Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចេញសេចក្តីប្រកាសព័ត៌មាន ឆ្លើយតបការផ្សព្វផ្សាយព័ត៌មានមួយចំនួន ជុំវិញការចាប់ខ្លួនជនបរទេស ដែលទទួលបានសញ្ញាតិខ្មែរ ពាក់ព័ន្ធនឹងការសម្អាតប្រាក់នៅសឹង្ហបុរី

    BY Khmerpress September 15, 2023
    អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចេញសេចក្តីប្រកាសព័ត៌មាន ឆ្លើយតបការផ្សព្វផ្សាយព័ត៌មានមួយចំនួន ជុំវិញការចាប់ខ្លួនជនបរទេស ដែលទទួលបានសញ្ញាតិខ្មែរ ពាក់ព័ន្ធនឹងការសម្អាតប្រាក់នៅសឹង្ហបុរី

    វ(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយឆ្លើយតបនឹងការផ្សព្វផ្សាយព័ត៌មានអវិជ្ជមានមួយចំនួន ជុំវិញការចាប់ខ្លួនជនបរទេស ដែលទទួលបានសញ្ញាតិខ្មែរ ពាក់ព័ន្ធនឹងការសម្អាតប្រាក់ នៅប្រទេសសឹង្ហបុរី នាពេលថ្មីៗនេះ។

    យោងតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានលើកឡើងថា កន្លងមកមានសារព័ត៌មានមួយចំនួន បានធ្វើការផ្សព្វផ្សាយព័ត៌មាន ទាក់ទងនឹងការចាប់ខ្លួនជនបរទេស ដែលបានប្រព្រឹត្តបទល្មើសនៅប្រទេសសឹង្ហបុរី ពាក់ព័ន្ធនឹងការសម្អាតប្រាក់ (Money Laundering) ដោយព្យាយាមទាញភ្ជាប់បញ្ហានេះជាមួយជនបរទេសដែលទទួលបានសញ្ញាតិខ្មែរ ដោយសញ្ជាតូបនីយកម្ម។

    ជាការកត់សម្គាល់ ការផ្សព្វផ្សាយព័ត៌មានមួយចំនួនខាងលើមានចេតនាលម្អៀង បំផ្លើសខុសពីការពិត និងបានធ្វើឱ្យប៉ះពាល់ ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា លើឆាកអន្តរជាតិ។

    អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបញ្ជាក់ទៀតថា យោងតាមច្បាប់ស្តីពីសញ្ជាតិនៃព្រះរាជាណាចក្រកម្ពុជា ការផ្តល់សញ្ជាតិខ្មែរដល់ជនបរទេស ដោយសញ្ជាតូបនីយកម្ម ត្រូវបានធ្វើឡើងតាមរយៈការពិនិត្យ និងវាយតម្លៃយ៉ាងត្រឹមត្រូវ ស្របតាមនីតិវិធី និងគោលការណ៍ច្បាប់ជាធរមាន (រួមទាំងការវាយតម្លៃលើកិរិយាមាយាទ និងប្រវត្តិនៃការប្រព្រឹត្តបទល្មើស) ដោយពុំមានការរើសអើង ចំពោះជាតិសាសន៍ណាមួយឡើយ។ ចំពោះ ជនបរទេសដែលទទួលបានសញ្ជាតិខ្មែររួចហើយ ហើយបានប្រព្រឹត្តបទល្មើស ទោះជាស្ថិតនៅក្នុងប្រទេសក្តី ឬនៅក្រៅប្រទេសក្តី បុគ្គលនោះត្រូវទទួលខុសត្រូវដោយខ្លួនឯង ចំពោះមុខច្បាប់ ដែលបានកំណត់របស់ ប្រទេសនីមួយៗ។

    អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមបញ្ជាក់ជូនថា «បញ្ហាខាងលើ គឺជាបញ្ហារបស់បុគ្គលសុទ្ធសាធ ដែលកន្លងមកបានកើតឡើងជារឿយៗ បង្កដោយជនបរទេស នៅតាមបណ្ដាប្រទេសមួយចំនួនផ្សេងទៀត»។

    ជាមួយគ្នានេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានថ្លែងអំណរគុណដល់សាធារណជនទាំងអស់ ដែលបានឈ្វេងយល់ ចំពោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអវិជ្ជមានទាំងនេះ ហើយបានចូលរួមទប់ស្កាត់ នូវព័ត៌មានដែលមានចេតនា លម្អៀង និងបំផ្លើសខុសពីការពិត ក្នុងគោលបំណងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសជាតិកម្ពុជា៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: