ម្ចាស់ពាន The voice រដូវកាលទី១! លោក ប៊ុត សីហា ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួនម្ដងទៀត
រាជធានីភ្នំពេញ៖ យោងតាមប្រភពពីអ្នកសារព័ត៌មានក្នុងស្រុក នៅមុននេះបន្តិច បានឱ្យដឹងថា តារាចម្រៀង លោក ប៊ុត សីហា ដែលត្រូវបានស្គាល់ថា ជាម្ចាស់ជ័យលាភីលេខ១ របស់កម្មវិធីប្រឡងចម្រៀង «The Voice Cambodia» រដូវកាលទី១ ត្រូវបានកម្លាំងនគរបាលស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀន រួមជាមួយបក្ខពួកម្នាក់ទៀត នៅម៉ោង០៤និង១០នាទីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅចំណុចភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាលស្រុកគងពិសី បានប្រាក់អ្នកព័ត៌មានក្នុងស្រុក បានឱ្យដឹងថា កម្លាំងនគរបាលស្រុកគងពិសី បានធ្វើការបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ រួមមាន៖
ទី០១- ឈ្មោះ ឆន វល្លិន ភេទ ប្រុស អាយុ៣៨ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី។
និងទី០២-ឈ្មោះ ប៊ុត សីហា ភេទ ប្រុស អាយុ២៩ឆ្នាំ (ដែលជាតារាចម្រៀងប្រឡងជាប់លេខ១ ក្នុងកម្មវិធីThe Voice Cambodia) រស់នៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
នៅមុនពេលឃាត់ខ្លួន ក្រុមជនសង្ស័យ គឺកម្លាំងនគរបាល បានធ្វើការល្បាតតាមមូលដ្ឋាន ក៏ប្រទះឃើញក្រុមជនសង្ស័យទាំងពីរនាក់ ដោយមានការសង្ស័យ ក៏ឃាត់សួរនាំ និងឆែកឆេរ ទើបរកឃើញនិងដកហូតបានម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន០៥កញ្ចប់ ក្នុងនោះ (០៣តូច និង០២មធ្យម), ទូរស័ព្ទ ០៣គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ បច្ចុប្បន្ននេះ ក្រុមជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបានការិយាល័យជំនាញ កំពុងកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕

