អង្គការយូណេស្កូ សម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក
(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ ប្រព្រឹត្តទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។

កន្លងមកប្រាសាទកម្ពុជា ដែលត្រូវបានចុះជាសម្បត្តិបេតិកភណ្ឌពិភពលោក រួមមាន តំបន់អង្គរ (Angkor Zone) ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ៤០,០០០ហិកតា, ប្រាសាទព្រះវិហារ (Temple of Preah Vihear) ចុះបញ្ជីឆ្នាំ២០០៨ ទំហំ២,៦៤៣ហិកតា និងតំបន់ប្រាសាទសំបូរព្រៃគុក (Temple Zone of Sambor Prei Kuk) ចុះបញ្ជីនៅឆ្នាំ២០១៧ ទំហំ៣៩,០០០ហិកតា។
សូមជម្រាបថា រមណីយដ្ឋានប្រាសាទកោះកេរ ជាអតីតរាជធានីរបស់ខ្មែរ ដែលស្ថិតក្នុងរាជព្រះបាទជ័យវម៌្មទេវទី៤ ក្នុងកំឡុងស.វ.ទី១០ ក្នុងឆ្នាំ ៩២៨ រហូតដល់ឆ្នាំ ៩៤១ នៃគ.ស.។ ព្រះអង្គ បាននាំយកព្រះសេវលិង្គ ដែលជាទេពសម្រាប់រាជ្យ (ខ្មែរបុរាណហៅថា «កម្រតេងជគតតរាជ» ឬភាសាសំស្រ្តឹតហៅថា«ទេវរាជ» មកតម្កល់នៅទីស្ថានថ្មីនេះ។ ដល់ឆ្នាំ៩២៨ ព្រះបាទជ័យវម៌្មទេវទី៤ឡើងសោយរាជ្យ ពេញលេញក្រោយពីព្រះបាទឥសានវម៌្មទេវទី២ ដែលជាក្មួយរបស់ព្រះអង្គ ហើយសោយរាជ្យនៅរាជធានីអង្គរបានចូលទវង្គតទៅ។
បន្ទាប់ពីឡើងសោយរាជ្យផ្លូវការហើយ ព្រះអង្គបានធ្វើឲ្យតំបន់កោះកេរ ក្លាយជារាជធានី ដែលជាមជ្ឈមណ្ឌលនយោបាយធំនៅសម័យនោះ។ ចំណែក ប្រាសាទផ្សេងៗទៀត កសាងឡើងសម្រាប់តម្កល់បដិមាសំខាន់ៗ ដែលមានទំហំធំៗប្រកបដោយសោភ័ណ្ឌភាព និងកាយវិការយ៉ាងរស់រវើក។ បដិមាទាំងនោះមានដូចជាព្រះឥសូររាំ, ព្រះព្រហ្ម, ព្រះនារាយណ៍ និងក៏ដូចជាបដិមាមួយក្រុមដែលបានបង្ហាញជាឈុតមួយនៃការប្រយុទ្ធគ្នារវាងក្រុមបណ្ឌព និងក្រុមកោរព នៃរឿងមហាភារត។
តាមរយៈសិលាចារឹក បានឲ្យដឹងថារាជធានីនេះមានឈ្មោះដើមជាភាសាសំស្រ្កឹតថា លិង្គបុរ និងមានឈ្មោះមួយទៀតហៅថា ឆោកគគ៌្យ។ ឆោកគគ៌្យ នេះដែលមានអ្នកប្រាជ្ញជាតិ និងអន្តរជាតិមួយចំនួនប្រែថា ស្រះគគីរ គោកគគីរ ឬអ្នកខ្លះទៀតក៏បានប្រែថាជាកោះគគីរ។ ប៉ុន្តែក្រោយមកក៏មានការយល់ស្របគ្នាដោយហៅមកជា កោះកេរ មកដល់សព្វថ្ងៃ។
ក្រោយពីព្រះបាទជ័យវម៌្មទេវទី៤ បានសោយព្រះទិវង្គតនៅឆ្នាំ៩៤១ទៅ ព្រះរាជបុត្ររបស់ព្រះអង្គ មានព្រះនាមថា ហសវម៌្មទេវទី២ សោយរាជ្យបន្តបានតែ២-៣ឆ្នាំប៉ុណ្ណោះ។ នៅឆ្នាំ៩៤៤ ព្រះបាទរាជេន្រ្ទវម៌្មទេវទី២ ដែលជាក្មួយរបស់ព្រះបាទជ័យវម៌្មទេវទី៤ ឡើងសោយរាជ្យបន្តហើយបានប្តូររាជធានីពីកោះកេរនេះទៅរាជធានីអង្គរឡើងវិញ។
រាជធានីកោះកេរនេះ មានផ្ទៃក្រឡាប្រហែលជា ៤០០០ហិចតា ដែលក្នុងនោះមានការរៀបចំក្រុងជាមួយ និងរចនាសម្ព័នផ្លូវថ្នល់ រហាល ស្រះ សំណង់រក្សាទឹក ពិសេសការៀបចំប្រព័ន្ធទឹកឲ្យសមស្របជាមួយទីតាំងភូមិសាស្ត្រ។ ក្រៅពីនេះក្នុងរាជធានីកោះកេរ ក៏មានជាសំណង់ស្ថាបត្យកម្មសំខាន់ៗមួយចំនួនទៀតដូចជា រាជវាំង ប្រាសាទរាជសម្រាប់ព្រះរាជាគោរពបូជា ប្រាសាទសម្រាប់ឧទ្ទិសទៅកាន់បុព្វការរីជន ប្រាសាទសម្រាប់សារធារណៈជនគោរពបូជា សំណង់មន្ទីរពេទ្យ។
ព្រះអង្គបានកសាងហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តដូចជាទំនប់ទឹក, រហាល, ត្រពាំងតូច ធំ ជាច្រើន និងកសាងប្រាសាទជាច្រើនក្នុងរាជធានីថ្មីនេះដូចជាប្រាសាទធំ ដែលជាស្ថាបត្យកម្មលេចធ្លោនៅកោះកេរនេះ។ មិនតែប៉ុណ្ណោះក្នុងរាជធានីកោះកេរ ក៏មានជាកន្លែងធ្វើឧស្សាហកម្មអំពីដែក ក៏ដូចជាការឧស្សាហកម្មផលិតកុលាលភាជន៍សម្រាប់បម្រើលើការប្រើប្រាស់ និងផ្គត់ផ្គង់ទៅលើមនុស្សក្នុងតំបន់ក៏ដូចជានាំចេញដែរ។
ក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ មានប្រាសាទចំនួន ៧៦ ប្រាសាទ និង ស្ថានីយបុរាណចំនួន ៥១ស្ថានីយ។ តំបន់កោះកេរ នៅតែជាសហគមន៍មនុស្សរស់នៅក្នុងសម័យអង្គរជាហូរហែពីសតវត្សទី៩ដល់សតវត្សទី១៥ ទោះបីទីនេះលែងមានតួនាទីជារាជធានីធំដុំចាប់ពីឆ្នាំ៩៤៤ក៏ដោយ។
មូលហេតុ ដែលរមណីយដ្ឋានកោះកេរនេះនៅតែមានតួនាទីសំខាន់ គឺអាចមកពីទីនេះស្ថិតនៅតាមបណ្ដោយផ្លូវធំបុរាណ ដែលតភ្ជាប់ពីរាជធានីអង្គរទៅតំបន់វត្តភូ (សព្វថ្ងៃក្លាយជាទឹកដីឡាវ) និងតភ្ជាប់ទៅទីតាំងផ្សេងទៀតនៅក្នុងអាណាចក្រខ្មែរជំនាន់នោះ។
រមណីយដ្ឋានប្រាសាទកោះកេរ ដើម្បីទទួលបានចំណាត់ថ្នាក់ដែលអាចចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកបាន ដោយយោងតាមលក្ខណៈវិនិច្ឆ័យទី២ និង ទី៤ ក្នុងចំណោមលក្ខណៈវិនិច្ឆ័យទាំង១០ ដែលបានចែងរបស់អង្គការយូណេស្កូ។ ក្នុងនោះដែរ លក្ខណៈវិនិច្ឆ័យទី២ គឺបានបង្ហាញអំពីការផ្លាស់ប្តូរនូវតម្លៃមនុស្សជាតិ ដែលបានកំណត់យ៉ាងច្បាស់លាស់ទៅលើការអភិវឌ្ឍលើវិស័យស្ថាបត្យកម្ម បចេ្ចកទេសបង្ហាញពីសិល្បៈខ្នាតធំ និងមានផែនការការរៀបចំក្រុងច្បាស់លាស់។ ចំពោះលក្ខណៈវិនិច្ឆ័យទី៤ គឺបានបង្ហាញជាំគំរូមួយនៃបណ្តុំសំណង់ស្ថាបត្យកម្ម ដែលបានបែងចែកជាដំណាក់កាលដ៏មានសារៈសំខាន់ ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។
ជាមួយគ្នានេះ ក្នុងការចុះរមណីយដ្ឋាន ប្រាសាទកោះកេរនេះ បានយោងទៅលើគុណតម្លៃដូចជា ស្នាដៃរួមបញ្ចូលគ្នារវាងលក្ខណៈភូមិសាស្រ្ត និងរចនាសម្ព័នថ្មីមួយ ដែលបានរំលេចចេញជាក្រុងមួយច្បាស់លាស់។ មួយវិញទៀត រចនាសម្ព័ននៃប្រព័ន្ធទឹក បានបន្តបម្រើនូវការប្រើប្រាស់របស់អ្នកស្រុកពីសម័យបុរាណមកដល់បច្ចុប្បន្ននេះ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews





