Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឧបនាយករដ្ឋមន្ដ្រី ស សុខា ស្នើឲ្យសិក្សាលទ្ធភាពនាំយកព្រឹត្តិការណ៍ World Police and Fire Games មករៀបចំនៅកម្ពុជា

    BY Khmerpress September 8, 2023
    ឧបនាយករដ្ឋមន្ដ្រី ស សុខា ស្នើឲ្យសិក្សាលទ្ធភាពនាំយកព្រឹត្តិការណ៍ World Police and Fire Games មករៀបចំនៅកម្ពុជា

    (ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្នើឲ្យថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញ ធ្វើការត្រួតពិនិត្យនូវលក្ខខណ្ឌ និងសិក្សាពីលទ្ធភាព ដើម្បីស្នើសុំធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក (World Police and Fire Games) ក្នុងកម្រិតណាមួយនាថ្ងៃអនាគត។

    ការណែនាំរបស់លោកអភិសន្ដិបណ្ឌិត ស សុខា នេះធ្វើឡើងក្នុងជំនួបសំណេះសំណាលជាមួយប្រតិភូ និងអត្តពលិក នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមអត្តពលិកកីឡានគរបាលជាតិកម្ពុជា បានទទួលជោគជ័យដ៏ត្រចះត្រចង់ ក្នុងព្រឹត្តិការណ៍ World Police and Fire Games 2023 នៅទីក្រុង Winnipeg ប្រទេសកាណដាកាលពីថ្មីៗ។

    ថ្លែងនាឱកាសនោះ លោកឧបនាយករដ្ឋមន្ដ្រី បានកោតសរសើរ ចំពោះថ្នាក់ដឹកនាំ ប្រតិភូ ពិសេសកីឡាករ-កីឡាការិនីទាំងអស់ ដែលបានខិតខំប្រឹងប្រែង ទាំងការហ្វឹកហាត់ និងការប្រកួត ពិសេសគោរពនូវវិស័យ រហូតដណ្ដើមមេដាយជូនជាតិជាបន្ដបន្ទាប់។ ជាក់ស្ដែងក្រៅពីព្រឹត្តិការណ៍កីឡានគរបាលពិភពលោកខាងលើ កីឡាករ-កីឡាការិនីក្រសួងមហាផ្ទៃភាគច្រើន ក៏បានរួមចំណែកដណ្ដើមបានមេដាយប្រមាណ ៤៨% នៃមេដាយសរុប ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។

    សមិទ្ធផលនេះ ត្រូវបានលោកអភិសន្ដិបណ្ឌិត ចាត់ទុកជាជោគជ័យ និងមោទនភាពមួយសម្រាប់វិស័យកីឡា ក្នុងក្របខណ្ឌនគរបាលនៃក្រសួងមហាផ្ទៃ។ បន្ថែមលើនេះ លោកបានជំរុញឲ្យថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ត្រូវបន្ដខំប្រឹងហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមចូលរួមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ខណៈលោកបានស្នើឲ្យធ្វើការសិក្សាពីលទ្ធភាពស្នើសុំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ World Police and Fire Games បន្ទាប់ពីការប្រកួតឆ្នាំ២០២៥ នៅសហរដ្ឋអាមេរិកទៀតផង។

    ឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ដថា «ឆ្នាំ២០២៥ អាមេរិកនឹងធ្វើម្ចាស់ផ្ទះ World Police and Fire Games នៅទីក្រុង Birmingham តែតាមខ្ញុំដឹង ឆ្នាំ២០២៧ មិនទាន់មានអ្នកកំណត់មុខសញ្ញាណាមួយនោះទេ តែមានប្រទេសមួយចំនួនចាប់អារម្មណ៍។ ក្នុងនោះ ខ្ញុំសូមឲ្យធ្វើការសិក្សា តើយើងអាចពិនិត្យក្នុងការ (មិនដល់ថ្នាក់ដេញថ្លៃ) តែលក្ខណៈធ្វើជាលិខិតផ្លូវការណាមួយ ដើម្បីស្នើសុំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ World Police and Fire Games 2027»

    «ជារួម សូមធ្វើការគិតទេ ព្រោះខ្ញុំមិនទាន់ដឹងថា ការដាក់ពាក្យ ឬស្នើសុំទាំងអស់នោះ ក្នុងទំហំប៉ុន្មាន? ប៉ុន្ដែខ្ញុំសូមលើកទឹកចិត្ត បើមិនបានក្នុងឆ្នាំ២០២៧ ក៏យើងអាចធ្វើឆ្នាំ២០២៩ ឬឆ្នាំ២០៣១ ឬឆ្នាំណាមួយ ក៏ជាមោទនភាពជាតិរបស់យើង ដែលប្រទេសធ្លាប់តែមានសង្គ្រាមរ៉ាំរ៉ៃ បញ្ហាផ្ទៃ តែឥឡូវយើងបានរៀបចំកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម កីឡាថ្នាក់ជាតិ-អន្ដរជាតិ និងកីឡាផ្សេងៗ ប្រកបដោយភាពជោគជ័យ និងធ្វើឲ្យពិភពលោកកាន់តែស្គាល់កម្ពុជា។ អ៊ីចឹងយើងចង់រៀបចំព្រឹត្តិការណ៍ធំៗនេះនៅកម្ពុជា»

    គួរដឹងថា យោងតាមរបាយការណ៍របស់លោក សរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានបង្ហាញថា កម្ពុជាបានចូលរួមប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក ៣ដងមកហើយ ដោយលើកទី១ ឆ្នាំ២០១៩ នៅប្រទេសចិន កម្ពុជាដណ្ដើមបានមេដាយសរុប ៤៦គ្រឿអ (មាស១៨ ប្រាក់១៧ និងសំរឹទ្ធ១១) និងលើកទី២ ឆ្នាំ២០២១ (លើកមករៀបចំនៅឆ្នាំ២០២២ ដោយសារជំងឺរាតត្បាតកូវីដ-១៩) នៅប្រទេសហូឡង់ កម្ពុជាទទួលបានមេដាយសរុប ៣៣គ្រឿង (មាស១៥ ប្រាក់៨ និងសំរិទ្ធ១០)។

    ដោយឡែកលើកទី៣ គឺការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យ ឆ្នាំ២០២៣ នៅប្រទេសកាណាដា ដែលកម្ពុជា បានបញ្ជូនប្រតិភូកីឡានគរបាលជាតិចំនួន ៤៨នាក់ចូលរួមប្រកួតលើ ១២ប្រភេទកីឡា កម្ពុជាដណ្ដើមបានមេដាយសរុបរហូតដល់ ៧១គ្រឿង រួមមានមេដាយមាស ៣៣ ប្រាក់ ២៩ និងសំរឹទ្ធ ៩គ្រឿង៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: