Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា នាំចេញបង្កងកណ្តូបរស់ ជាលើកដំបូង ទៅកាន់ទីផ្សារចិន

    BY Nisaiy KP September 17, 2023
    កម្ពុជា នាំចេញបង្កងកណ្តូបរស់ ជាលើកដំបូង ទៅកាន់ទីផ្សារចិន

    (ភ្នំពេញ)៖ កម្ពុជា បាននាំចេញបង្កងកណ្តូបរស់ ចំនួន៤៥គីឡូក្រាម ជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន បន្ទាប់ទទួលបានការអនុញ្ញាត ពីរដ្ឋបាលគយចិន។ នេះបើតាមការបញ្ជាក់របស់លោកស្រី អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

    ការបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកស្រី អ៉ឹម រចនា អញ្ជើញជួបក្រុមអ្នកសារព័ត៌មាន មុនចុះទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយអំពីសហគ្រាសជលផល ក្រោ​មគម្រោង CAPFish នៅរាធានី-ខេត្ដចំនួន៤ រួមមាន៖ រាជធានីភ្នំពេញ, កណ្ដាល, កំពង់ធំ និងសៀមរាប នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ។


    លោកស្រី អ៉ឹម រចនា បានបញ្ជាក់យ៉ាងដូច្នេះថា «យើងបាននាំចេញជាលើកដំបូង នូវវារីរស់ (បង្កងកណ្ដូប) ទៅកាន់ទីផ្សារប្រទេសចិន ហើយការនាំចេញនេះ បានធ្វើឡើង កាលម្សិលមិញ ក្នុងបរិមាណ៤៥គីឡូក្រាម»។

    បើតាមការបញ្ជាក់ របស់លោកស្រី អ៉ឺម រចនា ការនាំចេញវារីស្រស់ (បង្កងកណ្ដូបពីរ) នេះ គឺបានធ្វើការនាំចេញ កាលពីម្សិលមិញ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។ ខណៈបច្ចុប្បន្ន បង្កងកណ្តូប ដែលនាំចេញនេះ ត្រូវបានដល់ប្រទេសចិនហើយ។

    កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ កម្ពុជា ក៏បាននាំចេញកំពឹសទឹកសាបបង្កក និងអន្ទង់បង្កក​ ទៅកាន់ទីផ្សារប្រទេសចិន ក្នុងបរិមាណសរុបចំនួន១០តោន ដែលជាផលិតផលជលផល របស់កម្ពុជា «ជើងដំបូង» ត្រូវបាននាំចេញ បន្ទាប់ទទួលបានការអនុញ្ញាតពីរដ្ឋបាលគយចិន។ ​

    សូមជម្រាបថា កាលពីខែឧសភា ឆ្នាំ២០២៣ ផលិតផលជលផលធម្មជាតិរបស់កម្ពុជា​ជាង១០ប្រភេទ ទទួលបានការអនុញ្ញាតឲ្យនាំចេញ ទៅកាន់ទីផ្សារប្រទេសចិន។ ផលិផល​ទាំងនោះរួមមាន៖​ កំពឹសទឹកសាប,​ ត្រីប្រាធំ, ត្រីប្រាខ្ចៅ,​ ខ្យងទឹកសាបពីរប្រភេទ, អន្ទង់ទឹកសាប, បង្កងកណ្តូបពីរប្រភេទ, បង្គាខ្លឹង,​ បង្គាស,​ និងបង្គាប៉ារ៉ា​៕ ផ្ដល់សិទ្ធិដោយ៖ Freshnews





    Share This Post: