Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ រាជរដ្ឋាភិបាលនឹងប្រឹងប្រែង ជំរុញឱ្យតម្លៃដឹកជញ្ជូនចុះថោក តាមសំណើអ្នកវិនិយោគ

    BY Khmerpress September 13, 2023
    ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ រាជរដ្ឋាភិបាលនឹងប្រឹងប្រែង ជំរុញឱ្យតម្លៃដឹកជញ្ជូនចុះថោក តាមសំណើអ្នកវិនិយោគ

    (ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា បានគូសរំលេចថា រាជរដ្ឋាភិបាលកម្ពុជា នឹងប្រឹងប្រែងជំរុញឱ្យតម្លៃដឹកជញ្ជូនក្នុង ប្រទេសកម្ពុជា អាចប្រកួតប្រជែងជាមួយប្រទេសជិតខាង និងកុំឱ្យថ្លៃហួសហេតុ។ ឧប​នាយ​​ក​រដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល បានគូសរំលេចបែបនេះតបទៅនឹងសំណើរបស់អ្នក​វិនិយោគ​នៅកម្ពុជា។

    នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុល បានធ្វើដំណើរទៅ​កាន់​តំបន់​សេដ្ឋ​​កិច្ច​​ពិសេស​​​​ចំនួន៣នៅក្នុងខេត្តព្រះសីហនុ។ នេះជាបេសកកម្មលើកដំបូងរបស់​លោក​​ឧប​នាយក​រដ្ឋ​មន្ត្រីជាមួយតួនាទីថ្មី ក្នុងនីតិកាលថ្មីនៃរាជរដ្ឋាភិបាល។ ក្នុងបេសកកម្មនោះ លោក​ឧបនា​យក​រដ្ឋមន្ត្រី បានចុះទៅតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ, តំបន់សេដ្ឋ​កិច្ច​​ពិសេស​ក្រុង​ព្រះ​សីហនុ និងតំបន់សេដ្ឋកិច្ចពិសេស ខេម បូឌាន ចេជាង ហ្គ័រជី។

    លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជួបជាមួយថ្នាក់ដឹកនាំតំបន់សេដ្ឋកិច្ចពិសេសទាំងនោះ ស្តាប់នូវបញ្ហានានាដែលពួកគេកំពុងជួបប្រទះ។ មានបញ្ហាមួយចំនួនត្រូវបានលើកឡើងដោយ​ថ្នាក់​ដឹកនាំតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេស ខេម បូឌាន ចេ​ជាង ហ្គ័រជី។ ក្នុងចំណោមបញ្ហាដែលពួកគេលើកឡើងនោះ រួមមានតម្លៃដឹកជញ្ជូនផងដែរ។

    ឆ្លើយតបបញ្ហានេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលថ្មីដឹក​នាំ​ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហើយមានរូបលោក ជាប្រធានក្រុមប្រឹក្សាជាតិ​ភស្តុ​ភារ​កម្ម នឹងខិតខំជំរុញឱ្យតម្លៃដឹកជញ្ជូន អាចមានការប្រកួតប្រជែងជាមួយប្រទេសជិតខាង កុំ​ឱ្យ​ថ្លៃហួសហេតុពេក។

    បន្ថែមពីលើនោះ រាជរដ្ឋាភិបាល ក៏បានដាក់ទុនបន្ថែមបង្កើនការកសាងហេដ្ឋា​រចនាសម្ព័ន្ធ​ផ្សេងៗ​ដើម្បីជួយតភ្ជាប់ និងកាត់បន្ថយតម្លៃដឹកជញ្ជូន។ ហេដ្ឋារចនាសម្ព័ន្ធទាំងនោះមានដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត (កំពុងកសាង), ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប (កំពុង​សិក្សា)​, គម្រោងព្រែកជីកហ្វូណន-តេជោ, ផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត, ផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ ទៅក្រុងព្រះសីហនុជាដើម។

    លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញជំនឿចិត្តថា គម្រោងទាំងនេះ គឺជាគម្រោងធ្វើឱ្យ​តម្លៃ​ដឹក​ជញ្ជូននៅកម្ពុជាចុះថោក ហើយជួយដល់ការតភ្ជាប់នៃការដឹកជញ្ជូនក្នុងប្រទេសកាន់តែងាយ​ស្រួលផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: