រូវធ្វើការធ្វើការផ្លាស់ប្តូរភ្លាមៗ ឬកាច់ចង្កូតចុះឡើងនោះទេ បើធ្វើបែបនេះ នឹងធ្លាក់ជង្ហុកឥឡូវហើយ។

    ឯកឧត្តមកិត្តិទេសាភិបាល​បណ្ឌិតបានបន្ដថា ការអនុវត្ដនេះគឺត្រូវមានបន្ទាត់នយោបាយមួយដែលត្រូវធ្វើ និងផ្តល់ប្រយោជន៍​ជូនប្រជា​ជន​ឱ្យមានជីវភាពរស់នៅល្អប្រសើរឡើងព្រោះថា ឥឡូវ ប្រទេសមានទំនើបកម្ម និងធ្វើ​សមាហរណកម្មលើពិភពលោក ហើយធ្វើការប្រកួតប្រជែងជា មួយប្រទេសផ្សេងៗ។

    ឯកឧត្តមនាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថា៖ «អីចឹងយើងត្រូវធ្វើការធ្វើការធានានូវ​សមត្ថ​ភាពចំពោះការប្រកួតប្រជែង ហើយសមត្ថភាពនេះអាស្រ័យលើប្រជាពលរដ្ឋដែលមាន​សមត្ថភាពក្នុងការប្រកួតប្រជែង ដែលចំណុចនេះ យើងគឺច្រើនដូចជាសុខភាព ការរៀន​សូត្រជាដើម»

    ឯកឧត្តមកិត្តិទេសាភិបាល​បណ្ឌិតបានបញ្ជាក់ទៀតថា អ្វីដែលរាជរដ្ឋាភិបាលខិតខំ​ធ្វើ​មកដល់ពេលនេះ​សុទ្ធតែធ្វើដើម្បីប្រយោជន៍ប្រជាពលរដ្ឋ ហើយក៏នឹងធ្វើបន្តបន្ទាប់​ទៀត។ ឯកឧត្តមនាយករដ្ឋមន្រ្ដីគូសបញ្ជាក់បន្ថែមថា៖ «សូមបងប្អូនជឿ​ចុះ​ដរាបណាបង​ប្អូននៅបន្តជឿលើគណបក្សប្រជាជនឱ្យនៅដឹកនាំប្រជាពលរដ្ឋ គឺគោលនយោ​បាយបម្រើ​ប្រជាពលរដ្ឋ គឺបង្កើតការងារ គុណភាព ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនឹងត្រូវ​បន្តជា​ជានិច្ច»។

    ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតក៏បានឱ្យដឹងទៀតថា នេះគឺជាការប្តេជ្ញាចិត្ត និងជាការធ្វើរួចមកហើយរបស់រាជរដ្ឋាភិបាល និងបន្តធ្វើទៀត។ ឯកឧត្តមកិត្តិទេសាភិ​បាល​​ប​ណ្ឌិត ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យបណ្តាក្រសួង ស្ថាប័ន​ទាំង​អស់ ត្រូវតែធ្វើការ​បម្រើ​ប្រជាពលរដ្ឋជាធំក្នុងការបំពេញការងាររបស់ខ្លួន៕ ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: