Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមកីឡាការ៉ាតេកម្ពុជា ដណ្ដើមបានមេដាយ ៤គ្រឿងពីព្រឹត្តិការណ៍អន្ដរជាតិ នៅថៃ

    BY Khmerpress September 13, 2023
    ក្រុមកីឡាការ៉ាតេកម្ពុជា ដណ្ដើមបានមេដាយ ៤គ្រឿងពីព្រឹត្តិការណ៍អន្ដរជាតិ នៅថៃ

    (ភ្នំពេញ)៖ ក្រុមអត្តពលិកកីឡាការ៉ាតេកម្ពុជា ដណ្ដើមបានមេដាយសរុប ៤គ្រឿង រួមមានមេដាយមាស១ និងសំរឹទ្ធ ៣ ពីការប្រកួតអន្ដរជាតិ Thailand Open Karate Championship 2023 នៅទីក្រុងបាងកក ប្រទេសថៃ កាលពីសប្ដាហ៍កន្លងទៅ ។

    បេសកកម្មនេះដែរ ដឹកនាំដោយលោក ឈាង សុវណ្ណរតនា មេបញ្ជាការរងកងអន្តរាគមន៍ពិសេសទ័ពពិសេស២៤៦ និងជាប្រធានក្លិបការ៉ាតេ-ដូ ហនុមាន ប្រធានប្រតិភូតំណាងលោក ណុប វណ្ណថារ៉ូ អគ្គលេខាធិការរងសហព័ន្ធកីឡាការ៉ាតេកម្ពុជា ។

    ប្រធានប្រតិភូដដែល បានបញ្ជាក់ថា នេះជាលើកដំបូងហើយ ដែលក្រុមកីឡាការ៉ាតេកម្ពុជា ដណ្ដើមបានមេដាយមាសក្នុងព្រឹត្តិការណ៍អន្ដរជាតិខាងលើ ដែលសបញ្ជាក់ឲ្យឃើញភាពរីកចម្រើនថ្មីមួយទៀត សម្រាប់កីឡាការ៉ាតេ ក្រោយព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា កាលពីថ្មីៗ ។

    ចំពោះជយលាភីមេដាយទាំង ៤គ្រឿង រួមមានកីឡាការិនី ឆន ស្រីភាព ដណ្ដើមបានមេដាយមាស ១ លើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៥០គីឡូក្រាម ខណៈមេដាយសំរឹទ្ធ ៣គ្រឿង រកបានដោយកីឡាករ សូត ផានិត លើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៧៥គីឡូក្រាម, កីឡាករ ជ្រុន វិរៈបុត្រ ប្រកួតវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៦៧គីឡូក្រាម និងកីឡាករ ថេង គីមឈា ប្រកួតវិញ្ញាសាកាតាឯកត្តជនបុរស ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: